ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) នៅថ្ងៃទី១១ ខែមេសា បានព្យាករថា ក្រុមប្រទេសកំពុងអភិវឌ្ឍន៍នៅអាស៊ីក្នុងឆ្នាំ២០២៤ នឹងមានកំណើនសេដ្ឋកិច្ចរង្វង់ ៤,៩ភាគរយ។ អត្រានេះខ្ពស់ជាងតួលេខព្យាករមុនបន្តិច ប៉ុន្តែ ធនាគារ ADB បានព្រមានហានិភ័យដូចជាការរាលដាលនៃវិបត្តិអចលនទ្រព្យនៅចិនជាដើម។
ធនាគារ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានបង្កើនការព្យាករកំណើនសេដ្ឋកិច្ចរបស់ខ្លួនសម្រាប់ក្រុមប្រទេសកំពុងអភិវឌ្ឍនៅអាស៊ីពីអត្រា ៤,៨ភាគរយកាលខែធ្នូ ឆ្នាំ២០២៣ ដល់អត្រា ៤,៩ភាគរយនៅក្នុងរបាយការណ៍ចុងក្រោយនេះ។
ភាពប្រសើរឡើងនេះ ដោយសារនិន្នាការកំណើនតម្រូវការក្នុងស្រុកជាវិជ្ជមាននៅតាមប្រទេសក្នុងតំបន់ជាច្រើនដូចជា តម្រូវការក្នុងស្រុកកើនឡើង កំណើននាំចេញសឺមីកុងឌុចទ័ររបស់ប្រទេសមួយចំនួន និងការងើបឡើងវិញវិស័យទេសចរណ៍។
«កំណើននៅក្នុងទីផ្សារកំពុងអភិវឌ្ឍន៍របស់អាស៊ីនៅតែរឹងមាំឆ្នាំនេះ ទោះបីជាមានភាពមិនច្បាស់លាស់ពីបរិយាកាសខាងក្រៅក៏ដោយ»។ សារព័ត៌មាន Reuters បានដកស្រង់សម្តីប្រធានសេដ្ឋវិទូរបស់ ADB លោក Albert Park នៅថ្ងៃទី១១ ខែមេសា ដោយបន្តថា ទំនុកចិត្តអ្នកប្រើប្រាស់កំពុងមានភាពប្រសើរឡើង ហើយការវិនិយោគមានភាពធន់ ខណៈតម្រូវការខាងក្រៅកំពុងទាក់ទាញ ជាពិសេសផលិតផលសឺមីកុងឌុចទ័រ។
ទោះជាយ៉ាងណាក៏ដោយ ធនាគារដែលមានមូលដ្ឋាននៅហ្វីលីនមួយនេះព្រមាន ថាហានិភ័យនៅតែមាន ដូចជាការកើនឡើងនៃភាពតានតឹងភូមិសាស្ត្រនយោបាយដែលអាចរំខានដល់ខ្សែច្រវាក់ផ្គត់ផ្គង់ និងជំរុញអតិផរណាខ្ពស់។ បន្ថែមពីនេះ ធនាគារតំបន់មួយនេះ បានជំរុញឱ្យមានការប្រុងប្រយ័ត្នពីភាពមិនប្រាកដប្រជារបស់គោលនយោបាយរូបិយវត្ថុរបស់អាម៉េរិក និងទិផ្សារអចលនទ្រព្យនៅចិន។
តារាងព្យាករកំណើនសេដ្ឋកិច្ច និងអតិផរណាប្រទេសកំពុងអភិវឌ្ឍនៅអាស៊ី។ រូបភាព ៖ ADB
យ៉ាងណាមិញ អត្រាកំណើនដែល ADB ព្យាករតំបន់អាស៊ីសម្រាប់ឆ្នាំនេះនៅតែមានភាពខ្សោយជាងអត្រាកំណើន ៥ភាគរយកាលពីឆ្នាំ ២០២៣។ ចំណែកការព្យាករសម្រាប់ឆ្នាំ ២០២៥ មានអត្រា ៤,៩ភាគរយ។
ទន្ទឹមនេះ សេដ្ឋកិច្ចចិនត្រូវបានព្យាករថានឹងកើន ៤,៨ភាគរយក្នុងឆ្នាំ២០២៤ ដែលខ្ពស់ជាងការប៉ាន់ស្មាន ៤,៥ភាគរយនៅក្នុងរបាយការណ៍ខែធ្នូ ឆ្នាំ២០២៣ ប៉ុន្តែយឺតជាងកំណើន ៥,២ភាគរយនៅក្នុងឆ្នាំ២០២៣។
បើតាមធនាគារ ADB សេដ្ឋកិច្ចរបស់ចិននឹងបន្តនិន្នាការនៅទ្រឹងរហូតដល់ឆ្នាំក្រោយជាមួយនឹងអត្រាកំណើននៃការព្យាករ ៤,៥ភាគរយដោយសារតែវិបត្តិជាបន្តបន្ទាប់នៅក្នុងទីផ្សារអចលនទ្រព្យ និងតម្រូវការអ្នកប្រើប្រាស់ចុះខ្សោយ។
ចំណែកកម្ពុជា ADB ព្យាករកំណើនសេដ្ឋកិច្ចក្នុងឆ្នាំ២០២៤ នឹងមានអត្រា ៥,៨ភាគរយ ខណៈឆ្នាំ២០២៥ នឹងមានភាពល្អប្រសើរជាមួយអត្រា៦ភាគរយ៕