កប៉ាល់ដឹកទំនិញមួយគ្រឿងបានបើកបុកធ្នឹមស្ពាន Francis Scott Key នៅទីក្រុង Baltimore រដ្ឋ Maryland បណ្តាលឲ្យស្ពានបាក់ ហើយរថយន្តជាច្រើនគ្រឿងបានធ្លាក់ចូលទៅក្នុងទន្លេ។ ពេលនេះ អាជ្ញាធរអាម៉េរិក កំពុងស្វះស្វែងរកជនរងគ្រោះធ្លាក់ក្នុងទន្លេ។
វីដេអូនៅលើបណ្តាញសង្គមបង្ហាញពីកប៉ាល់ដឹកទំនិញដ៏ធំមួយបានបើកស្ពាន Francis Scott Key នៅម៉ោងប្រហែល១:៣០នាទីព្រឹក នាថ្ងៃទី២៦ ខែមីនា បណ្តាលឱ្យស្ពានដ៏វែងមួយនេះបាក់រលំក្នុងទន្លេ Patapsco ។
មនុស្សយ៉ាងតិច២០នាក់ និងរថយន្តជាច្រើនគ្រឿងបានធ្លាក់ចូលទៅក្នុងទន្លេ។ កប៉ាល់បំពាក់ទង់ជាតិសិង្ហបុរីនេះ ក៏បានឆេះដែរបន្ទាប់ពីបុកប៉ះទៅនិងធ្នឹមស្ពាន។
មន្ត្រីក្នុងតំបន់បាននិយាយថា កប៉ាល់ដែលបង្កឧបទ្ទវហេតុនោះមានឈ្មោះ Dali ។ តាមទិន្នន័យពី MarineTraffic បានឲ្យដឹងថា Dali ជាប្រភេទកប៉ាល់កុងតឺន័រដែលមានទង់ជាតិសិង្ហបុរី ដោយធ្វើដំណើរពីកំពង់ផែ Baltimore ទៅកាន់ទីក្រុង Colombo ស្រីលង្កា។
នាយកដ្ឋានដឹកជញ្ជូនរដ្ឋ Maryland បានបង្ហោះនៅលើបណ្តាញសង្គម X ថា ៖«គន្លងទាំងអស់ត្រូវបានបិទក្នុងទិសដៅទាំងពីរ។ ចរាចរណ៍កំពុងត្រូវបានបង្វែរ»។
Francis Scott Key ជាស្ពានដែកដែលលាតសន្ធឹងតាមដងទន្លេ Patapsco ដែលដឹកជញ្ជូនតភ្ជាប់ទៅកាន់កំពង់ផែ Baltimore ដែលបម្រើដល់តម្រូវការការដឹកជញ្ជូនទំនិញតាមឆ្នេរសមុទ្រភាគខាងកើតអាម៉េរិក។ ស្ពាននេះត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៧៧ មាន ៤ផ្លូវ និងមានប្រវែង២,៥គីឡូម៉ែត្រដែលដាក់ឈ្មោះតាមអ្នកនិពន្ធភ្លេងជាតិអាម៉េរិក។
លោក Kevin Cartwright ប្រធានផ្នែកទំនាក់ទំនងផ្លូវការនៃនាយកដ្ឋានពន្លត់អគ្គីភ័យទីក្រុង Baltimore បាននិយាយថា ឧបទ្ទវហេតុនេះបានកើតឡើងខណៈពេលដែលមានរថយន្តជាច្រើននៅលើស្ពាន រួមទាំងត្រាក់ទ័រ។ យើងកំពុងផ្តោតអារម្មណ៍លើការជួយជនរងគ្រោះ។
បើតាមលោក Cartwright អ្នកពន្លត់អគ្គីភ័យកំពុងសម្របសម្រួលជាមួយឆ្មាំឆ្នេរសមុទ្រអាម៉េរិក និងក្រុមអ្នកជំនាញមុជទឹក ដើម្បីស្វែងរកអ្នកបាត់ខ្លួន ខណៈដែលសីតុណ្ហភាពនៅក្នុងតំបន់កំពង់ផែគឺ -១អង្សាសេ។
លោកបានបន្តថា៖ «សីតុណ្ហភាពក្នុងទន្លេពិតជាមានកម្រិតទាបជាងនេះដែលអាចបង្កគ្រោះថ្នាក់ដល់ជនរងគ្រោះក៏ដូចជាអ្នកមុជទឹក»៕