ជាតិ
សង្គមជាតិ
សំណុំរឿង ឡេង ចាន់ណា៖ តុលាការឃុំខ្លួនជនត្រូវចោទ៥នាក់ បង្កកគណនីធនាគារចំនួន១៨៣
× សាលាដំបូងខេត្តសៀមរាប បានសម្រេចឃុំខ្លួនជនត្រូវចោទចំនួន៥នាក់ និងបង្កកគណនីធនាគារចំនួន១៨៣ និងទ្រព្យសម្បត្តិមួយចំនួន ពាក់ព័ន្ធនឹងសំណុំរឿងក្រុមហ៊ុន ប៊ីលាន ស៊ីធី វើលដ៍ ឯ.ក របស់ជនសង្ស័យឡេង ចាន់ណា។ វឌ្ឍនភាពនៃពាក់ព័ន្ធសំណុំរឿងខាងលើនេះត្រូវបានបញ្ជាក់តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់សាលាដំបូងខេត្តសៀមរាប ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤។
បន្ថែមពីនេះ សាលាដំបូងខេត្តសៀមរាប ក៏បានចេញដីកាបង្គាប់ឱ្យនាំខ្លួនជនត្រូវចោទ២នាក់ និងចេញដីកាបង្គាប់ឱ្យជនត្រូវចោទចំនួន២៤នាក់ចូលខ្លួន ចាប់ពីថ្ងៃទី១៨ ខែមេសានេះ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤។
នៅក្នុងសំណុំរឿងដដែលនេះ សាលាដំបូងខេត្តសៀមរាប បានចេញដីកាចាត់ឱ្យស៊ើបសួរជំនួស ដោយបង្គាប់ឱ្យស្រាវជ្រាវទ្រព្យសម្បត្តិ និងសាវតារជាតិរបស់ជនពាក់ព័ន្ធផ្សេងទៀត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។ នេះបើតាមសេចក្តីប្រកាសព័ត៌មានដដែល។
ដើម្បីធានាបានភាពត្រឹមត្រូវ ច្បាស់លាស់ តម្លាភាព និងយុត្តិធម៌ អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាប បានសង្កត់ធ្ងន់ថា សាលាដំបូងខេត្តសៀមរាប កំពុងបន្តចាត់ការយ៉ាងយកចិត្តទុកដាក់ លើសំណុំរឿងពាក់ព័ន្ធនឹងក្រុមហ៊ុន ប៊ីលាន ស៊ីធី វើលដ៍ ឯ.ក ។ យ៉ាងណាក៏ដោយ តុលាការត្រូវការពេលវេលាបន្ថែម ដើម្បីស្រាវជ្រាវសំណុំរឿងដែលមានមនុស្សច្រើននាក់ជាប់ពាក់ព័ន្ធនេះ។ «សំណុំរឿងនេះ ត្រូវធ្វើការស៊ើបសួរទៅលើបុគ្គលដែលមានការពាក់ព័ន្ធច្រើននាក់បន្តទៀត ហើយចំនួនជនរងគ្រោះក៏មានច្រើនផងដែរ ដែលទាមទារពេលវេលាសមរម្យក្នុងការស្រាវជ្រាវឱ្យអស់លទ្ធភាព ក្នុងន័យស្វែងរកការពិត ដើម្បីដោះស្រាយជូនជនរងគ្រោះ ដើមបណ្តឹងរដ្ឋប្បវេណី ទាំងអស់តាមនីតិវិធីច្បាប់»។ សេចក្តីប្រកាសព័ត៌មានដដែលបញ្ជាក់ដូច្នេះ។
សូមរំឭកថា សាលាដំបូងខេត្តសៀមរាប នៅថ្ងៃទី១៣មីនា បានសម្រេចចោទប្រកាន់ជនសង្ស័យឈ្មោះ ឡេង ចាន់ណា អគ្គនាយិកាក្រុមហ៊ុន ទ្រីលានស៊ីធី និងអគ្គនាយករងក្រុមហ៊ុន២នាក់ទៀត ព្រមទាំងបក្ខពួកចំនួន៣បទល្មើស គឺ បទឆបោកមានស្ថានទម្ងន់ទោស, មិនបំពេញកាតព្វកិច្ច ឧបករណ៍ដែលអាចជួញដូរបាន និងសម្អាតប្រាក់។
ជនសង្ស័យឈ្មោះ ឡេង ចាន់ណា និងបក្ខពួក ត្រូវបានសមត្ថកិច្ចខេត្តសៀមរាប ឃាត់ខ្លួននៅថ្ងៃទី១២ មីនា ពាក់ព័ន្ធនឹងការឆបោកពលរដ្ឋឱ្យដាក់ប្រាក់វិនិយោគក្រោមរូបភាពទទួលបានការប្រាក់ប្រចាំខែក្នុងអត្រាខ្ពស់៕
© រក្សាសិទ្ធិដោយ thmeythmey.com