ជាតិ
បទយកការណ៍ / បទសម្ភាសន៍
វីដេអូ
សង្គមជាតិ
យុវជនមួយក្រុម បង្កើតអាជីវកម្មលក់កាហ្វេតាមដងស្ទឹងសៀមរាប រកចំណូលផ្គត់ផ្គង់ការសិក្សា
31, Mar 2024 , 9:39 pm        
រូបភាព
សៀមរាប៖ យុវជនខេត្តសៀមរាបមួយក្រុមមានគ្នា៤នាក់ បានរួមគ្នាបង្កើតអាជីវកម្មតូចមួយ លក់កាហ្វេតាមដងស្ទឹងសៀមរាប ក្រុងសៀមរាប ដើម្បីរកចំណូលផ្គត់ផ្គង់ការសិក្សា និងសម្រាប់ការរស់នៅរបស់ពួកគេ។ អាជីវកម្មតូចមួយរបស់យុវជនមួយក្រុមនេះ បានផ្ដល់ភាពទាក់ទាញយ៉ាងខ្លាំងសម្រាប់ភ្ញៀវទេសចរ និងពលរដ្ឋក្នុងក្រុងសៀមរាប ក៏ព្រោះភាពច្នៃប្រឌិតឱ្យមានកន្លែងអង្គុយផឹកកាហ្វេតាមដងស្ទឹង អមដោយបរិយាកាសធម្មជាតិក្រោមម្លប់ឈើ ដែលពុំសូវមានច្រើនឡើយនៅខេត្តដទៃ។


 
សូមអញ្ជើញលោក-អ្នកនាងទស្សនាវីដេអូខាងក្រោមដូចតទៅ៖ 

 

កញ្ញា ពៅ សុភា ជានិស្សិតឆ្នាំទី៣ រៀបរាប់បានប្រាប់សារព័ត៌មានថ្មីៗថា គំនិតចង់បង្កើតអាជីវកម្មកាហ្វេតាមដងស្ទឹងសៀមរាប គឺបន្ទាប់ពីកញ្ញា និងមិត្តភក្ដិត្រឡប់ពីដើរលេងក្រៅប្រទេសវិញ ហើយបានឃើញគេលក់កាហ្វេតាមផ្លូវច្រើន ដែលវាផ្ដល់ភាពទាក់ទាញ និងប្លែក។ ដូច្នេះគេក៏បបួលគ្នាចូលលុយម្នាក់២០០ដុល្លារ ដើម្បីបើកតូចកាហ្វេតូចមួយនៅតាមដងស្ទឹងសៀមរាប។
 
មានត្រឹមកន្លែងឆុងកាហ្វេ និងកៅអីសម្រាប់ឱ្យភ្ញៀវអង្គុយតាមមាត់ស្ទឹងបែបសាមញ្ញ ប៉ុន្តែកន្លែងលក់កាហ្វេរបស់យុវជនមួយក្រុមនេះ ទាក់ទាញអតិថិជនបានច្រើនគួរសម។ នោះក៏ព្រោះ វាប្លែកអារម្មណ៍សម្រាប់អ្នកនិយមផឹកកាហ្វេ និងចង់ទទួលបានបរិយាកាសថ្មី ហើយមិនសូវមានច្រើនឡើយនៅទីតាំងផ្សេង។ សុភា ថាការអាជីវកម្មលក់កាហ្វេរបស់ពួកគេ គឺចង់រកចំណូលបន្ថែមសម្រាប់ផ្គត់ផ្គង់ការសិក្សា និងការរស់នៅប្រចាំថ្ងៃ។ មួយវិញទៀត គេក៏ចង់បង្កើតចំណីអារម្មណ៍ថ្មីសម្រាប់អ្នកទេសចរ ដែលមកកម្សាន្តនៅខេត្តសៀមរាបផងដែរ។ 


 
«ខ្ញុំគិតថា ខ្ញុំចង់ឱ្យគេមកលេងសៀមរាប គេមានអ្វីថ្មីក្រៅពីប្រាសាទ ហើយណាមួយនៅសៀមរាបមានស្ទឹងសៀមរាប ហើយក៏មានគេលក់មីឆា បាយឆាតាមមាត់ស្ទឹង ប៉ុន្តែធម្មតា សាមញ្ញ។ អ៊ីចឹងក៏ពួកខ្ញុំគិតថា បើសិនជាដាក់ហាងកាហ្វេ ហើយអង្គុយដូចគាត់ញាំបាយ មើលទឹកស្ទឹង វាអាចមានអីថ្មី ដែលល្អប្លែក»។ នេះជាការលើកឡើងរបស់កញ្ញា សុភា ដែលបញ្ជាក់ថា កន្លែងលក់កាហ្វេរបស់កញ្ញា លក់តែ៤ថ្ងៃប៉ុណ្ណោះក្នុងមួយសប្ដាហ៍ ចាប់ពីថ្ងៃព្រហស្បតិ៍ ដល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង៧ព្រឹក។ សុភា ថាមិនលក់មួយសប្ដាហ៍ពេញក៏ព្រោះក្នុងចំណោមពួកគេ៤នាក់ មានជាប់រវល់រៀន និងខ្លះរវល់ធ្វើការងារផ្សេង ក្រៅពីអាជីវកម្មមួយនេះ។ បើគិតមកដល់បច្ចុប្បន្នអាជីវកម្មកាហ្វេរបស់យុវជនសៀមរាបមួយក្រុមនេះ បើកបាន៥ខែ ហើយទទួលបានការគាំទ្រច្រើនពិសេសពលរដ្ឋក្នុងក្រុងសៀមរាប ហើយក៏មានភ្ញៀវទេសចរជាតិ និងបរទេសផងដែរ៕
 








Tag:
 មាត់ស្ទឹងសៀមរាប
 កាហ្វេ
© រក្សាសិទ្ធិដោយ thmeythmey.com