ជាតិ
បទយកការណ៍ / បទសម្ភាសន៍
វីដេអូ
សង្គមជាតិ
វត្តមានបណ្ណាល័យចល័ត ជំរុញការសិក្សាកុមារនៅតំបន់បឹងទន្លេសាប
30, Mar 2024 , 8:00 am        
រូបភាព
បាត់ដំបង៖ រយៈពេលជាង១ឆ្នាំហើយ ដែលបណ្ណាល័យចល័តមានវត្តមាននៅក្នុងសហគមន៍បណ្ដែតទឹកព្រែកទាល់ ស្ថិតក្នុងស្រុកឯកភ្នំ ខេត្តបាត់ដំបង។ លោក ខេង សំណាង ជាបណ្ណា​រក្ខបណ្ណាល័យចល័តនេះ។ លោក ខេង សំណាង យល់ថាវត្តមានបណ្ណាល័យចល័តក្រោមជំនួយឧបត្ថម្ភពីអង្គការ អេដ អេ អាកស្យុង បានក្លាយជាផ្នែកសំខាន់មួយ ជួយជំរុញការសិក្សាអប់រំរបស់កុមារ ដែលរស់នៅតំបន់ដាច់ស្រយាលមួយនេះ។


ដើម្បីជ្រាបច្បាស់ សូមអញ្ជើញលោកអ្នកនាង ទស្សនាបទយកការណ៍ ដែលរៀបចំដោយ កញ្ញា ផាត ដាណេ នៃសារព័ត៌មានឌីជីថលថ្មីៗដូចតទៅ៖
 
 
​លោក ខេង សំណាង ជាបណ្ណារក្ខបណ្ណាល័យចល័ត នៅសហគមន៍បណ្តែតទឹកព្រែកទាល់ ​ដែលស្ថិតក្នុងស្រុកឯកភ្នំ ខេត្តបាត់ដំបង។ បណ្ណាល័យចល័តនេះ គឺជាទូកដែលមានផ្ទុកសៀវ​ភៅកុមារជាច្រើនក្បាល និងប្រភេទខុសៗគ្នា ហើយដែលត្រូវបានរៀបចំយ៉ាងមានរបៀប​។
 
រយៈពេល​ជាង ១ឆ្នាំហើយ ដែលបុរសសម្បុរស្រអែម វ័យ ៣៣ឆ្នាំរូបនេះ ធ្វើការងារជាបណ្ណា​   រក្ខបណ្ណាល័យលើទូកនេះ ជាមួយនឹងក្តីស្រឡាញ់ពេញចិត្ត​ជាខ្លាំង។ ជា​រៀងរាល់ថ្ងៃចន្ទ ដល់ថ្ងៃសុក្រ លោក សំណាង តែងបញ្ឆេះទូកម៉ាស៊ីន ដែលមានផ្ទុកសៀវភៅជាច្រើន ចាកចេញពីគេហដ្ឋានរបស់ខ្លួន ឆ្ពោះទៅកាន់គោលដៅសាលារៀន នៅលើសហគមន៍បណ្តែតទឹកនេះ ដើម្បីនាំយកសៀវភៅចម្រុះ ឱ្យ​កុមារក្រៅសា​លាក្នុងសហគមន៍បានអាន។ 
 

 
ទូកដឹកសៀវភៅ ដែលមានសរសេរអក្សរ​ធំៗ «បណ្ណាល័យចល័ត»នេះ មិនដំអក់នៅមួយកន្លែងឡើយ​។ លោក សំណាង បានរៀបចំកាលវិភាគឆ្លាស់គ្នាវិលជុំ ទៅតាមគោលដៅសាលារៀននីមួយៗយ៉ាងច្បាស់លាស់។ ​
 
ជាអ្នកទន្លេស្រាប់ ការធ្វើដំណើរតាមទូកនៅលើផ្ទៃបឹងទន្លេសាបដ៏ល្វឹងល្វើយ មិនមែនជាបញ្ហាប្រឈមសម្រាប់បុរសរូបនេះឡើយ។ ​លោក សំណាង បើកបរទូកបានយ៉ាងស្ទាត់ជំនាញ និងស្គាល់ច្បាស់ភូមិសាស្រ្តលើបឹងទន្លេសាបនេះ។
 
បណ្ណារក្ខបណ្ណាល័យចល័តនៅលើបឹងទន្លេសាបរូបនេះ រៀបរាប់ប្រាប់សារព័ត៌មានថ្មីៗថា លោកបានរៀនសូត្រច្រើនពីការងាររបស់ខ្លួនជាង១ឆ្នាំមកនេះ ដូចជារបៀបគ្រប់គ្រង និងរៀបចំសៀវភៅសម្រាប់បណ្ណាល័យ ការធ្វើទំនាក់ទំនង និងភាពបន់បែននៅក្នុងការងារជាដើម​។ ការងារនេះ ក៏បានធ្វើឱ្យលោកកាន់តែស្និទ្ធស្នាលជាមួយសៀវភៅផងដែរ។ ​



ក្រៅពីឱកាសអភិវឌ្ឍន៍សមត្ថភាពផ្ទាល់ខ្លួន លោក ខេង សំណាង ក៏មើលឃើញពីការផ្លាស់ប្តូរជាវិជ្ជមាន​ចំណេះដឹងរបស់កុមារនៅក្នុងសហគមន៍បណ្តែតទឹកនេះដែរ ក្រោយមានវត្តមានបណ្ណាល័យចល័តនេះ។ ​
​វត្តមានបណ្ណាល័យចល័ត ក៏ជួយជំរុញការសិក្សាអប់រំ និងទំនាក់ទំនងសម្រាប់កុមារនៅលើបឹងទន្លេសាបនេះដែរ។ ពួកគេមិនត្រឹមតែអាចអភិវឌ្ឍន៍ការអាន ការសរសេរនោះទេ ប៉ុន្តែវាគឺទីកន្លែង​សម្រាប់កុមារដែលរស់នៅបឹងទន្លេសាបនេះ បង្កើនការទំនាក់ទំនងជាមួយគ្នាកាន់តែស្និទ្ធស្នាល។
 

 
ទិដ្ឋភាពនេះ ធ្វើឱ្យលោក ខេង សំណាង ពេញចិត្តជាខ្លាំង។ បណ្ណារក្ខរូបនេះ​ចង់ឱ្យកុមារទាំងអស់នៅលើបឹងទន្លេសាប ទទួលបានការសិក្សាអប់រំដ៏ប្រសើរ និងពេញលេញមួយសម្រាប់អនាគតរបស់ពួកគេ។ លោក ខេង សំណាង ប្ដេជ្ញាបន្តចូលរួម​លើកកម្ពស់ការអប់រំរបស់កុមារនៅលើបឹងទន្លេសាប តាមរយៈការគៀករកុមារក្រៅសាលា​ឱ្យស្រ​ឡាញ់សៀវភៅ ស្រឡាញ់ការអាន ដែលជាផ្នែកមួយជួយជំរុញការសិក្សា និងការរស់នៅរបស់កុមារ​៕



 

Tag:
 បណ្ណាល័យចល័ត
  បឹងទន្លេសាប
© រក្សាសិទ្ធិដោយ thmeythmey.com