ជាតិ
សង្គមជាតិ
ផែនការយុទ្ធសាស្ត្របរិវត្តកម្មឌីជីថល២០២៤-២០២៨ នឹងបង្កើ​នលទ្ធភា​រប្រើប្រាស់បច្ចេកវិទ្យាឌីជីថ​ល
10, Apr 2024 , 8:19 pm        
រូបភាព
ប្រព័ន្ធគាំពារសង្គមឌីជីថល
ប្រព័ន្ធគាំពារសង្គមឌីជីថល
ភ្នំពេញ៖ រដ្ឋាភិបាល បានដាក់ចេញផែនការយុទ្ធសាស្រ្តបរិវត្តកម្មឌីជីថលក្នុងប្រព័ន្ធគាំពារសង្គម ឆ្នាំ ២០២៤-២០២៨ ក្នុងគោលបំណងបង្កើនសមិទ្ធិលទ្ធភាពនៃការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលជាអតិបរមា ដើម្បីសម្រេចតាមគោលនយោបាយជាតិគាំពារសង្គម និងរួមចំណែកអនុវត្តក្របខណ្ឌគោលនយោបាយ សេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា២០២១-២០៣៥ផងដែរ។

 
យោងតាមក្រុមប្រឹក្សាជាតិគាំពារសង្គម ផែនការយុទ្ធសាស្រ្តបរិវត្តកម្មឌីជីថលក្នុងប្រព័ន្ធគាំពារសង្គម ឆ្នាំ២០២៤-២០២៨ ផ្ដោតលើការលើកម្ពស់ប្រសិទ្ធភាព ភាពទាន់ពេលទិន្នន័យ សម្រាប់រៀបចំគោលនយោបាយ ដោយផ្អែកលើភស្តុតាង និងការវិភាគជាក់ស្ដែង។ ក្រុមប្រឹក្សាជាតិគាំពារសង្គម បន្តទៀតថា ផែនការយុទ្ធសាស្ត្រនេះ ក៏ផ្តល់នូវដំណោះស្រាយឌីជីថល សម្រាប់កាត់បន្ថយការបែកខ្ញែកនៃប្រព័ន្ធចុះបញ្ជី និងកាត់បន្ថយបន្ទុកការងាររបស់ប្រតិបត្តិករ ​ក៏ដូចជាបង្កើនភាពងាយស្រួលដល់ពលរដ្ឋ ក្នុងការទទួលបានអត្ថប្រយោជន៍គាំពារសង្គមផងដែរ។ 
 
ផែនការយុទ្ធសាស្រ្តបរិវត្តកម្មឌីជីថលក្នុងប្រព័ន្ធគាំពារសង្គម មានគោលដៅយុទ្ធសាស្រ្ត៤សំខាន់ៗ។ យុទ្ធសាស្រ្តទី១ ពង្រឹងការរៀបចំគោលនយោបាយ និងក្របខណ្ឌគតិយុត្តក្នុងប្រព័ន្ធគាំពារសង្គមឌីជីថល គឺបង្កើត និងធ្វើឱ្យកាន់តែប្រសើរឡើងនូវការរៀបចំគោលនយោបាយ រួមទាំងក្របខណ្ឌគតិយុត្តនានា ដែលលមានលក្ខណៈជាក់លាក់និងចាំបាច់សម្រាប់គាំទ្រប្រព័ន្ធគាំពារសង្គមឌីជីថល។ យុទ្ធសាស្រ្តទី២ អភិវឌ្ឍសមត្ថភាពសម្រាប់ទួអង្គស្នូលនៃប្រព័ន្ធគាំពារសង្គមឌីជីថល សម្រាប់លើកម្ពស់ធនធានមនុស្សដើម្បីភាពគ្រប់គ្រាន់ក្នុងដំណើរការធ្វើបរិវត្តកម្មឌីជីថល ប្រកបដោយភាពពេញលេញនិងជោគជ័យ។ យុទ្ធសាស្រ្តទី៣ ធ្វើឱ្យប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងហេដ្ឋានរចនាសម្ព័ន្ធឌីជីថល កាន់តែល្អប្រសើរ ហើយឆ្ពោះទៅបង្កើតប្រព័ន្ធ ICT (បច្ចេកវិទ្យាព័ត៌មាន) ស្របតាមនិម្មាបនកម្មនៃការធ្វើសុខដុមនីយកម្មប្រព័ន្ធ ICT ជាប្រព័ន្ធគាំពារសង្គមឌីជីថលរួម។ យុទ្ធសាស្រ្តទី៤ ធ្វើឱ្យការសម្របសម្រួលភាគីពាក់ព័ន្ធនិងកិច្ចខិតខំក្នុងការធ្វើបរិបត្តកម្មឌីជីថលកាន់តែល្អប្រសើរ។
 
ក្រុមប្រឹក្សាជាំតិគាំពារសង្គម នឹងដឹកនាំ និងរៀបចំ អនុវត្តយុទ្ធសាស្ត្រខាងលើនេះ ហើយការតាមសាន និងវាតតម្លៃ នឹងធ្វើឡើងដើម្បីធានាបាន វឌ្ឍនភាពនៃការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមឌីជីថល៕

Tag:
 គាំពារសង្គម
© រក្សាសិទ្ធិដោយ thmeythmey.com