ជាតិ
ក្រសួងបរិស្ថាន ប្រកាសចែកកូនឈើដោយឥតគិតថ្លៃ នៅខែកក្កដា រូបពីក្រសួងបរិស្ថាន
× ភ្នំពេញ៖ ក្រសួងបរិស្ថាន សម្រេចរៀបចំពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើ ក្រោមមូលបទ «ពន្លកបៃតង» ចាប់ពីថ្ងៃទី១០ ខែកក្កដាតទៅ នៅមុខទីស្តីការក្រសួងបរិស្ថាន សម្រាប់ចែកជូនពលរដ្ឋយកទៅដាំដុះ នៅតាមគេហដ្ឋាន សាលារៀន វត្តអារាម ទីកន្លែងសាធារណៈ និងទីតាំងឯកជននានា ដោយឥតគិតថ្លៃ។
លោក អ៊ាង សុផល្លែត នៅថ្ងៃទី១៨ ខែមេសា រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានឱ្យដឹងថា ការរៀបចំព្រឹត្តិការណ៍នេះ ឆ្លើយតបទៅនឹងគោលនយោបាយរបស់រដ្ឋាភិបាល នីតិកាលទី៧ និងការអនុវត្តតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ឆ្នាំ២០២៣-២០២៨ ដែលបានផ្តោតលើមុំ៣សំខាន់គឺ ស្អាត បៃតង និងចីរភាព។ ការចែកកូនឈើនេះដែរ ក៏ឆ្លើយតបទៅនឹងតម្រូវការរបស់កម្ពុជា និងនិន្នាការបរិស្ថានពិភពលោក ព្រមទាំងជំរុញដំណើរកម្ពុជា ឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូន និងមានគម្របព្រៃឈើចំនួន៦០ភាគរយនៅឆ្នាំ២០៥០ ផងដែរ។
បច្ចុប្បន្ន មន្ទីរបរិស្ថានរាជធានី-ខេត្តទាំងអស់ បណ្តុះបានកូនឈើគ្រប់ប្រភេទជាង១លានដើមរួចហើយ ដើម្បីត្រៀមចែកជូនពលរដ្ឋ។ បន្ថែមពីលើនេះ ក្រសួងបរិស្ថាន នឹងផ្តល់កូនត្នោតជាង៣០ម៉ឺនដើមទៀត សម្រាប់យុទ្ធនាការបៃតងកម្ពុជា ដោយបានកំណត់យកការដាំកូនឈើយ៉ាងតិច១លានដើម ចាប់ពីឆ្នាំ២០២៤តទៅ។
ក្រោមការដឹកនាំរបស់ សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក្រសួងបរិស្ថាន បានចេញយុទ្ធនាការបង្រ្កាបបទល្មើសធនធានធម្មជាតិទូទាំងប្រទេស ដោយចាប់ផ្ដើមពីខេត្តពោធិ៍សាត់មុនគេ។
ប្រតិបត្តិការក្តៅរយៈពេល២៥ថ្ងៃ គិតចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី៥ ខែមេសា នៅខេត្តពោធិ៍សាត់នេះ រដ្ឋឃ្លុំដីបានជាង១ម៉ឺនហិកតា និងឃាត់ខ្លួនមនុស្សបាន៤៧នាក់ ក្នុងនោះមានដីជាង១០០ហិកតា ត្រូវបានដកហូតពីគម្រោងវិនិយោគទេសចរណ៍១៣កន្លែង ស្ថិតក្នុងភូមិសាស្រ្តភ្នំ១៥០០ ស្រុកវាលវែង ដើម្បីដាំស្ដារព្រៃឈើឡើងវិញ៕
Tag:
ក្រសួងបរិស្ថាន
អ៊ាង សុផល្លែត
កូនឈើ
© រក្សាសិទ្ធិដោយ thmeythmey.com