ជាតិ
សម្ដេច ហ៊ុន ម៉ាណែត ចូលរួមសន្និបាតអាស៊ី-ប៉ាស៊ីហ្វិក ស្តីពីការប្រើប្រាស់នវានុវត្តន៍ឌីជីថល
22, Apr 2024 , 9:35 am        
រូបភាព
សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូ ទៅចូលរួមពិធីបើកសន្និបាតលើកទី៨០ របស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ច សម្រាប់អាស៊ី-ប៉ាស៊ីហ្វិក នៅទីក្រុងបាងកក ប្រទេសថៃ ក្រោមប្រធានបទ «ការប្រើប្រាស់នវានុវត្តន៍ឌីជីថលសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក» ។

 
សន្និបាតប្រចាំឆ្នាំនេះ នឹងពិភាក្សាអំពីសក្តានុពលនៃបច្ចេកវិទ្យាឌីជីថល និងវិធីសាស្ត្រពង្រឹងកិច្ចសហប្រតិបត្តិការតំបន់ ក្នុងការដោះស្រាយបញ្ហាប្រឈមជាសកល ដែលកំពុងកើតមាន និងការពន្លឿនការសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ។ ប្រមុខរដ្ឋាភិបាលកម្ពុជា ក៏នឹងឡើងថ្លែងសន្ទរកថា នៅក្នុងសន្និបាតនេះផងដែរ។
 
ប្រតិភូអមដំណើរនាយករដ្ឋមន្រ្តី រួមមាន លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ , លោក លី ធុច ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការជាតិ និងលោក ជា វ៉ាន់ដេត រដ្ឋមន្តី ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ព្រមទាំងមន្ត្រីសំខាន់ៗផ្សេងទៀត។
 
នេះជាលើកទី១៤ ហើយ នៃដំណើរការទូតក្រៅប្រទេស របស់គណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា នាអណត្តិទី៧ ក្នុងគោលបំណងពង្រឹងចំណងមិត្តភាពជាមួយប្រទេសក្នុងតំបន់ និងសកល ដោយពង្រីកនូវកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដើម្បីឧត្តមប្រយោជន៍ជាតិ និងប្រជាជន៕

© រក្សាសិទ្ធិដោយ thmeythmey.com