សេដ្ឋកិច្ច
អន្តរជាតិ
ប្រធានាធិបតីអាម៉េរិក និងភរិយា ប្រកាសប្រាក់ចំណូលប្រចាំឆ្នាំ២០២៣
16, Apr 2024 , 11:20 am        
រូបភាព
ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន និងភរិយា ។ រូបភាព ៖ AP
ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន និងភរិយា ។ រូបភាព ៖ AP
ប្រធានាធិបតីអាម៉េរិកលោក ចូ បៃឌិន និងភរិយាទីមួយលោកស្រី Jill បានចេញផ្សាយរបាយការណ៍បង់ពន្ធសហព័ន្ធ ដោយបង្ហាញពីប្រាក់ចំណូលបានកើនឡើង ៧ភាគរយដល់ជិត ៦២ម៉ឺនដុល្លារកាលពីឆ្នាំមុន។

 
យោងតាមសេចក្តីប្រកាសរបស់សេតវិមាននៅថ្ងៃទី១៥ ខែមេសា លោកប្រធានាធិបតី បៃឌិន និងលោកស្រីទីមួយ Jill សន្សំប្រាក់បាន ៤ភាគ៥ ពីចំណូលជាប្រធានសេតវិមាន និងគ្រូបង្រៀននៅមហាវិទ្យាល័យសហគមន៍នៅ Northern Virginia ។ លោក Biden មានប្រាក់បៀវត្សរ៍ចំនួន ៤០ម៉ឺនដុល្លារ ខណៈលោកស្រី Jill មានប្រាក់ចំណូល ៨៥ ៩៨៥ដុល្លារពីអាជីពក្នុងការបង្រៀនភាសាអង់គ្លេសក្នុង១ឆ្នាំ។
 
ប្រាក់ចំណូលផ្សេងទៀតបានមកពីការប្រាក់វិនិយោគ ប្រាក់សោធននិវត្តន៍ និងប្រាក់លក់សៀវភៅ។ ភាគច្រើននៃការកើនឡើងនៃប្រាក់ចំណូលបើធៀបនឹងឆ្នាំ២០២២ គឺបានមកពីការប្រាក់ដែលបានបង់ទៅគណនីធនាគារមួយរវាងប្តីប្រពន្ធ។
 
ប្រាក់ចំណូលសរុបរបស់ប្រធានាធិបតីអាម៉េរិក និងភរិយាគឺ ៦១៩ ៩៧៦ដុល្លារ ហើយអ្នកទាំងពីរបានបង់ពន្ធឲ្យសហព័ន្ធចំនួន ២៣,៧ភាគរយនៃប្រាក់ចំណូលទាំងអស់ ដែលមិនសូវមានភាពខុសគ្នាខ្លាំងពីឆ្នាំ ២០២២ ទេ។ 
 
គ្រួសាររបស់ប្រធានាធិបតី បៃឌិន ក៏បានបរិច្ចាគទឹកប្រាក់ ២០ ២៧៧ដុល្លារដល់អង្គការសប្បុរសធម៌ ដូចជាព្រះវិហារ ឬអង្គការសុខភាពសាធារណៈ ដែលស្មើនឹងប្រហែល ៣,៣ភាគរយនៃប្រាក់ចំណូល។
 
«លោកប្រធានាធិបតី បៃឌិន ជឿថា មនុស្សគ្រប់គ្នាដែលធ្វើការនៅក្នុងការិយាល័យសេតវិមានត្រូវតែបើកចំហ និងស្មោះត្រង់ជាមួយប្រជាជនអាម៉េរិក ហើយថាប្រពៃណីដ៏យូរអង្វែងនៃការចេញផ្សាយការបង់ពន្ធប្រចាំឆ្នាំរបស់ប្រធានាធិបតីនឹងត្រូវបានរក្សាទុកជារៀងរហូត»។ នេះបើតាមសារព័ត៌មាន Reuters ដកស្រង់សេចក្តីថ្លែងការណ៍របស់សេតវិមាន។ 
 
អនុប្រធានាធិបតី Kamala Harris និងស្វាមីលោក Douglas Emhoff ក៏បានចេញរបាយការណ៍បង់ពន្ធដោយបង្ហាញថា ពួកគេមានប្រាក់ចំណូលចំនួន ៤៥០ ៣៨០ដុល្លារ សម្រាប់ឆ្នាំ ២០២៣ បង់ពន្ធសហព័ន្ធចំនួន ៨៨៥៧០ដុល្លារ និងការបរិច្ចាគសប្បុរសធម៌ចំនួន ២៣ ០២៦ដុល្លារ៕ 

Tag:
 ចូ បៃឌិន
© រក្សាសិទ្ធិដោយ thmeythmey.com