អ្នកនាំពាក្យរបបសឹកមីយ៉ាន់ម៉ា បានបញ្ជាក់ពីការដកកងកម្លាំងចេញពីទីតាំងនានាក្នុងក្រុង Myawaddy ដែលជាប់ព្រំដែនថៃ បន្ទាប់ពីមានការប្រយុទ្ធគ្នារយៈពេល៣ថ្ងៃជាមួយក្រុមប្រដាប់អាវុធជនជាតិភាគតិច Karen។
អ្នកនាំពាក្យរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា លោក Zaw Min Tun បានបញ្ជាក់នៅល្ងាចថ្ងៃទី ១១ ខែមេសាថា ទាហានខ្លួនបានចេញពីមូលដ្ឋានក្នុងទីប្រជុំជន Myawaddy ដើម្បីធានាសុវត្ថិភាពចំពោះគ្រួសារពួកគេ បន្ទាប់ពីមានការប្រយុទ្ធជាមួយក្រុមសម្ព័ន្ធជាតិ Karen (KNU)។ នេះបើតាមទីភ្នាក់ងារព័ត៌មានបារាំង AFP ។
ក្រុមប្រដាប់អាវុធជនជាតិភាគតិច Karen បានចាប់ផ្តើមវាយប្រហារមូលដ្ឋានទ័ពមីយ៉ាន់ម៉ានៅ Myawaddy នៅថ្ងៃទី៩ ខែមេសា ហើយការប្រយុទ្ធបានបន្តរយៈពេលបីថ្ងៃ។ គិតត្រឹមថ្ងៃទី១១ ខែមេសា អ្នកនាំពាក្យ KNU លោក Padoh Saw Taw Nee បានប្រាប់សារព័ត៌មានCNN ថា ទាហានមីយ៉ាន់ម៉ាប្រហែល ២០០នាក់បានដកខ្លួនចេញពីមូលដ្ឋានខ្លួន ហើយកំពុងលាក់ខ្លួននៅលើស្ពានមិត្តភាពតភ្ជាប់ Myawaddy ជាមួយទីក្រុង Mae Sot ប្រទេសថៃ។
បើតាមអ្នកនាំពាក្យ KNU ក្រុមទាហានមីយ៉ាន់ម៉ានៅតែកាន់កាប់អាវុធ។ មន្ត្រីព្រំដែនថៃបានបញ្ជាក់ថា ទីប្រជុំជន Myawaddy បានដួលរលំហើយ។ ទីភ្នាក់ងារសារព័ត៌មាន Khit Thit របស់មីយ៉ាន់ម៉ាបានរាយការណ៍ថា អាជ្ញាធរថៃកំពុងពិភាក្សាជាមួយទាហានរបស់យោធាមីយ៉ាន់ម៉ា ដើម្បីសម្រេចថាតើត្រូវផ្តល់សិទ្ធិជ្រកកោនឱ្យពួកគេឬអត់។
លោក Zaw Min Tun បានបញ្ជាក់ថា កងកម្លាំង KNU បានចូលទៅទីប្រជុំជន Myawaddy ប៉ុន្តែមិនបានផ្តល់ព័ត៌មានជាក់លាក់នោះទេ។ លោកនិយាយថា មន្ត្រីមីយ៉ាន់ម៉ា និងថៃកំពុងពិភាក្សាអំពីក្រុមទាហានរបស់ខ្លួន ដែលចាញ់ការប្រយុទ្ធ។
ការប្រយុទ្ធគ្នារយៈពេលបីថ្ងៃក្នុងក្រុង Myawaddy បានបណ្តាលឲ្យជនស៊ីវិលមីយ៉ាន់ម៉ារាប់ពាន់នាក់ភៀសខ្លួនចូលទឹកដីថៃ ដើម្បីស្វែងរកសិទ្ធិជ្រកកោន។ ការភៀសខ្លួននេះ ធ្វើឡើងដោយសារប្រជាជនបារម្ភពីការវាយប្រហារតាមផ្លូវអាកាសពីសំណាក់របបសឹកមីយ៉ាន់ម៉ា។ ថៃក៏បានចល័តរថយន្តយោធាដើម្បីបង្កើនការល្បាតក្នុងទីប្រជុំជន Mae Sot។
ទីក្រុងព្រំដែន Myawaddy មានតួនាទីសំខាន់ណាស់សម្រាប់រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា។ តាមក្រសួងពាណិជ្ជកម្មរបស់មីយ៉ាន់ម៉ា តម្លៃប៉ាន់ស្មាននៃទំហំពាណិជ្ជកម្មដែលឆ្លងកាត់ Myawaddy ក្នុងរយៈពេល១២ ខែចុងក្រោយនេះមានតម្លៃ ១,១ពាន់លានដុល្លារ។
រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាតែងតែទប់ស្កាត់ការវាយប្រហាររបស់ក្រុមប្រឆាំងខ្លួននៅទូទាំងប្រទេស ខណៈស្ថិរភាពសេដ្ឋកិច្ចចុះខ្សោយចាប់តាំងពីធ្វើរដ្ឋប្រហារយោធាឆ្នាំ ២០២១ មក។ ប្រធានាធិបតីស្តីទី Myint Swe ដែលតែងតាំងដោយរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា កាលពីចុងឆ្នាំមុនបានព្រមានថា ប្រទេសនេះស្ថិតក្នុងហានិភ័យនៃការបែកបាក់ ប្រសិនបើខ្លួនបរាជ័យក្នុងការដោះស្រាយការបះបោរដោយក្រុមប្រឆាំង។
កាលពីខែមករា ទាហានមីយ៉ាន់ម៉ា ២៧៦នាក់បានភៀសខ្លួនទៅកាន់ឥណ្ឌា បន្ទាប់ពីមានការប៉ះទង្គិចគ្នាជាមួយក្រុមប្រដាប់អាវុធជនជាតិភាគតិចនៅភាគខាងលិចនៃប្រទេស។ យន្តហោះយោធាដែលបញ្ជូនទៅឥណ្ឌាដើម្បីនាំពួកគេត្រឡប់មកវិញ បានរអិលធ្លាក់ពីផ្លូវរត់ ហើយបានធ្លាក់បណ្តាលឲ្យមនុស្ស ១២នាក់រងរបួស៕