RFI
អន្តរជាតិ
ចិន យកទឹកពីទីបេ ទៅជួយ ម៉ាល់ឌីវ ដែលកំពុងជួបគ្រោះខ្វះទឹកសាប
29, Mar 2024 , 7:29 pm        
រូបភាព
រូបភាពតំណាង។ ប្រមុខរដ្ឋម៉ាល់ឌីវ ទស្សនកិច្ចនៅចិន កាលពីខែមករា ដើមឆ្នាំ។ VIA REUTERS – Stringer
រូបភាពតំណាង។ ប្រមុខរដ្ឋម៉ាល់ឌីវ ទស្សនកិច្ចនៅចិន កាលពីខែមករា ដើមឆ្នាំ។ VIA REUTERS – Stringer
ដោយ៖ ហេង ឧត្តម /RFI ខេមរភាសា
 
ចិនបានផ្តល់អំណោយទឹកបរិសុទ្ធមានសារធាតុរ៉ែ ជាង១លានដប ទៅឲ្យម៉ាល់ឌីវ ដែលកំពុងជួបគ្រោះខ្វះទឹកសាប។ ទឹកបរិសុទ្ធចិននោះចម្រាញ់ចេញពីទឹកកកតំបន់ទីបេជាប់ជ្រលងភ្នំហិមពាន្ត។ នេះបើតាមក្រសួងការបរទេសម៉ាល់ឌីវ ក្នុងសេចក្តីប្រកាសចុះផ្សាយថ្ងៃទី២៨ មីនា ។ ម៉ាល់ឌីវ ជាទីប្រកួតប្រជែងឥទ្ធិពលរវាងចិននិងឥណ្ឌា កំពុងជួបបញ្ហាខ្វះទឹកសាបជាខ្លាំង ព្រោះតែការប្រែប្រួលកម្តៅផែនដី រលាយទឹកកក និងនីវូទឹកសមុទ្រឡើងខ្ពស់។

 
ម៉ាល់ឌីវ ជាប្រជុំបណ្ដុំកូនកោះជារាប់រយនៅមហាសមុទ្រឥណ្ឌា ដែលគេទទួលស្គាល់ថាមានឆ្នេរសមុទ្រដ៏ស្រស់ស្អាត មានខ្សាច់សក្បុស និងជាទីនិយមនៃភ្ញៀវទេសចរ។ ប្រទេសនេះជួបបញ្ហាខ្វះទឹកសាបជាខ្លាំង។ ក្រសួងការបរទេសម៉ាល់ឌីវ អះអាងថាបានទទួលទឹកបរិសុទ្ធមានសារធាតុរ៉ែ ចំនួនជាង១លានដបពីប្រទេសចិនកាលពីចុងសប្តាហ៍មុន ហើយម៉ាល់ឌីវនឹងចែកចាយទឹកទាំងនោះ ទៅបណ្តាកោះនានា តាមករណីអាសន្នចាំបាច់។
 
កាលពីខែវិច្ឆិកាឆ្នាំទៅមិញ អាជ្ញាធរចិនគ្រប់គ្រងតំបន់ទីបេ លោក យ៉ាន់ ជីនហៃ ក្នុងដំណើរទស្សនកិច្ចនៅម៉ាល់ឌីវ ធ្លាប់បានបង្ហាញពីបំណងផ្តល់ទឹកស្អាតសម្រាប់ទទួលទាន ចំនួន១៥០០តោន។ ពេលនេះបំណងក្លាយជាការពិត។ ទឹកបរិសុទ្ធស្អាត ៩០កុងទីន័រ បានទៅដល់រដ្ឋធានី ម៉ាល់ឡេ។ នេះបើតាមអាជ្ញាធរកំពង់ផែម៉ាល់ឌីវ។
 
កោះម៉ាល់ឌីវ ស្ទើរតែ៨០% ឋិតនៅកន្លែងទាបជាង១ម៉ែត្រ នៃនីវូទឹកសមុទ្រ ហើយ ម៉ាល់ឌីវ អាចត្រូវរងគ្រោះមុនគេព្រោះតែការប្រែប្រួលអាកាធាតុ។ អ្នកជំនាញការប្រែប្រួលអាកាសធាតុ របស់អង្គការសហប្រជាជាតិ ធ្លាប់បានព្រមាននិងព្យាករតាំងតែពីឆ្នាំ២០០៧ មកម្ល៉េះ ថា នៅចុងសតវត្សរ៍នេះ ប្រទេសម៉ាល់ឌីវនឹងក្លាយជាកន្លែងដែលរស់នៅលែងកើត ព្រោះតែកម្ពស់ទឹកសមុទ្រឡើងខ្ពស់ អាចឡើងចន្លោះពី ១៨ ទៅ ៥៩ សង់ទីម៉ែត្រ។


ឆ្នេរកោះម៉ាល់ឌីវ ថតឆ្នាំ២០១២។ AP - Gemunu Amarasinghe
 
នៅប្រជុំកោះម៉ាល់ឌីវ, ទឹកសាបសម្រាប់ប្រើប្រាស់និងទឹកបរិសុទ្ធសម្រាប់ទទួលទាន ជាចំណោទបញ្ហាជាខ្លាំង។ កាលឆ្នាំ២០១៤ អគ្គិភ័យបានឆាបឆេះកន្លែងច្រោះទឹកស្អាត១កន្លែង ធ្វើឲ្យដាច់ទឹកសាប ខ្វះទឹក១សប្តាហ៍ ប្រទេសទាំងមូលចលាចល។ កាលណោះ ប្រទេសចិន និងឥណ្ឌា បានស្រាក់ដៃគ្នាជួយជញ្ជូនទឹកទៅជួយម៉ាល់ឌីវ និងប្រើនាវាជួយចម្រោះទឹកឲ្យម៉ាល់ឌីវ។
ម៉ាល់ឌីវ ត្រូវឥណ្ឌាចាត់ទុកថាជាដែនឥទ្ធិពល ក៏ប៉ុន្តែ ចាប់តាំងពីប្រធានាធិបតី Mohamed Muizzu ទំនោរគាំទ្រចិន ឡើងកាន់អំណាចមក គឺ ម៉ាល់ឌីវ បានដោះដៃចោលឥណ្ឌា និងងាកទៅរកចិន។ បន្ទាប់ពីទទួលជំនួយផ្សេងៗជាហូរហែពីចិន រាប់ចាប់ពីតាំងពីឡានសង្គ្រោះបន្ទាន់, នៅពេលនេះ ម៉ាល់ឌីវ ទទួលជំនួយទឹកបរិសុទ្ធពីអាជ្ញាធរចិនថែមទៀត។
 
ជំនួយចិន ពុំមែនគ្មានចំណង គ្មានសាគុណ តបវិញទេ។ រដ្ឋអំណាចចិនសម្លឹងឃើញម៉ាល់ឌីវជាកន្លែងដែនយុទ្ធសាស្ត្រនាវាចរអន្តរជាតិដ៏សំខាន់។ កាលពីខែកុម្ភៈ ម៉ាល់ឌីវ បានអនុញ្ញាតឲ្យនាវាចិន១គ្រឿង ឲ្យចូលមកក្នុងដែនទឹកម៉ាល់ឌីវ។ ជាផ្លូវការ គេអះអាងថាជានាវាស្រាវជ្រាវសមុទ្រ។  ពីដើមខែមីនានេះ ប្រធានាធិបតីម៉ាល់ឌីវ ក៏បានប្រកាសឱសានុវាទថា យោធាឥណ្ឌា ចំនួន៨៩នាក់  ត្រូវចេញឲ្យអស់ពី ម៉ាល់ឌីវ យូរបំផុត ត្រឹមថ្ងៃទី១០ឧសភា ខាងមុខ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com