ជាតិ
បទសម្ភាសន៍
«គុយ» ផ្លែឈើព្រៃ លក់បានតម្លៃខ្ពស់!
28, Mar 2024 , 5:28 pm        
រូបភាព
អ្នកស្រី​ អុិន សុខុន អ្នកបេះផ្លែគុយលក់ នៅខេត្តសៀមរាប។ រូបភាព សហការីសារព័ត៌មានថ្មីៗ៕
អ្នកស្រី​ អុិន សុខុន អ្នកបេះផ្លែគុយលក់ នៅខេត្តសៀមរាប។ រូបភាព សហការីសារព័ត៌មានថ្មីៗ៕
ដោយ៖ ថោង ប្រណី

សៀមរាប៖ ផ្លែគុយ ជាប្រភេទផ្លែឈើព្រៃ ដែលភាគច្រើនដុះលូតលាស់នៅលើភ្នំគូលែន។ ផ្លែគុយ កំពុងមានតម្លៃខ្ពស់ ខណៈពលរដ្ឋនិយមបរិភោគជាងផ្លែឈើព្រៃឯទៀត។

 
ដើម្បីជ្រាបច្បាស់សូមលោកអ្នកនាងទស្សនាបទសម្ភាសរវាងលោក ថោង ប្រណី អ្នកសារព័ត៌មានថ្មីៗ ជាមួយអ្នកបេះផ្លែគុយលក់ អ្នកស្រី​ អ៊ិន សុខុន ដូចតទៅ៖ 



អង្គុយរៀបផ្លែគុយបណ្តើរ រៀបរាប់បណ្តើរ អ្នកស្រី អ៊ិន សុខុន បានបញ្ជាក់ថា អ្នកស្រីត្រូវក្រោកពីព្រលឹម ដើម្បីចេញដំណើរពីផ្ទះ នៅរុនតាឯក ទៅបេះផ្លែគុយ នៅលើភ្នំគូលែន។ អ្នកស្រី សុខុន និងអ្នកភូមិជាច្រើននាក់ទៀត ដែលធ្វើដំណើរជាមួយគ្នា ទៅភ្នំគូលែននេះ អាចបេះផ្លែគុយបានយ៉ាងតិច២គីឡូ ក្នុង១នាក់។ ប្រសិនដល់រដូវសំបូរគុយវិញ ម្នាក់ៗអាចបេះបានពី៥គីឡូ ទៅ១០គីឡូក្នុង១ដើម ក៏មាន។ 
 
សម្រាប់ខែមីនា ជាពេលដែលផ្លែគុយចាប់ផ្ដើមទុំ តែមិនទាន់សម្បូរនៅឡើយនោះទេ។ ដូច្នេះ អ្នកស្រី សុខុន ត្រូវការបេះខ្លួនផង និងប្រមូលទិញពីអ្នកភូមិនៅភ្នំគូលែនផង ចន្លោះពី៨០គីឡូទៅ១០០គីឡូ ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារ។ បើតាមអ្នកស្រី សុខុន ការប្រមូលទិញច្រើនបែបនេះ ព្រោះមានការបញ្ជាទិញច្រើន ពីសំណាក់អាជីករនៅក្នុងខេត្តសៀមរាប។ ពិសេសអាជីវករ នៅជិតតំបន់ប្រាសាទអង្គរវត្ត។ ជាមួយគ្នានេះ អតិថិជននៅភ្នំពេញ និងប៉ោយប៉ែត ឬតាមបណ្ដាខេត្តផ្សេងៗ ក៏បានបញ្ជាទិញ ផ្លែគុយព្រៃនេះ ពីអ្នកស្រី សុខុន ផងដែរ។
 
អ្នកស្រី សុខុន អាចលក់ផ្លែគុយ បានតម្លៃ ២៥០០០រៀល ក្នុង១គីឡូ ដែលជាតម្លៃបោះដុំ។ បើតាមស្រ្តីវ័យ៤៥ឆ្នាំរូបនេះ ការបេះផ្លែគុយព្រៃនេះ មានបញ្ហាប្រឈម ដូចជាការឡើងដើមឈើខ្ពស់ៗ ដោយមានស្រមោចសង្ក្រងខាំជាដើម។ ចំពោះការលក់ផ្លែគុយនេះ អ្នកស្រី អាចរកចំណូលបានពី៥០០០០រៀល ទៅ១០០០០០រៀលក្នុង១ថ្ងៃ ក្រោយកាត់កងការចំណាយផ្សេងៗ។ 
ផ្លែគុយចាប់ផ្ដើមសម្បូរ នាក្រោយពិធីបុណ្យចូលឆ្នាំខ្មែរ។ នៅពេលសម្បូរ ផ្លែគុយលក់មិនបានថ្លៃនោះទេ។ អាជីករលក់ផ្លែគុយរូបនេះ បន្ថែម៕

Tag:
 ThmeyThmey
  គុយ
  ផ្លែឈើព្រៃ
  អង្គរ
  សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com