ទំហំផលិតផលក្នុងស្រុកសរុបតែនាម (Nominal GDP) របស់ឥណ្ឌា ទំនងនឹងនាំមុខជប៉ុននៅឆ្នាំ២០២៥ និងក្លាយជាប្រទេសមានសេដ្ឋកិច្ចធំជាងគេទី៤ របស់ពិភពលោក ពោលគឺលឿនជាងមួយឆ្នាំ បើធៀបការព្យាករណ៍នៅឆ្នាំមុន។
នៅក្នុងរបាយការណ៍របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ចេញផ្សាយនៅថ្ងៃទី២១ ខែមេសាបានប៉ាន់ប្រមាណថាផលិតផលក្នុងស្រុកសរុបតែនាម (Nominal GDP)របស់ឥណ្ឌាអាចឈានដល់ជិត ៤,៣៤ទ្រីលានដុល្លារនៅឆ្នាំ ២០២៥។ ចំណែក ជប៉ុននឹងមានប្រហែល ៤,៣១ទ្រីលានដុល្លារប៉ុណ្ណោះ។ នេះបើតាមសារព័ត៌មានជប៉ុន Nikkei Asia។
ផលិតផលក្នុងស្រុកសរុបតែនាម (Nominal GDP) ជាផលិតផលក្នុងស្រុកសរុបដោយផ្អែកលើតម្លៃនៃទិន្នផលនៃទំនិញ និងសេវាកម្មចុងក្រោយដែលគណនាតាមតម្លៃបច្ចុប្បន្ន។
កាលពីខែតុលា ឆ្នាំ២០២៣ IMF បានព្យាករថា ឥណ្ឌានឹងនាំមុខជប៉ុននៅឆ្នាំ ២០២៦។ នៅក្នុងការធ្វើបច្ចុប្បន្នភាពនៅខែមេសា អង្គការនេះបានកែសម្រួលការព្យាករកំណើន GDP របស់ប្រទេសទាំងពីរទាក់ទងរូបិយប័ណ្ណក្នុងស្រុក។ យ៉ាងណាមិញ ការទម្លាក់តម្លៃប្រាក់យ៉េនហាក់ដូចជា បានកាត់បន្ថយទំហំសេដ្ឋកិច្ចជប៉ុន ប្រសិនបើវាស់វែងគិតជាប្រាក់ដុល្លារ។
កាលពីឆ្នាំមុន អាល្លឺម៉ង់បានវ៉ាដាច់ជប៉ុនក្នុងនាមជាប្រទេសមានសេដ្ឋកិច្ចធំជាងគេទី៣ របស់ពិភពលោក។ ប្រសិនបើឥណ្ឌាតាមទាន់មែននោះ ប្រទេសអាស៊ីបូព៌ាមួយនេះ នឹងធ្លាក់ទៅចំណាត់ថ្នាក់លេខ៥។
តម្លៃនៃប្រាក់រូពីឥណ្ឌា ធៀបនឹងប្រាក់ដុល្លារមិនមានការផ្លាស់ប្តូរច្រើនទេ ចាប់តាំងពីដើមឆ្នាំ២០២៣ ដោយសារមានការអន្តរាគមន៍ទាន់ពេលពីធនាគារបម្រុងឥណ្ឌា(RBI)។ បច្ចុប្បន្ន ៨៣រូពីអាចប្តូរបាន១ដុល្លារ។
នៅក្នុងរបាយការណ៍ខែធ្នូ ឆ្នាំ២០២៣ IMF បានកត់សម្គាល់ថា អន្តរាគមន៍របស់រដ្ឋាភិបាលឥណ្ឌាក្នុងទីផ្សាររូបិយប័ណ្ណអាចលើសពីភាពចាំបាច់។ ធនាគារកណ្តាលប្រទេសនេះបានប្រតិកម្មថា IMF កំពុងធ្វើការវិភាគខុសដោយផ្អែកទៅលើនិន្នាការអត្រាប្តូរប្រាក់រយៈពេលខ្លី។
GDP តែនាមរបស់ឥណ្ឌាជាប់ចំណាត់ថ្នាក់ទី១០ នៅលើពិភពលោកគិតត្រឹមឆ្នាំ ២០១៤។ យោងតាម IMF ប្រទេសនេះរំពឹងថានឹងវ៉ាដាច់អាល្លឺម៉ង់ដើម្បីក្លាយជាប្រទេសសេដ្ឋកិច្ចធំជាងគេទី៣ របស់ពិភពលោកនៅឆ្នាំ២០២៧ ។ ឥណ្ឌាបានវ៉ាដាច់ជប៉ុនក្នុងទីផ្សារលក់រថយន្តក្នុងស្រុកនៅឆ្នាំ២០២២ ដើម្បីក្លាយជាប្រទេសធំទី៣ តាមពីក្រោយចិន និងអាម៉េរិក។
ទោះបីជាឥណ្ឌាប្រឈមមុខនឹងការលំបាកជាច្រើនក្នុងអំឡុងការរាលដាលជំងឺកូវីដ-១៩ ប៉ុន្តែសេដ្ឋកិច្ចប្រទេសនេះនៅតែមានអត្រាកំណើនខ្ពស់ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយសារកំណើនប្រជាជន។ ធនាគារបម្រុងឥណ្ឌារំពឹងថា ផលិតផលក្នុងស្រុកសរុបនឹងកើនឡើង ៧ភាគរយនៅឆ្នាំ២០២៤។
កំណើនសេដ្ឋកិច្ចឥណ្ឌាព្យាករថា នឹងកើនឡើងខ្លាំងនៅប៉ុន្មានឆ្នាំខាងមុខនេះ ដោយសារការជំរុញនៃការប្រើប្រាស់ និងការវិនិយោគពីអាជីវកម្មក្នុងស្រុក ក៏ដូចជាបរទេស និងការនាំចេញ។ កម្មវិធី Make in India រួមជាមួយនឹងក្រុមហ៊ុនជាច្រើនដែលចង់ចាកចេញពីចិន នឹងជំរុញវិស័យផលិតកម្មរបស់ឥណ្ឌាបន្ថែមទៀត។ លើសពីនេះ ផ្នែកសេវាកម្មក៏ត្រូវបានជំរុញដោយកំណើនប្រជាជនយ៉ាងឆាប់រហ័សដែរ។
កំណើន GDP របស់ប្រទេសនេះរំពឹងថា នឹងកើនឡើងជាមធ្យមលើសពី ៦ភាគរយក្នុងមួយឆ្នាំរហូតដល់ឆ្នាំ២០២៨ ដែលស្ថិតក្នុងចំណោមប្រទេសមានកំណើនខ្ពស់បំផុតនៅអាស៊ី។ ប៉ុន្តែប្រទេសនេះមានទំនុកចិត្តថា អាចបង្កើនល្បឿនដល់ ៧ភាគរយដោយសារភាពរឹងមាំនៃផ្នែកហិរញ្ញវត្ថុ និងកំណែទម្រង់ថ្មីៗ៕