ម៉ាឡេស៊ីបានប្រើវិធីសាស្រ្តមួយចំនួនដើម្បីទាក់ទាញភ្ញៀវទេសចរចិនដូចជា ការដាក់ពង្រាយបុគ្គលិកដែលចេះភាសាចិននៅតាមច្រកចេញ-ចូលសំខាន់ៗ ដោយសហការជាមួយក្រុមហ៊ុនអាកាសចរណ៍ដើម្បីផ្តល់ការហោះហើរត្រង់ពីទីក្រុងនានារបស់ចិន ជាពិសេសសហការជាមួយស្ថាប័នអប់រំ និងប្រើប្រាស់ឥទ្ធិពលប្រព័ន្ធផ្សព្វផ្សាយសង្គមចិន។
ម៉ាឡេស៊ីកំពុងអនុវត្តវិធីសាស្រ្តមួយចំនួន ដើម្បីជំរុញភ្ញៀវទេសចរចិនមកកម្សាន្តម៉ាឡេស៊ីកាន់តែច្រើន ដោយផ្លាស់ប្តូរលើសពីវិធីសាស្ត្រផ្សព្វផ្សាយបែបប្រពៃណី។ នេះបើតាមអគ្គនាយកទេសចរណ៍ម៉ាឡេស៊ីលោក Manoharan Periasamy បានសារព័ត៌មានចិន Xinhua នៅថ្ងៃទី១១ ខែមេសា។
«យើងមានក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកដែលប្រតិបត្តិការជាមួយចិន ហើយកំពុងធ្វើការជាមួយក្រុមហ៊ុនអាកាសចរណ៍ដែលមានមូលដ្ឋាននៅចិនដូចជា Loong Air, China Eastern និង China Southern»។ លោក Manoharan បានប្រាប់ Xinhua បែបនេះ ដោយបន្ថែមថា ទីភ្នាក់ងាររបស់លោកស្ថិតនៅក្រោមក្រសួងទេសចរណ៍ សិល្បៈ និងវប្បធម៌ កំពុងសម្របសម្រួលជាមួយក្រុមហ៊ុនអាកាសចរណ៍ទាំងនេះ ដើម្បីធានាការមកដល់ប្រកបដោយរលូនសម្រាប់ភ្ញៀវទេសចរ។
លោកបន្តថា ម៉ាឡេស៊ីបានដាក់មន្ត្រីដែលចេះនិយាយភាសាចិន ដើម្បីជួយសម្រួលភ្ញៀវទេសចរទាក់ទងឯកសារឌីជីថល និងនីតិវិធីនៃការចូល ព្រមទាំងផ្តល់នូវបទពិសោធន៍ការចូលមកប្រកបដោយសុវត្ថិភាព។
ចំណុចទាក់ទាញពិសេសដែលម៉ាឡេស៊ីមានសក្តានុពលរួមទាំង ឆ្នេរសមុទ្រស្អាត ទេសចរណ៍ធម្មជាតិចម្រុះ កន្លែងធ្វើម្ហូបពិសេស និងហាងទិញទំនិញដ៏សម្បូរបែប ដែលប្រជាជនចិនបានស្គាល់រួចហើយ។ ក្រៅពីនេះ ម៉ាឡេស៊ីជាប្រទេសមួយដែលមានប្រជាជនចិនរស់នៅច្រើនស្រាប់។
បើតាមលោក Manoharan ជនជាតិចិនអាចសម្របខ្លួនបានយ៉ាងងាយស្រួលដូចជាផ្ទះរបស់ពួកគេដែលទៅកម្សាន្ត។ វានឹងជួយបង្កើនការទាក់ទាញភ្ញៀវទេសចរចិនរបស់ម៉ាឡេស៊ី។
កម្មវិធី Homestay កំពុងត្រូវបានផ្សព្វផ្សាយអំពីវប្បធម៌ដ៏អស្ចារ្យនៅម៉ាឡេស៊ី។ លោក Manoharan ពន្យល់ថា វាជាបទពិសោធន៍ខុសគ្នាទាំងស្រុងក្នុងការស្នាក់នៅជាមួយគ្រួសារក្នុងតំបន់ ដើម្បីស្វែងយល់ពីរបៀបរស់នៅ និងចែករំលែកការទទួលទានអាហារជាមួយគ្នា។
កម្មវិធីទាំងនេះ ត្រូវបានផ្សារភ្ជាប់ទៅនឹងគំនិតផ្តួចផ្តើមក្រុមនិស្សិតចិនដែលទទួលការអប់រំ នៅម៉ាឡេស៊ី ដើម្បីឲ្យគ្រួសាររបស់ពួកគេបានទៅកម្សាន្ត និងទទួលយកបទពិសោធន៍នៃប្រទេសអាស៊ីអាគ្នេយ៍មួយនេះដោយផ្ទាល់។
ជាចុងក្រោយ លោក Manoharan បានបញ្ជាក់ថា ទីភ្នាក់ងាររបស់លោកបានចាប់ដៃគូជាមួយបុគ្គលល្បីៗ (Influencer) លើប្រព័ន្ធផ្សព្វផ្សាយសង្គមនៅចិន ដើម្បីបង្ហាញពីទីកន្លែងទាក់ទាញមួយចំនួនរបស់ម៉ាឡេស៊ីដែរ។
ក្រៅពីយុទ្ធសាស្រ្តខាងលើ ម៉ាឡេស៊ីក៏មានគោលនយោបាយលើកលែងទិដ្ឋាការរយៈពេល ៣០ថ្ងៃដល់ជនជាតិចិនរហូតដល់ថ្ងៃដំណាច់ឆ្នាំ២០២៤។
នៅឆ្នាំ ២០២៣ ម៉ាឡេស៊ីបានស្វាគមន៍ភ្ញៀវអន្តរជាតិប្រមាណ ២៩លាននាក់។ ភ្ញៀវដែលមកលេងម៉ាឡេស៊ីច្រើនជាងគេមាន សិង្ហបុរី ជាង៨,៣លាននាក់, ឥណ្ឌូណេស៊ី ជាង៣,១លាននាក់, ថៃជាង១,៥លាននាក់, ចិនជាង១,៤លាននាក់, ប្រ៊ុយណេជាង ៨សែននាក់, ឥណ្ឌាជាង ៦សែននាក់, កូរ៉េខាងត្បូងជាង ៤សែននាក់, វៀតណាមជាង ៣សែននាក់, អូស្ត្រាលីជាង ៤សែននាក់ និងហ្វីលីពីនជាង ៣សែននាក់។
ការចំណាយរបស់ភ្ញៀវចិននៅម៉ាឡេស៊ីជាមធ្យមចន្លោះ ១៤០-១៦២ដុល្លារក្នុងមួយថ្ងៃនៅចន្លោះឆ្នាំ២០១៧ និង២០១៩។ នេះបើយោងតាមការស្រាវជ្រាវដោយធនាគារ Hong Leong Investment៕