ជាតិ
សង្រ្កាន្តឆ្នាំថ្មី
បុណ្យភូមិ មានអ្វីប្លែកទេ? កញ្ញា រិទ្ធី លំអរពេជ្រ​ ប្រឹងបង្ហាញវប្បធម៌ជាតិ តាមរយៈចលនាបុណ្យភូមិ
14, Apr 2024 , 11:59 am        
រូបភាព
ភ្នំពេញ៖ កញ្ញា រិទ្ធី លំអរពេជ្រ ជាសហស្ថាបនិកបុណ្យភូមិ ដែលបានបង្កើតឡើងតាំងពីឆ្នាំ២០១៣។ មកដល់បច្ចុប្បន្នបុណ្យភូមិមានវត្តមាន១១ឆ្នាំហើយ ដែលត្រូវបានរៀបចំនៅទីតាំងចំនួន១១ផ្សេងគ្នា។ វត្តមានបុណ្យភូមិ បានធ្វើឱ្យយុវជនស្វែងយល់ពីវប្បធម៌ និងទំនៀមទម្លាប់ប្រពៃណីខ្មែរ ជាពិសេសល្បែងប្រជាប្រិយខ្មែរ រួមទាំងសិល្បៈបុរាណនាពិធីបុណ្យចូលឆ្នាំខ្មែរ។



សូមអញ្ជើញលោក-អ្នកនាងទស្សនាវីដេអូខាងក្រោមដូចតទៅ៖
 
 

កញ្ញា រិទ្ធី លំអរពេជ្រ បានប្រាប់សារព័ត៌មានថ្មីៗថា បេសកកម្មរបស់បុណ្យភូមិ ធ្វើឡើងដើម្បីចូលរួមអភិរក្សសិល្បៈវប្បធម៌ ប្រពៃណីខ្មែរ ដែលស្ទើរតែបាត់បង់ មកបង្ហាញឱ្យយុវជនជំនាន់ក្រោយបានស្គាល់ និងនាំគ្នាស្វែងឱ្យកាន់តែច្បាស់ផងដែរ។ បេសកកម្មមួយទៀតរបស់បុណ្យភូមិ គឺជាការផ្សព្វផ្សាយវប្បធម៌ ប្រពៃណីខ្មែរ ដែលមានដូចជាល្បែងប្រជាប្រិយជាច្រើនប្រភេទ សិល្បៈចម្រុះ រួមទាំងប្រតិបត្តិពិធីចូលឆ្នាំខ្មែរឱ្យកាន់តែទូលំទូលាយដល់ពលរដ្ឋខ្មែរគ្រប់ទីកន្លែង និងជាតិសាសន៍ដទៃទៀតផង។
 
មួយវិញទៀត កញ្ញា លំអរពេជ្រ ក៏ចង់ឱ្យការប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរ ការលេងល្បែងប្រជាប្រិយខ្មែរក្លាយទៅជារឿងធម្មតា ប៉ុន្តែពេញនិយមសម្រាប់យុវជន និងជាការចង់ចាំដ៏ល្អសម្រាប់ពួកគេ។ កញ្ញា រម្លឹកថាវត្តមានបុណ្យភូមិក្នុងរយៈពេលទសវត្សរ៍មកនេះ បានក្លាយជាផ្នែកលើកស្ទួយវប្បធម៌ខ្មែរ ក៏ដូចជាជំរុញឱ្យពលរដ្ឋងាកមកចាប់អារម្មណ៍ពីកម្មវិធីបែបប្រពៃណី វប្បធម៌កាន់តែច្រើន និងផ្ដល់អនុស្សាវរីយ៍ដ៏ល្អផងដែរ។ 
 
សហស្ថាបនិកបុណ្យភូមិ កញ្ញា លំអរពេជ្រ រំពឹងថា បុណ្យភូមិនឹងនៅតែអាចមានវត្តមានបន្តទៀត ដើម្បីនាំយកសិល្បៈ វប្បធម៌ប្រពៃណីខ្មែរជាច្រើនមកបង្ហាញឱ្យពលរដ្ឋបានស្គាល់។

«សម្រាប់ខ្ញុំ ខ្ញុំសប្បាយចិត្តនូវអ្វីដែលយើងបានធ្វើកន្លងមក ហើយក៏សង្ឃឹមថាយើងនៅតែបន្តធ្វើមហោស្រពសិល្បៈបុណ្យភូមិតទៅមុនទៅតាមឆ្នាំនីមួយៗ ហើយអាចធំទៅៗ មិនមែនមានថាទំហំនៃការរៀបចំធំទេ។​ ប៉ុន្តែក្នុងរូបភាពនៃកម្មវិធី ដែលយើងអាចនាំអ្វីដែលប្លែក អ្វីដែលសឹងតែបាត់បង់យកមក»។ នេះជាការលើកឡើងរបស់កញ្ញា លំអរពេជ្រ ដែលបន្តថា កន្លងមកនេះបុណ្យភូមិបានផ្ដល់អនុស្សាវរីយ៍ល្អៗ និងបានបង្រៀនកញ្ញាយ៉ាងច្រើន ការអត់ធ្មត់ ភាពជាអ្នកដឹកនាំ និងស្គាល់ពីទម្រង់សិល្បៈបុរាណខ្មែរយ៉ាងច្រើនទៀតផង៕
 

Tag:
 រិទ្ធី លំអរពេជ្រ​
© រក្សាសិទ្ធិដោយ thmeythmey.com