កីឡាជាតិ
ជាតិ
រដ្ឋាភិបាលកម្ពុជា បង្កើតទីភ្នាក់ងារប្រឆាំងដូប៉ា ក្នុងបំណងទប់ស្កាត់សារធាតុហាមឃាត់ក្នុងកីឡា
25, Mar 2024 , 3:59 pm        
រូបភាព
ក្រុមកីឡាកាយវប្បកម្មកម្ពុជា អំឡុងពិធីបើកកីឡាជាតិ
ក្រុមកីឡាកាយវប្បកម្មកម្ពុជា អំឡុងពិធីបើកកីឡាជាតិ
រដ្ឋាភិបាលកម្ពុជា សម្រេចឱ្យបង្កើតទីភ្នាក់ងារកម្ពុជាប្រឆាំងដូប៉ា (ទ.ក.ប.ដ.) Cambodia Anti-Doping Agency (CADA) ដើម្បីចូលរួមអនុវត្ត អនុសញ្ញាអន្តរជាតិប្រឆាំងការប្រើប្រាស់សារធាតុហាមឃាត់ក្នុងវិស័យកីឡា។ ថ្នាក់ដឹកនាំក្នុងស្ថាប័ននេះ ភាគច្រើនជាវេជ្ជបណ្ឌិត។



តាមរយៈសេចក្តីប្រកាសរបស់ក្រសួងអបរំ យុវជន និងកីឡា ដែលបានបង្ហោះលើផេកហ្វេសប៊ុកផ្លូវការរបស់ខ្លួននៅថ្ងៃទី២៥ ខែមីនា នាយករដ្ឋមន្ត្រីកម្ពុជា សម្តេច​​ ហ៊ុន​​ ម៉ាណែត បានយល់ព្រមតាមការស្នើរបស់លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីអប់រំ ឱ្យមានការបង្កើតទីភ្នាក់ងារកម្ពុជាប្រឆាំងដូប៉ា ទ.ក.ប.ដ. នេះឡើង។
 
CADA បង្កើតឡើងក្នុងគោលបំណង ប្រឆាំង និងផ្តល់ចំណេះដឹងផ្នែកវេជ្ជសាស្ត្រលើការប្រើប្រាស់ថ្នាំពេទ្យ ឬសារធាតុមួយចំនួន ដែលមានពាក់ព័ន្ធសារធាតុហាមឃាត់ក្នុងវិស័យកីឡា សម្រាប់អ្នកប្រើប្រាស់ជាអត្តពលិក។
 
ស្ថាប័ន ទ.ក.ប.ដ. មានតួនាទីជាសេនាធិការរបស់រាជរដ្ឋាភិបាលលើការអនុវត្តអនុសញ្ញាអន្តរជាតិប្រឆាំងនឹង ការប្រើប្រាស់សារធាតុដូប៉ាក្នុងវិស័យកីឡា និងមានភារកិច្ចដូចជា៖ រៀបចំគោលនយោបាយ ផែនការយុទ្ធសាស្ត្រ ផែនការសកម្មភាព បទប្បញ្ញត្តិផ្សេងៗពាក់ព័ន្ធនឹង ការប្រឆាំងសារធាតុហាមឃាត់ក្នុងវិស័យកីឡា។
 
ផ្សព្វផ្សាយបទប្បញ្ញត្តិដទៃទៀត និងអនុម័តលក្ខន្តិកៈប្រឆាំងសារធាតុហាមឃាត់ក្នុងវិស័យកីឡា។ ស្រាវជ្រាវនិងចងក្រង កម្មវិធីប្រឆាំងដូប៉ាក្នុងវិស័យកីឡា។ ស្រាវជ្រាវសារធាតុ និងវិធីសាស្ត្រដែលត្រូវបានហាមឃាត់ ក្នុងកីឡា។ ផ្សព្វផ្សាយបញ្ជីសារធាតុ និងវិធីសាស្ត្រដែលត្រូវបានហាមឃាត់។ ត្រួតពិនិត្យការអនុវត្តអនុសញ្ញាអន្តរជាតិប្រឆាំងនឹងការប្រើប្រាស់សារធាតុដូប៉ាក្នុងវិស័យកីឡា និង ក្រុមប្រឆាំងដូប៉ាពិភពលោក។
 
រៀបចំរបាយការណ៍ស្តីពីការអនុវត្តអនុសញ្ញាអន្តរជាតិប្រឆាំងនឹងការប្រើប្រាស់សារធាតុដូប៉ាក្នុង វិស័យកីឡា ជូនអង្គការយូណេស្កូនិងអង្គការអន្តរជាតិដែលពាក់ព័ន្ធ។ ត្រួតពិនិត្យការអនុវត្តលក្ខន្តិកៈប្រឆាំងដូប៉ារបស់សហព័ន្ធកីឡាជាតិ និងសហព័ន្ធកីឡាដទៃទៀត។ លើកទឹកចិត្តក្រសួង ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន ដៃគូសហការ និងអង្គការមិនមែនរដ្ឋាភិបាល ចូលរួមការប្រឆាំងដូប៉ាក្នុងវិស័យកីឡា។
 
ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តលក្ខន្តិកៈប្រឆាំងដូប៉ារបស់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ។ ចូលរួមប្រជុំពាក់ព័ន្ធនឹងការប្រឆាំងដូប៉ាក្នុងវិស័យកីឡាកម្រិតជាតិ តំបន់ និងអន្តរជាតិ។
 
ថ្នាក់ដឹកនាំ គណៈកម្មការគ្រប់គ្រងលទ្ធផល និងការដាក់ពិន័យក្នុងសា្ថប័នទីភ្នាក់ងារប្រឆាំងដូប៉ា រួមមាន មេធាវី (៣រូប) វេជ្ជបណ្ឌិត (៣រូប) អតីតមន្ត្រីកីឡា (១រូប) អតីតអត្តពលិក (១រូប) និងអ្នកជំនាញបច្ចេកទេសពាក់ព័ន្ធ (២រូប)។ 
 
ដោយឡែក សម្រាប់គណៈកម្មការលើកលែងការប្រើប្រាស់ថ្នាំព្យាបាល និងក្រុមប្រឆាំងដូប៉ាពិភពលោក ភាគច្រើនជ្រើសរើសពីក្រសួងសុខាភិបាល ដែលរួមមានតំណាងក្រសួងសុខាភិបាល (១រូប) វេជ្ជបណ្ឌិតឯកទេស (១រូប) វិជ្ជបណ្ឌិត (៥រូប) និងអ្នកជំនាញបច្ចេកទេសពាក់ព័ន្ធ (៣រូប)។ 
 
គណៈកម្មការនេះ មានតួនាទី ពិនិត្យបញ្ជីសារធាតុនិងវិធីសាស្ត្រដែលត្រូវបានហាមឃាត់ក្នុងវិស័យកីឡា។ ពិនិត្យ តាមដាន និងផ្តល់ការលើកលែងប្រើប្រាស់ថ្នាំព្យាបាល។ ពិនិត្យនិងវាយតម្លៃប្រភេទជំងឺ និងថ្នាំដែលអត្តពលិកស្នើសុំប្រើប្រាស់សម្រាប់ព្យាបាល។ សម្រេចលើការស្នើសុំប្រើប្រាស់ថ្នាំព្យាបាលរបស់អត្តពលិក។ រៀបចំរបាយការណ៍ប្រចាំឆ្នាំស្តីពីការអនុវត្តអនុសញ្ញាអន្តរជាតិប្រឆាំងនឹងការប្រើប្រាស់សារធាតុដូប៉ា ក្នុងវិស័យកីឡា ពាក់ព័ន្ធនឹងការប្រើប្រាស់ថ្នាំនិងវិធីសាស្ត្រដែលត្រូវបានហាមឃាត់ ជូន ទ.ក.ប.ជ.។
 
មន្ត្រីរាជការ ដែលបម្រើការងារនៅលេខាធិការដ្ឋានគណៈកម្មាធិការប្រឆាំងដូប៉ាកម្ពុជា ត្រូវផ្ទេរទៅបំពេញតួនាទីនៅទីភ្នាក់ងារកម្ពុជាប្រឆាំងដូប៉ាវិញ៕

Tag:
 CADA
  ដូប៉ា
© រក្សាសិទ្ធិដោយ thmeythmey.com