កីឡាអន្តរជាតិ
អន្តរជាតិ
២៤ក្រុមជាប់ទៅ Euro 2024 មាន១៦ក្រុមមិនដែលឈ្នះជើងឯកសោះ
30, Mar 2024 , 9:30 am        
រូបភាព
ចំណោមក្រុមកីឡាបាល់ទាត់ជម្រើសជាតិ តំណាងប្រទេសទាំង២៤ បានកៅអីទៅប្រជែងវគ្គផ្តាច់ព្រ័ត្រ Euro 2024 នៅអាល្លឺម៉ង់ មាន១៦ក្រុម មិនធ្លាប់ឈ្នះជើងឯកពានរង្វាន់ប្រចាំទ្វីបអឺរ៉ុបនេះឡើយ។ ៨ក្រុមដែលធ្លាប់លើកពាន មានតែម្ចាស់ផ្ទះអាល្លឺម៉ង់ និងអេស្ប៉ាញប៉ុណ្ណោះ ឈ្នះច្រើនជាងគេ ចំនួន៣លើកដូចគ្នា។

ការប្រកួតពានរង្វាន់កីឡាបាល់ទាត់ទ្វីបអឺរ៉ុប Euro ឆ្នាំ២០២៤ ដែលអាល្លឺម៉ង់ ធ្វើជាម្ចាស់ផ្ទះ នឹងចាប់ផ្តើមប្រកួតជែងចាប់ពីថ្ងៃទី១៤ ខែមិថុនា រហូតដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤។ ក្រុមចូលរួមទាំងអស់មាន២៤ ចែកចេញជា៦ពូល ពី A ដល់ F ដោយក្នុង១ពូលមាន៤ក្រុម។
  


ក្រុមទាំង២៤ ដែលទទួលបានកៅអីទៅជុំផ្តាច់ព្រ័ត្រ រួមមាន ម្ចាស់ការពារតំណែងជើងឯកអ៊ីតាលី ស្វីស តួកគី ប៊ែលហ្ស៊ិក ដាណឺម៉ាក ហូឡង់ អ៊ុយក្រែន អូទ្រីស អង់គ្លេស ក្រូអាស៊ី ឆែក ស្កុតឡែន អេស្ប៉ាញ ប៉ូឡូញ ស្លូវ៉ាគី ហ៊្សកហ្ស៊ី ស្លូវេនី បារាំង ហុងគ្រី ស៊ែប៊ី អាល់បានី រូម៉ានី ព័រទុយហ្កាល់ និងម្ចាស់ផ្ទះអាល្លឺម៉ង់។ ហ៊្សកហ្ស៊ី ជាក្រុមដំបូង ដែលបង្ហាញខ្លួននៅ Euro ជុំផ្តាច់ព្រ័ត្រលើកដំបូងក្នុងប្រវត្តិសាស្ត្រ។
 
ក្នុងចំណោមក្រុមទាំង២៤ ខាងលើ មាន១៦ក្រុម មិនធ្លាប់ស្គាល់រសជាតិឈ្នះជើងឯកពានរង្វាន់ទ្វីបអឺរ៉ុបនេះឡើយ ដោយក្នុងនោះរួមមាន ស្វ៊ីស តួកគី បែលលហ្ស៊ិក ស្កុតឡែន ហុងគ្រី ស៊ែប៊ី ហ៊្សកហ្ស៊ី ស្លូវេនី អ៊ុយក្រែន អូទ្រីស អង់គ្លេស ក្រូអាស៊ី ប៉ូឡូញ អាល់បានី រូម៉ានី និងស្លូវ៉ាគី។
 
ដោយឡែក ៨ក្រុម ដែលធ្លាប់គ្រងជើងឯកអឺរ៉ុបនេះរួមមាន អាល្លឺម៉ង់ (អាល្លឺម៉ង់ខាងលិច), អេស្ប៉ាញ, បារាំង, អ៊ីតាលី, ឆែក (ឆេកូស្លូវ៉ាគី), ព័រទុយហ្កាល់, ដាណឺម៉ាក និង ហូឡង់។ ចំណោម៨ក្រុម អាល្លឺម៉ង់ និងអេស្ប៉ាញ គ្រងជើងឯក៣លើកដូចគ្នា ស្របពេលបារាំង និងអ៊ីតាលី ឈ្នះពីរលើក។ 
 
ក្រុមទាំង២៤ ដែលត្រូវប្រកួតប្រជែងគ្នាដណ្តើមពានរង្វាន់ Euro 2024 បានចាប់ពូលរួចរាល់ហើយក្នុងនោះ៖

ពូល A៖ អាល្លឺម៉ង់ ស្កុតឡែន ហុងគ្រី និងស្វ៊ីស
 
ពូល B៖ អេស្ប៉ាញ ក្រូអាស៊ី អ៊ីតាលី និងអាល់បានី
 
ពូល C៖ ស្លូវេនី ដាណឺម៉ាក ស៊ែប៊ី និងអង់គ្លេស
 
ពូល D៖ ប៉ូឡូញ ហូឡង់ អូទ្រីស និងបារាំង
 
ពួល E៖ បែលហ្ស៊ិក ស្លូវាគី រូម៉ានី និងអ៊ុយក្រែន
 
ពូល F៖ តួកគី ហ៊្សកហ្ស៊ី ព័រទុយហ្កាល់ និងឆែក៕

Tag:
 (Euro 2024)
© រក្សាសិទ្ធិដោយ thmeythmey.com