ជាតិ
សង្រ្កាន្តឆ្នាំថ្មី
ចូលឆ្នាំថ្មី៖ យុវជនកម្ពុជាក្រោម តែងជួបជុំគ្នាលេងល្បែងប្រជាប្រិយ នៅវត្តអារាម
13, Apr 2024 , 8:19 pm        
រូបភាព
រូបតំណាង៖ ការសម្លែងរបាំសិល្បៈខ្មែររបស់យុវជនខ្មែរកម្ពុជាក្រោមនៅមុខវត្តត្តស្វាយសៀមចាស់ ក្នុងខេត្តព្រះត្រពាំង នៃទឹកដីខ្មែរកម្ពុជាក្រោម។ រូបថត៖​ Khmer Krom Culture
រូបតំណាង៖ ការសម្លែងរបាំសិល្បៈខ្មែររបស់យុវជនខ្មែរកម្ពុជាក្រោមនៅមុខវត្តត្តស្វាយសៀមចាស់ ក្នុងខេត្តព្រះត្រពាំង នៃទឹកដីខ្មែរកម្ពុជាក្រោម។ រូបថត៖​ Khmer Krom Culture
ពលរដ្ឋខ្មែរកម្ពុជាក្រោម ក៏ត្រៀមខ្លួនជាស្រេចក្នុងការទទួលទេវតា និងចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីដែរ។ រាល់ពិធីបុណ្យចូលឆ្នាំខ្មែរ ប្រជាពលរដ្ឋ ជាពិសេសយុវជនខ្មែរកម្ពុជាក្រោម តែងតែទៅជួបជុំគ្នានៅតាមទីវត្តអារាម ដើម្បីលេងល្បែងប្រជាប្រិយ និងរាំកម្សាន្តសប្បាយនានា។

 
ដ្បិតពលរដ្ឋខ្មែរកម្ពុជាក្រោម រស់នៅក្រោមការគ្រប់គ្រងពីសំណាក់រដ្ឋាភិបាលវៀតណាមយ៉ាងណាក្តី  ក៏ពលរដ្ឋទាំងនោះខំប្រឹងប្រែងថែរក្សាវប្បធម៌ និងប្រពៃណីខ្មែរមិនឱ្យបាត់បង់ឡើយ។ នៅថ្ងៃទី១៣ ១៤ ១៥ និង១៦មេសានេះ ប្រជាពលរដ្ឋ សិស្ស និស្សិត និងកម្មករខ្មែរក្រោម ដែលធ្វើការនៅទីក្រុង បានត្រលប់មកស្រុកកំណើតរៀងៗខ្លួនវិញ ដើម្បីជួបជុំគ្រួសារ រៀបចំសម្អាតផ្ទះសម្បែង រៀបរណ្ដាប់សែនព្រេន សម្រាប់ទទួលទេវតាឆ្នាំថ្មីនៅតាមផ្ទះ និងតាមទីវត្តអារាមនានា។
 
ក្នុងឱកាសនោះ ពលរដ្ឋកម្ពុជាក្រោម ជាពិសេសយុវជនតែងតែមកជួបជុំគ្នានៅតាមទីវត្តអារាម ដើម្បីលេងល្បែងប្រជាប្រិយនានា ដូចជា បោះអង្គញ់ ចោលឈូង ទាញព្រ័ត្រ វាយក្អម លាក់កន្សែង និងល្បែងលោតបាវ.....ជាដើម។ ក្នុងបទសម្ភាសជាមួយសារព័ត៌មានឌីជីថលថ្មីៗ(ThmeyThmey លោក ប៊ុន មុន្នី ប្រធានសមាគមខ្មែរកម្ពុជាក្រោម បានបញ្ជាក់ថា៖ « វត្តអារាមដែលមានការរៀបចំកម្មវិធីប្រគុំតន្ត្រីប្រពៃណី លេងល្បែងប្រជាប្រិយខ្មែរយើង និងកម្មវិធីកម្សាន្តផ្សេងៗក្នុងពិធីបុណ្យចូលឆ្នាំថ្មី គឺតែងតែវត្តមានយុវជនប្រុស-ស្រីច្រើនកុះករ ចូលរួមលេងកម្សាន្តយ៉ាងរីករាយ »។ 
 
លោក ប៊ុន មុន្នី កត់សម្គាល់ឃើញយុវជនខ្មែរក្រោម ដែលចូលទីវត្តអារាមលេងល្បែងប្រជាប្រិយ និងរាំលេងកម្សាន្តបែបប្រពៃណី ក្នុងពិធីបុណ្យចូលឆ្នាំថ្មីនោះ ក៏និយមស្លៀកសម្លៀកបំពាក់ប្រពៃណីខ្មែរ ដូចអ្នករស់នៅកម្ពុជា ផងដែរ។


ការរាំលេងកម្សាន្តរបស់ក្រុមយុវជនខ្មែរកម្ពុជាក្រោមនៅវត្តស្វាយសៀមចាស់ ក្នុងខេត្តព្រះត្រពាំង នាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ។ រូបថត៖​ Khmer Krom Culture
 
« ក្រុមយុវជនខ្មែរនៅកម្ពុជាក្រោម គឺយកចិត្តទុកដាក់លើផ្នែកបុណ្យប្រពៃណីខ្មែរនេះណាស់។ ព្រោះនៅទីនោះ[ខ្មែរកម្ពុជាក្រោម] ពួកគាត់ម្នាក់ៗ បានស្គាល់ប្រពៃណី ទំនៀមទន្លាប់ និងបានជួបជុំញាតិមិត្ត សាច់សាលោហិត តែរដូវមានកម្មវិធីបុណ្យប្រពៃណីរបស់ខ្លួនតែប៉ុនណឹង»។ នេះជាការលើកឡើងរបស់លោកប្រធានសមាគមខ្មែរកម្ពុជាក្រោម ដែលមើលឃើញថា រាល់ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ យុវជនខ្មែរកម្ពុជាក្រោមភាគច្រើន យកចង្ហាន់ទៅប្រគេនព្រះសង្ឃនៅវត្តអារាម ហើយជួបជុំគ្នាលេងល្បែងប្រជាប្រិយ ដើម្បីបង្កើនទំនាក់ទំនង និងភាពស្និទ្ធស្នាលគ្នា រវាងប្រជាសហគមន៍ខ្មែររស់នៅលើទឹកដីកម្ពុជាក្រោម។ 
 
លោក ប៊ុន មុន្នី អះអាងថា ៖ « ខាងក្រុមយុវជននៅកម្ពុជាក្រោមភាគច្រើន ពួកគាត់តែងតែនាំគ្នាទៅវត្តអារាម ទាំងពេលថ្ងៃ ទាំងពេលយប់ ក្នុងពេលមានកម្មវិធីបុណ្យចូលឆ្នាំថ្មី ដើម្បីធ្វើបុណ្យទានផង ដើម្បីរាំរបាំប្រពៃណីខ្មែរផង និងដើម្បីលេងល្បែងប្រជាប្រិយខ្មែរផង»។ 
 
បើតាមប្រធានសមាគមខ្មែរកម្ពុជាក្រោមរូបនេះ ទីវត្តអារាមដែលយុវជននិយមស្លៀកពាក់ប្រពៃណីខ្មែរលេងល្បែងប្រជាប្រិយ រាំកម្សាន្ត និងចូលរួមកម្មវិធីកម្សាន្តផ្សេងៗ ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ មាននៅវត្តដើមអំពិល វត្តលក្ខណវង្ស វត្តឈូងធំ ស្ថិតនៅក្នុងខេត្តឃ្លាំង រួមទាំងវត្តអារាមនានា ក្នុងខេត្តព្រះត្រពាំង។ 
 
គួរជម្រាបថា វត្តអារាមនៅក្នុងទឹកដីកម្ពុជាក្រោមមានជាង៤០០វត្ត ហើយខេត្តដែលពលរដ្ឋខ្មែរក្រោមរស់នៅច្រើនជាងគេ គឺខេត្តព្រះត្រពាំង ខេត្តឃ្លាំង និងខេត្តពលលាវ៕ 
 

Tag:
 ចូលឆ្នាំថ្មី
  ខ្មែរកម្ពុជាក្រោម
© រក្សាសិទ្ធិដោយ thmeythmey.com