កីឡាអន្តរជាតិ
អន្តរជាតិ
អាល្លឺម៉ង់ និងអុីតាលី រកឃើញជើងឯក,​ Real-PSG ត្រៀមលើកពាន នៅឡើយអង់គ្លេសប្រទាញប្រទង់
23, Apr 2024 , 10:49 am        
រូបភាព
Inter Milan បានក្លាយជាម្ចាស់ជើងឯកលីគកំពូលអ៊ីតាលី Serie A រដូវកាល ២០២៣-២៤ ក្រោយរកបានពិន្ទុនាំមុខដាច់គេ ត្រឹមសប្តាហ៍ទី៣៣។ ក្នុងចំណោមលីគកំពូលទាំង៥នៅអឺរ៉ុប អ៊ីតាលី និងអាល្លឺម៉ង់ Bundesliga រកឃើញជើងឯក ស្របពេល La Liga របស់អេស្ប៉ាញ និងបារាំង Ligue 1 កៀកនឹងរកឃើញម្ចាស់ពាន លើកលែងតែ Premier League របស់អង់គ្លេស ដែលមាន៣ក្រុមប្រដេញគ្នាខ្លាំង។



៣ពិន្ទុបន្ថែមពីជ័យជម្នះលើ AC Milan ក្នុងលទ្ធផល ២-១ ក្នុងជំនួបលីគសប្តាហ៍ទី៣៣ នៅយប់ថ្ងៃទី២២ ខែមេសា គ្រប់គ្រាន់ដើម្បីជួយ Inter Milan ក្រសោបបានជើងឯកពានរង្វាន់ Serie A តែម្តង។ ឆ្លងកាត់ការប្រកួត៣៣លើក ក្រុមដែលមានលោក Simone Inzaghi ជាអ្នកដឹកនាំ រកបាន៨៦ពិន្ទុ នាំមុខក្រុមលេខពីរ AC Milan ដល់ទៅ១៧ពិន្ទុ ខណៈការប្រកួតសល់តែ៥លើក នឹងបញ្ចប់រដូវកាល។
 
ឈ្នះជើងឯករដូវកាលនេះ មានន័យថា Inter Milan គ្រងពានលីគកំពូលអ៊ីតាលី២០សម័យ ច្រើនជាងគេលំដាប់ទី២ បន្ទាប់ Juventus ឈ្នះច្រើនជាងគេជាកំណត់ត្រា ៣៦លើក។
 
ក្នុងចំណោមលីគកំពូលទាំង៥នៅអឺរ៉ុប គិតមកទល់ពេលនេះ មានតែ Inter Milan និង Bayer Leverkusen បានគ្រងតំណែងជើងឯកលីគកំពូលរៀងខ្លួនរួចហើយ នៅឡើយតែ La Liga, Ligue 1 និង Premier League។
 
យ៉ាងណាក៏ដោយ Real Madrid និង Paris Saint-Germain ជាក្រុមមានប្រៀបក្នុងការការពារតំណែងជើងឯកលីគកំពូលរបស់ពួកគេរៀងៗខ្លួន។ ក្រុមរហ្សនាមអធិរាជស រកបាន៨១ពិន្ទុ ពីការប្រកួត៣២លើក នាំមុខគូប្រជែង Barcelona ដែលនៅលេខ២ចំនួន១១ពិន្ទុ ស្របពេលការប្រកួតនៅសល់៦លើកទៀតនឹងបញ្ចប់រដូវកាល។ តាមរយៈគម្លាតពិន្ទុនេះ ត្រូវបានគេមើលឃើញថាក្រុមរបស់លោក Carlo Ancelotti មានភាគរយខ្ពស់បំផុតដើម្បីក្លាយជាជើងឯក La Liga នៅរដូវកាល ២០២៣-២៤នេះ។
 
PSG ក៏មានភាគរយខ្ពស់ក្នុងការការពារជើងឯកលីគកំពូលបារាំងរបស់ផងដែរ ដ្បិតមាន១១ពិន្ទុ នាំមុខគូប្រជែង AS Monaco។ ឆ្លងកាត់ការប្រកួត២៩លើកដូចគ្នា ក្រុមយក្សបារាំងរកបាន៦៦ពិន្ទុ ស្របពេល Monaco មាន៥៥ពិន្ទុ ខណៈសល់ការប្រកួត៥លើកទៀតប៉ុណ្ណោះនឹងបញ្ចប់រដូវកាល។
 
នៅលីគកំពូលអង់គ្លេសឯណោះវិញ ៣ក្រុមកំពុងប្រដេញគ្នាយ៉ាងស្វិតស្វាញ។ Arsenal, Liverpool និង ម្ចាស់ការពារតំណែងជើងឯក Manchester City ត្រូវបានគេមើលឃើញថា នឹងប្រដេញគ្នារហូតប្រកួតចុងក្រោយ ដើម្បីរកម្ចាស់ជើងឯក។
 
កាំភ្លើងធំ និងហង្សក្រហម ដែលឈរលេខ១ និងលេខ២បណ្តោះអាសន្នមាន៧៤ពិន្ទុ ដូចគ្នា ក្រោយការប្រកួត៣៣លើក ស្របពេល មេឃខៀវ ដែលនៅលេខ៣ រកបាន៧៣ពិន្ទុ តែទើបប្រកួត៣២លើកប៉ុណ្ណោះ។ Arsenal និង Liverpool នៅសល់៥ប្រកួតដូចគ្នា ឯ Man City មាន៦ប្រកួត ក្នុងការប្រជែងយកតំណែងជើងឯក Premier League រដូវកាល ២០២៣-២៤៕

Tag:
 Inter Milan
© រក្សាសិទ្ធិដោយ thmeythmey.com