សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
នាយករដ្ឋមន្រ្តីចិនថា ហានិភ័យសេដ្ឋកិច្ចបច្ចុប្បន្នមិនធ្ងន់ធ្ងរពេកទេ លោក លី ឈាំង នាយករដ្ឋមន្រ្តីចិន ។ រូបភាព ៖ AFP
× នាយករដ្ឋមន្ត្រីចិន លី ឈាំង បានរំងាប់កង្វល់អ្នកវិនិយោគអំពីហានិភ័យក្នុងវិស័យអចលនទ្រព្យ និងបំណុលរដ្ឋាភិបាលក្នុងតំបន់។ ប្រមុខរដ្ឋាភិបាលចិនរូបនេះថា ខ្លួនកំពុងបង្កើតគោលនយោបាយគាំទ្រ។
នៅតែមានកន្លែងច្រើនសម្រាប់គោលនយោបាយម៉ាក្រូ ពីព្រោះអតិផរណាបច្ចុប្បន្នមានកម្រិតទាប ហើយបំណុលរបស់រដ្ឋាភិបាលមិនខ្ពស់ទេ។ លោក លី ឈាំង នាយករដ្ឋមន្រ្តីចិន ថ្លែងបែបនេះនៅក្នុងវេទិកាអភិវឌ្ឍន៍ចិននាថ្ងៃទី២៤ ខែមីនា ។
លោក លី បានទទួលស្គាល់ថា បច្ចុប្បន្ននេះ អ្នកវិនិយោគជាច្រើនមានការព្រួយបារម្ភអំពីហានិភ័យក្នុងវិស័យអចលនទ្រព្យ និងបំណុលរដ្ឋាភិបាលក្នុងស្រុក។ ទោះជាយ៉ាងណាលោកបានលើកឡើងថា ការលំបាក និងបញ្ហាមួយចំនួនមិនធ្ងន់ធ្ងរពេកនោះទេ។
ចាប់តាំងពីដើមឆ្នាំមក សេដ្ឋកិច្ចធំទីពីររបស់ពិភពលោកបានកត់សម្គាល់សញ្ញាណវិជ្ជមានជាច្រើន។ ការនាំចេញ ផលិតកម្មឧស្សាហកម្ម ការវិនិយោគ... លើសពីការព្យាករ។ នេះកាត់បន្ថយសម្ពាធលើមន្ត្រីដែលខិតខំបន្ថែមគោលនយោបាយជំរុញសេដ្ឋកិច្ចក្នុងរយៈពេលខ្លី។ យ៉ាងណាមិញសេដ្ឋវិទូយល់ថា ចិនត្រូវការការគាំទ្រគោលនយោបាយបន្ថែមទៀត ដើម្បីសម្រេចបាននូវគោលដៅកំណើនរបស់ខ្លួនក្នុងរង្វង់ ៥ភាគរយនៅឆ្នាំនេះ។
ក្នុងរយៈពេលវែង ចិនអាចប្រឈមបញ្ហាជាច្រើន រាប់ចាប់ពីវិបត្តិបរិត្តផរណាដែលអូសបន្លាយតាំងពីទសវត្សរ៍ឆ្នាំ១៩៩០, វិបត្តិអចលនទ្រព្យរហូតដល់ការធ្លាក់ចុះទំនុកចិត្តវិនិយោគិនបរទេស។
កាលពីឆ្នាំមុន ការវិនិយោគផ្ទាល់ពីបរទេស(FDI) ក្នុងប្រទេសចិនបានធ្លាក់ចុះដល់កម្រិតទាបក្នុងរយៈពេល ៣០ឆ្នាំ។ មូលហេតុដោយសារតែភាពតានតឹងភូមិសាស្ត្រនយោបាយ និងអត្រាការប្រាក់ខ្ពស់។ នៅឆ្នាំនេះ មន្ត្រីចិនបានសន្យាថា នឹងផ្តោតលើការទាក់ទាញការវិនិយោគពីខាងក្រៅ។
ទន្ទឹមនេះ នៅក្នុងវេទិកាដដែល នាយកមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) លោកស្រី Kristalina Georgieva បាននិយាយថា ផលិតផលក្នុងស្រុកសរុប (GDP ) របស់ចិនអាចកើនខ្ពស់ក្នុងរយៈពេល ១៥ឆ្នាំខាងមុខ ប្រសិនបើប្រទេសនេះអនុវត្តកំណែទម្រង់ច្រើនរួមទាំងអចលនទ្រព្យ និងការប្រើប្រាស់ក្នុងស្រុក ទីតាំង បរិយាកាសវិនិយោគ ក្របខ័ណ្ឌគោលនយោបាយ និងតម្លៃអគ្គិសនី។
លោកស្រីបានបន្តថា៖ «ជាមួយនឹងកំណែទម្រង់ដ៏ទូលំទូលាយ ចិនអាចរីកចម្រើនលឿនជាងមុន»។ IMF ប៉ាន់ប្រមាណថា GDP របស់ចិនអាចកើនឡើង ៣៥០០ពាន់លានដុល្លារ ប្រសិនបើប្រទេសនេះកំណែទម្រង់៕
Tag:
ចិន
លី ឈាំង
នាយករដ្ឋមន្ត្រី
សេដ្ឋកិច្ច
© រក្សាសិទ្ធិដោយ thmeythmey.com