ជាតិ
សង្រ្កាន្តឆ្នាំថ្មី
ឆ្នាំ​២០២៤ មិនមាន«អង្គរសង្រ្កាន្ត» តែសង្រ្កាន្តតាមសាលា តាមវត្ត តាមភូមិស្រុក និងខេត្ត​ រីកដូចផ្សិត
14, Apr 2024 , 7:59 am        
រូបភាព
ភ្នំពេញ៖ ចាប់​ពី​ចុងខែមីនាមក ព្រឹត្តិការណ៍​សង្រ្កាន្តតូចធំ ហាក់​បង្ហាញ​វត្ត​មាន​ច្រើន​ខុសពីឆ្នាំមុនៗ។ ឆ្នាំនេះ ព្រឹត្តិការណ៍​«អង្គរ​សង្រ្កាន្ត» ដែល​តែងតែ​ប្រារព្ធនៅ​ទឹក​ដីខេត្ត​សៀមរាប និង​តំបន់​រមណីយដ្ឋាន​អង្គរ ​មិនមាន​ទៀត​នោះឡើយ។ ទោះ​បី​«អង្គរ​សង្រ្កាន្ត»​លែង​មាន​វត្ត​មានក្តី តែ​ព្រឹត្តិការណ៍​សង្រ្កាន្ត​តាម​វិទ្យាល័យ តាមវត្ត​អារាម តាម​ភូមិ ឃុំ ស្រុក ខេត្ត​ និង​រាជធានី​ ត្រូវ​បាន​រៀបចំ​ជា​ហូរហែ ក្នុង​រដូវ​​ចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ​។



ព្រឹត្តិការណ៍ «អង្គរសង្រ្កាន្ត» ដែល​កកើតនៅឆ្នាំ​២០១៣ បាន​បញ្ឈប់​សកម្មភាព​រៀបចំ​របស់ខ្លួន​ នៅឆ្នាំ​២០២៤។ រយៈពេល១០ឆ្នាំមកនេះ «អង្គរសង្រ្កាន្ត» បានក្លាយជាស្មារតីនៃការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ជាលក្ខណៈមហាគ្រួសារខ្មែរតែមួយ។ តាម​ពិត​ទៅ​គោលបំណងធំមួយរបស់ព្រឹត្តិការណ៍ «អង្គរសង្រ្កាន្ត» គឺការជំរុញទឹកចិត្តដល់ប្រជាពលរដ្ឋទូទៅ ឱ្យចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី និងស្រលាញ់អ្វីដែលជារបស់ខ្មែរ។ 
 
ទោះ​មិន​មាន​«អង្គរសង្ក្រាន្ត» ​តែ​ស្មារតី​នៃ​ការ​បង្កើត​ព្រឹត្តិការណ៍​សង្រ្កាន្ត​នៅតាម​សាលារៀន តាម​វត្ត តាមភូមិ ឃុំ​ ស្រុក ខណ្ឌ និង​ខេត្ត​ ក្នុង​ឆ្នាំនេះ មាន​ភាព​អ៊ូអរ និង​ផុសផុសជាង​ឆ្នាំ​មុនៗ។ នេះជា​ចលនា​មួយ នៃការ​ចូលរួម​​​អបអរសាទរ​ពិធី​បុណ្យ​ចូលឆ្នាំ​ខ្មែរ និង​បង្កើតភាព​សប្បាយរីករាយដល់​ប្រជាពលរដ្ឋ​ នៅ​តាម​បណ្ដារាជធានី-ខេត្ត។
 
សង្រ្កាន្ត​នៅតាម​រាជធានី-ខេត្ត​​ ផ្ដល់​ភាព​រីករាយដល់ពលរដ្ឋ និង​ទេសចរ​
មិនខុសពី​ឆ្នាំកន្លងទៅឡើយ នៅតាម​រាជធានី-ខេត្ត​ នៅក្នុង​ប្រទេសកម្ពុជា សុទ្ធតែរៀបចំ​ព្រឹត្តិការណ៍សង្រ្កាន្ត នៅ​ថ្ងៃ​ចូលឆ្នាំថ្មី​ ដើម្បី​ផ្ដល់​ភាព​រីករាយដល់​ប្រជាពលរដ្ឋ ជាពិសេស​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ។ ​រាជធានី-ខេត្ត​ខ្លះ ដាក់ឈ្មោះថា «ព្រឹត្តិការណ៍សង្រ្កាន្ត» និងខេត្តខ្លះ ដាក់​ឈ្មោះថា «​កម្មវិធី​កម្សាន្ត​សម្រាប់​ពិធី​បុណ្យ​ចូលឆ្នាំ​ថ្មី»។



ការ​បង្កើត​ព្រឹត្តិការណ៍​ និង​កម្មវិធី​កម្សាន្ត​ទាំងនេះ បង្ហាញ​ពីការ​ចូលរួម​ និង​យកចិត្ត​ទុក​ដាក់​របស់​រដ្ឋបាល​ខេត្ត​នីមួយៗ​ ជាពិសេស​ការ​រៀបចំ​សោភ័ណភាព និង​ភាព​ទាក់ទាញ​របស់​រាជធានី-ខេត្ត។ លើសពីការ​រៀបចំព្រឹត្តិការណ៍​ និង​កម្មវិធី​កម្សាន្តនេះ ក៏ជា​ផ្នែក​មួយ​ក្នុង​ការ​បង្ហាញ​ពី​ភាព​លេច​ធ្លោ​របស់​បណ្ដារាជធានី-ខេត្ត​ផងដែរ។ 
 
​នៅតាមបណ្ដារាជធានី​-​ខេត្ត​នីមួយ​ៗ ខិត​ខំ​ប្រឹង​ប្រែង​រៀបចំ​តុបតែង ដើម្បី​ទាក់ចិត្ត​ទេសចរ និង​ពលរដ្ឋ​ឱ្យ​ទៅ​កម្សាន្ត​។ រាជធានីភ្នំពេញវិញ បាន​ធ្វើ​រូប​សត្វ​នាគ​ពី​ឫស្សី នៅ​រមណីយដ្ឋាន​វត្ត​ភ្នំ សម្រាប់​«សង្រ្កាន្ត​វត្ត​ភ្នំ»។ ដោយ​ឡែក​ខេត្ត​សៀមរាប ដែលជា​ខេត្ត​សម្បូរ​ទេសចរ​ បាន​ដាក់​ពាងទឹក​ជាច្រើន ត្រៀម​ក្នុង​កម្មវិធី​តំបន់ត្រជាក់ចិត្ត។ 
  
រូបនាគធ្វើពីឫស្សី ក្នុងសង្រ្កាន្តវត្តភ្នំ

ក្រៅពីនេះ ខេត្ត​បាត់ដំបង ក៏​មិនធម្មតាដែរ។ «សង្រ្កាន្ត​បាត់ដំបង» នឹង​មាន​ទុរេនយក្ស ចាប៉ីដងវែង និង​ណែមយក្ស ជាពិសេស​កម្មវិធី​កម្សាន្ត​សប្បាយជាច្រើន។ នៅជិត​បាត់ដំបង គឺខេត្ត​ប៉ៃលិន និង​បន្ទាយមានជ័យ សុទ្ធតែ​មាន​កម្មវិធី​សប្បាយ មិនខុសពី​ខេត្ត​បាត់ដំបងឡើយ ជាពិសេស​មាន​ការ​បាញ់​ពពុះ​សាប៊ូផងដែរ។
 
បើក្រឡេកទៅមើល​ខេត្ត​ព្រៃវែងវិញ បាន​ដាក់​បញ្ចូល​ការ​ប្រកួត​អុក​ចត្រង្គ និង​ការ​ប្រកួត​បវរកញ្ញាវ័យចំណាស់​ និង​ស្រីស្រស់​ប្រុស​ស្អាត។ ចំណែក​ខេត្ត​ភាគ​ឦសាន រតនគិរី មណ្ឌលគិរី ស្ទឹងត្រែង និង​ក្រចេះ ក៏​មាន​កម្មវិធី​សង្រ្កាន្ត​ផងដែរ។ និយាយជា​រួមកម្មវិធី​ទាំងនេះ មានគ្រប់​រាជធានី-ខេត្ត និង​គ្រប់កម្មវិធីទាំងអស់ មាន​បញ្ចូល​ល្បែង​ប្រជាប្រិយ ការ​សម្ដែង​សិល្បៈខ្មែរ​។ 
 
សង្រ្កាន្ត​តាម​វត្ត​អារាម និង​តាម​ភូមិ​ ឃុំ ស្រុក ថែរក្សាវប្បធម៌ និង​បង្ហាញ​សាមគ្គីភាព

ងាក​មក​មើល​នៅតាម​វត្ត​អារាម តាម​ភូមិ ឃុំ សង្កាត់ ស្រុកវិញ ហាក់​មិន​ធំ​ដូច​ព្រឹត្តិការណ៍តាម​ខេត្តទេ តែ​បាន​បង្កើត​បរិយាកាសរីករាយ និងសាមគ្គីភាព។ នៅតាម​វត្ត​អារាមភាគច្រើន បាន​រៀបចំ​តុបតែង​រួចរាល់ មិនថា​ការ​ត្រៀម​ទទួល​ទេវតាឆ្នាំថ្មី ព្រះនាម មហោទរាទេវី និង​រៀបចំ​បរិវេណវត្ត អមដោយ​សម្ភារខ្មែរច្រើន។

រូបភាពពីរដ្ឋបាលខេត្តកំពង់ចាម
 
រីឯ​តាម​ភូមិ ឃុំ សង្កាត់ ស្រុកខ្លះ មេភូមិ មេឃុំ បាន​រៃប្រាក់ពី​ប្រជាពលរដ្ឋ ឬ​អ្នក​លក់​ដូរ ដើម្បី​មក​រៀបចំ​កម្មវិធី​ ញ៉ាំងឱ្យមាន​ភាព​សប្បាយ​។ ការ​កើត​មាន​សង្រ្កាន្ត​នៅតាម​វត្ត​ តាម​ភូមិ ឃុំ សង្កាត់ ស្រុកនេះ ជា​ការដាស់ស្មារតីពលរដ្ឋ​ម្នាក់ៗ ឱ្យ​​ចេះសាមគ្គីគ្នា និង​ចូលរួម​ថែរក្សា​វប្បធម៌ ប្រពៃ​ណីខ្មែរ ជាពិសេស​ប្រមែប្រមូល​ញាតិមិត្ត​មក​លេងល្បែង​ប្រជាប្រិយ និង​រាំកម្សាន្ត​តាម​ចង្វាក់​ខ្មែរ នាខែចូលឆ្នាំ។ 
 
ក្នុង​កម្មវិធី​នេះ គេ​សង្កេតឃើញថា ក្រៅ​ពី​មាន​​កម្មវិធី​កម្សាន្ត​សប្បាយ ក៏​មាន​កម្មវិធី​ស្រង់ព្រះ ឬស្រង់ទឹក ដល់​ចាស់ព្រឹទ្ធាចារ្យផងដែរ។ លើសពីនេះ វាជា​ចរន្ត​នៃ​ការ​បង្កើត​ឱ្យ​មាន​ភាព​អ៊ូ​អរ​នៅតាម​វត្ត តាមភូមិ​ និង​បង្កើន​សេដ្ឋកិច្ច​ ដល់​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ជាដើម។ 
 
សង្រ្កាន្ត​តាម​សាលារៀន ​លើក​តម្កើងល្បែង​ប្រជាប្រិយខ្មែរដល់​សិស្សនិស្សិត
ក្រៅពី​តាម​ខេត្ត​ ស្រុក ឃុំ ភូមិ វត្ត​ បាន​រៀបចំព្រឹត្តិការណ៍ នៅតាម​សាលារៀន​ជាច្រើន ដែល​បង្រៀន​ពី​កម្រិតបឋមសិក្សា ​វិទ្យាល័យ និង​សាកលវិទ្យាល័យ មិនថា​នៅ​ភ្នំពេញ និង​តាម​បណ្ដា​ខេត្ត​នោះទេ សុទ្ធតែ​បាន​រៀប​ចំកម្មវិធី​សង្រ្កាន្ត​។ គ្រឹះស្ថាន​អប់រំខ្លះរៀបចំ២ថ្ងៃ ឬ​៣ថ្ងៃ ទៅតាម​កម្មវិធី​នីមួយ​ៗ។ 
 

រូបភាពពីរដ្ឋបាលខេត្តកំពង់ចាម

ក្នុង​សង្រ្កាន្ត​តាម​សាលារៀននេះ មាន​កម្មវិធី​មិនច្រើន ដូច​សង្រ្កាន្ត​តាម​បណ្ដាខេត្ត​នោះទេ ប៉ុន្តែ​បាន​បញ្រ្ជាប​នូវ​វប្បធម៌ ប្រពៃណី ដូចជា ការ​លេង​ល្បែង​ប្រជាប្រិយ ការ​សូត្រមន្ត​លើករាសី ការ​រាប់បាត្រ​ដល់​ព្រះសង្ឃជាដើម។ ទោះ​បីក្នុង​កម្មវិធីនេះ មិនមាន​ការ​កម្សាន្ត​ច្រើន តែ​ការ​ចូលរួម​លេង​ល្បែង​ប្រជាប្រិយ​របស់សិស្សនិស្សិតទោះតិចក្ដីច្រើនក្ដី ក៏​ជា​ការ​ចូលរួម​លើក​តម្កើង​ល្បែង​ប្រជាប្រិយខ្មែរផងដែរ។
 
ប្រសិន​បើ​មិន​មាន​ការ​បង្កើត​​ព្រឹត្តិការណ៍បែបនេះ សិស្សនិស្សិត​យុវជន ក៏​មិនមាន​ឱកាស​បានលេង​ល្បែងប្រជាប្រិយដែរ ខណៈវប្បធម៌មួយនេះ កំពុងប្រឈមបាត់បង់បន្តិចម្ដងៗ ។ តែ​យ៉ាង​ណា យុវជន​គ្រប់​រូប ត្រូវ​មាន​ស្មារតី​ជាតិ​និយម និង​មិន​ត្រូវ​ផុងខ្លួន​ ចាប់​យក​វប្បធម៌​បរទេស ភ្លេច​វប្បធម៌ខ្មែរឡើយ។ ការ​ចូលរួម​លេងល្បែង​ប្រជាប្រិយខ្មែរ ជា​ការ​លើក​តម្កើង​វប្បធម៌ ប្រពៃ​ណីខ្មែរ៕​

រូបភាពពីរដ្ឋបាលខេត្តកំពត

រូបភាពពីរដ្ឋបាលខេត្តកែប

រូបភាពពីរដ្ឋបាលខេត្តបន្ទាយមានជ័យ

រូបភាពពីរដ្ឋបាលខេត្តបាត់ដំបង

Tag:
 សង្រ្កាន្ត​ឆ្នាំថ្មី​
  ចូលឆ្នាំខ្មែរ
  វប្បធម៌
  ប្រពៃណី​
© រក្សាសិទ្ធិដោយ thmeythmey.com