អន្តរជាតិ
មន្រ្តី​ចិន​ថា ទំនាក់ទំនងជាមួយហ្វីលីពីនស្ថិតក្នុងការសម្រេចចិត្តដ៏សំខាន់
26, Mar 2024 , 11:59 am        
រូបភាព
នាវាល្បាតចិន។ រូបភាព AFP
នាវាល្បាតចិន។ រូបភាព AFP
អនុរដ្ឋមន្ត្រីការបរទេសចិន លោក Chen Xiaodong នៅថ្ងៃទី២៥ ខែមីនា បានមានប្រសាសន៍ថា ទំនាក់ទំនងចិន និងហ្វីលីពីននៅក្នុងពេលបច្ចុប្បន្ន កំពុងស្ថិតក្នុងការសម្រេចចិត្តដ៏សំខាន់ ហើយភាគីហ្វីលីពីនត្រូវ តែចាត់វិធានការប្រុងប្រយ័ត្នចំពោះការជ្រើសរើសផ្លូវដែលត្រូវឆ្ពោះទៅមុខ ដើម្បីបង្ការផលវិបាកនៅពេលខាងមុខ។

 
ទំនាស់ក្នុងសមុទ្រចិនខាងត្បូង បានធ្វើឱ្យទំនាក់ទំនងក្រុងប៉េកាំង និងក្រុងម៉ានីលធ្លាក់ចុះយ៉ាងខ្លាំង។ ប្រទេសទាំងពីរ តែងប្រើពាក្យសម្តីខ្លាំងៗដាក់គ្នា ក្រោយនាវាល្បាតចិនបាញ់ទឹកដាក់ទូកហ្វីលីពីន។ 
 
តាមរយៈសេចក្តីថ្លែងការណ៍ក្រសួងការបរទេសចិនចេញនៅថ្ងៃទី២៥ ខែមីនា អនុរដ្ឋមន្ត្រីការបរទេសលោក​ Chen Xiaodong បានសន្ទនាតាមទូរស័ព្ទជាមួយសមភាគីហ្វីលីពីន លោស្រី Theresa Lazaro។ ជំនួបទ្វេភាគីនេះ ធ្វើឡើងស្របពេលប្រទេសទាំងពីរមានជម្លោះនៅតំបន់ Thomas Shoal ទីពីរស្ថិតនៅប្រជុំកោះ Spratly  នៃសមុទ្រចិនខាងត្បូង។
 
«ចិនជាថ្មីម្តងទៀតជំរុញឱ្យហ្វីលីពីនគោរពការប្តេជ្ញា និងការព្រមព្រៀង, បញ្ឈប់ការបំពានដែនសមុទ្រ និងការញុះញង់, បញ្ឈប់សកម្មភាពឯកតោភាគីណាមួយដែលអាចធ្វើឱ្យស្ថានការណ៍ស្មុគស្មាញ»។ លោក Chen សង្កត់ធ្ងន់បែបនេះ រួចបន្តថា ហ្វីលីពីន គួរតែដោះស្រាយការខ្វែងគំនិតគ្នាឱ្យបានត្រឹមត្រូវ តាមរយៈកិច្ចពិភាក្សា និងចរចាជាមួយខ្លួន។ 
 
ទន្ទឹមនេះ ក្រសួងការបរទេសហ្វីលីពីនបានចេញសេចក្តីថ្លែងការណ៍មួយថា លោកស្រី Lazaro បានបញ្ជាក់ឡើងវិញចំពោះមុខសមភាគីចិន ក្នុងការតវ៉ាដ៏ខ្លាំងក្លាបំផុតរបស់ទីក្រុងម៉ានីល ប្រឆាំងនឹងសកម្មភាពឈ្លានពានដោយឆ្មាំសមុទ្រចិន និងកងជីវពលដែនសមុទ្រដែល រាំងស្ទះដល់បេសកកម្មផ្គត់ផ្គង់ឡើងវិញរបស់ហ្វីលីពីននៅសមុទ្រចិនខាងត្បូង។
 
សូមបញ្ជាក់ថា ចិនបានទាមទារដែនទឹកស្ទើរតែ ៩០ភាគរយ នៅក្នុងសមុទ្រចិនខាងត្បូង ដោយផ្អែកលើព័ស្តុតាងប្រវត្តិសាស្រ្ត និងច្បាប់អន្តរជាតិ។ ការច្បាមយកដែនទឹកដ៏ធំបែបនេះ បានធ្វើឱ្យបណ្តាប្រទេសអាស៊ានតវ៉ាជាខ្លាំង៕ 

Tag:
 ចិន
  ហ្វីលីពីន
© រក្សាសិទ្ធិដោយ thmeythmey.com