RFI
អន្តរជាតិ
WTOថាពាណិជ្ជកម្មពិភពលោកចាប់មានកំណើន តែការព្យាករមានបង្កប់ហានិភ័យ TWTOថាពាណិជ្ជកម្មពិភពលោកចាប់មានកំណើន តែការព្យាករមានបង្កប់ហានិភ័យ REUTERS - DENIS BALIBOUSE
×
ដោយ៖អៀង សុខម៉ិញ /RFI ខេមរភាសា
នៅឆ្នាំ២០២៤នេះ ពាណិជ្ជកម្មពិភពលោក នឹងចាប់មានកំណើនឡើងវិញ ប៉ុន្តែជម្លោះ ភាពតានតឹងភូមិសាស្ត្រនយោបាយ និងភាពមិនជាក់លាក់នៃនយោបាយសេដ្ឋកិច្ច អាចនឹងមកប្រែក្រឡាស់ការព្យាករណ៍។ នេះបើតាមរបាយការណ៍របស់អង្គការពាណិជ្ជកម្មពិភពលោកចេញផ្សាយនៅថ្ងៃពុធទី១០មេសា២០២៤។
បើតាមរបាយការណ៍របស់អង្គការពាណិជ្ជកម្មពិភពលោក ផលិតផលសរុបក្នុងស្រុករបស់ពិភពលោក ហាក់នៅនឹងល្អជាទូទៅ សម្រាប់ពីរឆ្នាំខាងមុខ ពោលគឺ២,៦%នៅឆ្នាំ២០២៤ និង២,៧%នៅឆ្នាំ២០២៥។ ចំណែកសកម្មភាពពាណិជ្ជកម្មពិភពលោកផ្នែកផលិតផល វិញ ចាប់មានកំណើនដែរ តែត្រឹម២,៦%នៅឆ្នាំ២០២៤ មិនមែន៣,៣%ដូចការព្យាករលើកមុនទេ ទាល់តែឆ្នាំ២០២៥ ទើបមានកំណើន៣,៣%។ អង្គការពាណិជ្ជកម្មពិភពលោកបានពន្យល់បន្ថែមទៀតថា មូលហេតុនៃការទម្លាក់ទិន្នន័យព្យាករណ៍បណ្តាលមកពីលទ្ធផលពាណិជ្ជកម្មនៅអឺរ៉ុបមិនល្អដូចការព្រៀងទុក។
ដើម្បីឱ្យរក្សាកំណើន និងស្ថិរភាពសេដ្ឋកិច្ច ឱ្យបានដូចការព្យាករ ពិភពលោកចាំបាច់ត្រូវតែកំរិតគ្រោះហានិភ័យមួយចំនួនដូចជាជម្លោះប្រដាប់អាវុធ ភូមិសាស្ត្រនយោបាយ ជម្លោះពាណិជ្ជកម្ម នយោបាយការពារតែសេដ្ឋកិច្ចជាតិឯង ឬភាពប្រេះឆានៃការផ្តោះប្តូរសេដ្ឋកិច្ច។ នេះបើតាមប្រសាសន៍របស់លោកស្រីប្រមុខអង្គការពាណិជ្ជកម្មពិភពលោកដដែល ដោយព្រមានថាភាពតានតឹងនយោបាយ និងភាពមិនជាក់លាក់នៃសេដ្ឋកិច្ច អាចនឹងអូសទាញដំឡើងតម្លៃគ្រឿងឧបភោគបរិភោគ និងតម្លៃថាមពល ដែលនឹងទៅបង្អាក់កំណើនសេដ្ឋកិច្ចមិនឱ្យមានសន្ទុះពេញលេញបាន។
សម្រាប់លោកស្រីនាយិកាអង្គការពាណិជ្ជកម្មពិភពលោក នៅឆ្នាំនេះ កំណើនសេដ្ឋកិច្ចចាប់ផ្តល់សញ្ញា។ បណ្តាញផ្គត់ផ្គង់ស្បៀងអាហារធុន និងពាណិជ្ជកម្មពហុជាតិរឹងមាំល្អ បានជួយជំរុញពាណិជ្ជកម្មពិភពលោកឱ្យចាប់កំរើកហើយ តែវិបត្តិអតិផរណា និងថាមពលថ្លៃ បន្តនៅជាបន្ទុក រារាំងយ៉ាងខ្លាំងសេចក្តីត្រូវការផ្នែកផលិតផលសិប្បកម្មយ៉ាងខ្លាំង ដោយមានសកម្មភាពថយចុះ១,២%នៅឆ្នាំកន្លងទៅ។
នៅក្នុងរបាយការណ៍ចេញផ្សាយថ្ងៃពុធទី ១០មេសានេះ អង្គការពាណិជ្ជកម្មពិភពលោក មិនវាយតម្លៃពាណិជ្ជកម្មពិភពលោកផ្នែកសេវាកម្មទេ ប៉ុន្តែអង្គការបានគូសបញ្ជាក់ថា នៅឆ្នាំ២០២៣សេវាកម្មមានកំណើន៩% ហើយអង្គការរំពឹងថាព្រឹត្តិការណ៍កីឡា នៅអឺរ៉ុប នាអំឡុងរដូវក្តៅខាងមុខ (កីឡាអូឡាំពិកក្រុងប៉ារីស) និងការប្រកួតកីឡាបាល់ទាត់អឺរ៉ុប២០២៤ នៅអាល្លឺម៉ង់ នឹងមកបំប៉នវិស័យទេសចរណ៍និងដឹកជញ្ជូន៕
© រក្សាសិទ្ធិដោយ thmeythmey.com