ជាតិ
ចិនផ្ដល់ជំនួយជាង៤លានដុល្លារ សម្រាប់គម្រោងលុបបំបាត់គ្រាប់មីននៅកម្ពុជា
28, Mar 2024 , 7:59 pm        
រូបភាព
 រូបពី CMAC
រូបពី CMAC
ភ្នំពេញ៖ រដ្ឋាភិបាលចិន បានផ្ដល់ហិរញ្ញប្បទានឥតសំណងចំនួន៤,៤លានដុល្លារ​ ដើម្បីគាំទ្រមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា(CMAC) អនុវត្ត«គម្រោងជំនួយចិនលុបបំបាត់គ្រាប់មីននៅកម្ពុជា»​នៅឆ្នាំ២០២៤។ 



លោក ហេង រតនា អគ្គនាយក​នៃមជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា នៅថ្ងៃទី២៨ ខែមីនា បានបញ្ជាក់ថា គម្រោងនេះ មានផែនការបន្តកិច្ចប្រតិបត្តិការបោសសម្អាតមីន និងសំណល់យុទ្ធភណ្ឌសង្គ្រាម ក្នុងខេត្តចំនួន៣ រួមមាន ខេត្តកំពង់ធំ ខេត្តសៀមរាប និងខេត្តព្រះវិហារ។ 
 
បេសសកម្មនេះ ផ្ដោតលើការបោសសម្អាតផ្ទៃដីមានបញ្ហាគ្រាប់មីន និងសំណល់យុទ្ធភណ្ឌ សង្គ្រាមជាង៣.៤០០ហិកតា, ការស្រាវជា្រវនិងប្រមូលព័ត៌មានអំពីសំណល់យុទ្ធភណ្ឌសង្គ្រាម និងគ្រាប់បែកចង្កោម៩០០០ពហុកោណ​ និងការពង្រឹងសមត្ថភាពថ្នាក់ក្រោមជាតិ លើការងារអប់រំយល់ដឹងពីគ្រោះថ្នាក់ដោយសារមីន និងសង្គ្រោះជនពិការ ដោយសារមីន​៣០០គោលដៅ​។
 
បើតា​ម CMAC គម្រោងនេះ អាចផ្តល់ផលប្រយោជន៍ដោយផ្ទាល់ និងដោយប្រយោលដល់ពលរដ្ឋប្រមាណ៧០ម៉ឺននាក់។ សូមបញ្ជាក់ថា​ នេះជាជំនួយឆ្នាំទី២ នៃគម្រោងជំនួយរយៈពេល៣ឆ្នាំ​ របស់រដ្ឋាភិបាលចិន ដែលមានហិរញ្ញប្បទានសរុប១៣.២លានដុល្លារ។ 
 
បច្ចុប្បន្ន មាន១៥ខេត្តហើយក្នុងប្រទេសកម្ពុជា ដែលបានប្រកាសអស់មីនទាំងស្រុង ក្នុងនោះរួមមាន ខេត្តស្ទឹងត្រែង កែប ព្រៃវែង ភ្នំពេញ ព្រះសីហនុ ត្បូងឃ្មុំ កំពង់ចាម ស្វាយរៀង កំពង់ឆ្នាំង កណ្តាល តាកែវ កំពត ខេត្តកំពង់ស្ពឺ ខេត្តមណ្ឌលគិរី និងខេត្តក្រចេះ។ យោងតាមរបាយការណ៍របស់ CMAC ចាប់ពីឆ្នាំ ១៩៧៩ ដល់ឆ្នាំ ២០២៣ គ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ បានសម្លាប់មនុស្សប្រមាណ១៩ ៨២២នាក់ និងរបួស ឬពិការ ៤៥ ២១៥នាក់៕ 

Tag:
 ចិន
  មីន
  ហេង​ រតនា
  CMAC​
© រក្សាសិទ្ធិដោយ thmeythmey.com