កីឡាជាតិ
ជាតិ
ក្បាច់គុនខ្មែរ នឹងមានអ្នកស្គាល់ច្រើន តាមរយៈការធ្វើម្ចាស់ផ្ទះគុនចម្រុះជើងឯកអាស៊ី នៅកម្ពុជា
17, Apr 2024 , 7:40 pm        
រូបភាព
កីឡាករ ចាន់ រតនា ប្រកួត One Champions រូបពី One Champions
កីឡាករ ចាន់ រតនា ប្រកួត One Champions រូបពី One Champions
សហព័ន្ធកីឡាគុនចម្រុះកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះការប្រកួតជើងឯកអាស៊ី លើកទី២ ចាប់ពីថ្ងៃទី១១-១៣ ខែកក្កដា ឆ្នាំ២០២៤ (The 2nd  Asian Mixed Martial Arts Championship 2024)។ លោក ជឹម ធារ៉ា អគ្គលេខាធិការសហព័ន្ធកីឡាគុនចម្រុះកម្ពុជា បាននិយាយថា ការធ្វើជាម្ចាស់ផ្ទះប្រកួត ដ៏ធំនេះ គឺដើម្បីផ្សព្វផ្សាយក្បាច់គុនខ្មែរ និងជាការបង្ហាញពីសមត្ថភាពអត្ដពលិកកម្ពុជា លើប្រភេទកីឡាប្រយុទ្ធ។



ទទួលបានសិទ្ធរៀបព្រឹត្តិការណ៍ប្រកួតជើងឯកអាស៊ីជាលើកដំបូង ត្រូវបានចាត់ទុកថាសំខាន់ ក្នុងវិស័យកីឡាគុនចម្រុះ ដោយប្រទេសទាំងអស់ក្នុងតំបន់អាស៊ី ត្រូវចូលរួមប្រកួតដណ្តើមយកមេដាយ និងជាទិន្នផលសម្រាប់ចូលរួមក្នុងព្រឹត្តិការណ៍ The 6th Asian Indoor and Martial Art Games 2021 នៅប្រទេសថៃ ដែលជាព្រឹត្តិការណ៍ធំប្រចាំទ្វីបអាស៊ី។ ព្រឹត្តិការណ៍ ដែលត្រូវធ្វើនៅប្រទេសថៃចុងឆ្នាំ ២០២៤ ដំបូងឡើងត្រូវធ្វើនៅឆ្នាំ២០២១ ប៉ុន្ដែត្រូវបានម្ចាស់ផ្ទះថៃ ពន្យារពេលជាច្រើនលើក ព្រោះបញ្ហាកូវីដ-១៩។

លោក ជឹម ធារ៉ា បានប្រាប់សារព័ត៌មានថ្មីៗ តាមតេលេក្រាមថា ការប្រកួតយុទ្ធគុនចម្រុះជើងឯកអាស៊ី លើកទី២ នឹងមានប្រទេសក្នុងទ្វីបអាស៊ីចូលរួមច្រើន បើទោះជាមិនគ្រប់ ៤៥ប្រទេស ក៏ដោយ។ «យើងដឹងថាការប្រកួតនេះនឹងមានប្រទេសចូលរួមច្រើន ព្រោះការប្រកួតនេះ មិនត្រឹមតែជាការប្រកួតដណ្តើមជើងឯកអាស៊ីនោះទេ ប៉ុន្ដែក៏ជាព្រឹត្តិការណ៍ដ៏សំខាន់សម្រាប់ប្រទេសជាសមាជិកសហព័ន្ធកីឡាយុទ្ធគុនចម្រុះអាស៊ីត្រូវប្រកួតឆ្លងវគ្គជម្រុះ (Qualified) ដើម្បីទទួលបានសិទ្ធិចូលរួមព្រឹត្តិការណ៍ប្រកួត the 6th Asian Indoor and Martial Art Games 2021 នៅចុងឆ្នាំ២០២៤ ដែលជាព្រឹត្តិការណ៍ប្រកួតដ៏ធំប្រចាំទ្វីបអាស៊ីចម្រុះប្រភេទកីឡា និងពហុវិញ្ញាសា មានប្រទេសចូលរួមចំនួន ៤៥ប្រទេស។»។

មូលហេតុ ដែលកម្ពុជាអាចធ្វើជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍កម្រិតអាស៊ីនេះ លោក ជឹម ធារ៉ា រៀបរាប់ថា ដោយសារសហព័ន្ធកីឡាយុទ្ធគុនចម្រុះអាស៊ី និងក្រុមប្រឹក្សាអូឡាំពិកអាស៊ី សម្លឹងឃើញកម្ពុជា មានសក្ដានុពល ជាពិសេសភាពសម្បូរបែបនៃក្បាច់គុន ដូចជាល្បុក្កតោ និងប្រដាល់គុនខ្មែរ ជាដើម។

ដោយឡែក ការធ្វើជាម្ចាស់ផ្ទះនេះ មានសារៈសំខាន់ ចំពោះវិស័យកីឡាយុទ្ធគុនចម្រុះកម្ពុជា ព្រោះជាឱកាសសម្រាប់សហព័ន្ធក្នុងការផ្សព្វផ្សាយ និងបង្ហាញពីវឌ្ឍនភាព នៃវិស័យកីឡាមួយនេះ។ លោក ជឹម ធារ៉ា ​ក៏បានបន្ថែមទៀតថា ក្រៅអំពីផ្សព្វផ្សាយកីឡាគុនចម្រុះកម្ពុជា ព្រឹត្តិការណ៍នេះ ក៏ជាឱកាសបង្ហាញថា ក្បាច់គុនខ្មែរ អាចយកមកប្រកួតជាមួយវិញ្ញាសាប្រយុទ្ធផ្សេងៗ គ្រប់ទម្រង់ទាំងអស់ ហើយក៏ជាការបង្ហាញពីសក្ដានុពលរបស់អត្ដពលិកកម្ពុជា ផងដែរ។

«យើងធ្វើជាម្ចាស់ផ្ទះនេះ ទី១គឺយើងមានគោលបំណងដើម្បីផ្សព្វផ្សាយអំពីកីឡាយុទ្ធគុនចម្រុះ (MMA)នេះទៅកាន់ប្រជាជនកម្ពុជាឱ្យបានទូលំទូលាយ។ ទី២ យើងចង់ផ្សព្វផ្សាយអំពីសិល្បៈក្បាច់គុនដើមរបស់ខ្មែរទៅកាន់ពិភពលោក ដែលអាចបញ្ជាក់បានថាសិល្បៈក្បាច់គុនរបស់យើងក៏មានសក្តានុពល បច្ចេកទេស និងអាចចូលរួមប្រកួតប្រជែងជាមួយសិល្បៈក្បាច់គុនផ្សេងៗទៀតបានផងដែរក្នុងក្របខណ្ឌការប្រកួតកីឡាយុទ្ធគុនចម្រុះអន្តរជាតិនានា។»។។ លោក ជឹម ធារ៉ា បានប្រាប់ដូច្នេះ។

គួរបញ្ជាក់ផងដែរថា ការប្រកួតយុទ្ធគុនចម្រុះជើងឯកអាស៊ី លើកទី១ ត្រូវបានធ្វើនៅប្រទេសថៃ កាលពីថ្ងៃទី១៨-២០ ខែសីហា ឆ្នាំ២០២៣ ដោយមាន១៩ប្រទេសចូលរួម។ រីឯកម្ពុជា សហព័ន្ធ បានបញ្ជូនកីឡាករ-កីឡាការិនី៤រូប មានដូចជា៖ កីឡាករ មាស ម៉ើ ឈ្នះមេដាយសំរិទ្ធ, កីឡាករ សូ សុវណ្ណរតនា, កីឡាករ ធាន អាត ឈ្នះមេដាយសំរិទ្ធ១ និងកីឡាការិនី ផល រតនា៕


Tag:
 យុទ្ធគុនចម្រុះ
  ជឹម​ ធារ៉ា
© រក្សាសិទ្ធិដោយ thmeythmey.com