ជាតិ
សេដ្ឋកិច្ច
រដ្ឋ យកពន្ធប្រាក់ចំណូលដល់៣០ភាគរយ លើប្រតិបត្តិការធនធានរ៉ែ និងប្រេងកាត លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថ។ រូបថត៖ MEF
× ឧបនាយករដ្ឋមន្ត្រី លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រកាសប្រមូលពន្ធលើប្រាក់ចំណូលដល់៣០ភាគរយនៃប្រាក់ចំណូលជាប់ពន្ធ របស់ប្រតិបត្តិការធនធានរ៉ែ និងប្រេងកាត។ ប្រកាសនេះ មានវិសាលភាពអនុវត្តចំពោះអ្នកជាប់ពន្ធដែលធ្វើប្រតិបត្តិការធនធានរ៉ែ និងប្រេងកាត នៅទូទាំងប្រទេសកម្ពុជា។
រាល់សកម្មភាពទាំងឡាយណាដែលស្វែងរកសាធាតុរឹង រាវ ឧស្ម័ន កកើតឡើងវិញ ដោយធម្មជាតិតាមដំណើរវិវត្តភូគព្ភសាស្ត្រ ឬជាលទ្ធផលនៃការជីកយកពីក្នុងដី លើដី ក្នុងសមុទ្រ ក្រោមបាតសមុទ្រ ដូចជាត្បូងថ្ម ធ្យូងថ្ម រ៉ែអលោហៈ ទឹកខនិជ ថ្ម ក្រួស ខ្សាច់ និងដីឥដ្ឋ គឺជាគោលដៅនៃការអនុវត្តការប្រមូលពន្ធលើប្រាក់ចំណូលក្នុងអត្រាដល់៣០ភាគរយ។
ការប្រមូលពន្ធនេះ ក៏ត្រូវអនុវត្តទៅលើប្រតិបតិ្តការប្រេងកាត ដូចជា ប្រេងឆៅ ឧស្ម័នធម្មជាតិ និងអ៊ីដ្រូកាបួផ្សេងៗ ទោះសាធាតុទាំងនោះ ស្ថិតក្នុងសភាពរឹង រាវ ឧស្ម័ន យ៉ាងណាក៏ដោយ។ នេះជាការបញ្ជាក់របស់លោករដ្ឋមន្ត្រីសេដ្ឋកិច្ច នៅក្នុងប្រកាសផ្សេងគ្នា ស្តីពី ពន្ធលើប្រតិបត្តិការប្រេងកាត និងពន្ធលើប្រតិបត្តិការធនធានរ៉ែ ដែលចេញនៅថ្ងៃទី២០មីនា ឆ្នាំ២០២៤។
បន្ថែមលើអត្រាពន្ធខាងលើ ប្រសិនបើអ្នកជាប់ពន្ធមានប្រាក់ចំណូលលើសកម្រិត នោះត្រូវជាប់ពន្ធ តាមអត្រាកំណើនតាមថ្នាក់ ដោយផ្អែកលើសមាមាត្រនៃប្រាក់ចំណូល។ បើតាមប្រកាសដដែល សមាមាត្រនៃប្រាក់ចំណូលលើសកម្រិតដល់ ១,៣ គឺមិនជាប់ពន្ធលើប្រាក់ចំណូលឡើយ។ ប៉ុន្តែ បើសមាមាត្រនៃប្រាក់ចំណូលលើសកម្រិតពី ១,៣ ដល់១,៦ ត្រូវជាប់ពន្ធ១០ភាគរយ។ កម្រិតលើសពី១,៦ ដល់២ ត្រូវជាប់ពន្ធ២០ភាគរយ និងសមាមាត្រនៃប្រាក់ចំណូលលើសពីកម្រិត២ឡើងទៅ គឺត្រូវជាប់ពន្ធលើប្រាក់ចំណូល៣០ភាគរយ។
ក្រសួងសេដ្ឋកិច្ច បានបញ្ជាក់ថា សមាមាត្រនៃប្រាក់ចំណូលលើសកម្រិតនៃឆ្នាំជាប់ពន្ធចរន្តណាមួយ គឺជាផលចែកនៃទឹកប្រាក់បូកបង្គរនៃចំណូល និងទឹកប្រាក់បូកបង្គរនៃចំណាយពីប្រតិបត្តិការធនធានរ៉ែ និងប្រេងកាត មកទល់ឆ្នាំជាប់ពន្ធចរន្តនោះ។
គួរជម្រាបថា ក្នុងខែមករា រដ្ឋប្រមូលពន្ធដារបានប្រមាណ២៩៨,៥៥ប៉ុណ្ណោះ។ ចំណូលនេះ ថយចុះ០,៦៨ភាគរយ បើប្រៀបធៀបនឹងចំណូលពន្ធអាករប្រចាំខែមករា ឆ្នាំ២០២៣៕
Tag:
ប្រេងកាត និងធនធានរ៉ែ
© រក្សាសិទ្ធិដោយ thmeythmey.com