សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ទីក្រុងឌូបៃពន្យារពេលបង់បំណុល និងជួសជុលផ្ទះដោយឥតគិតថ្លៃ បន្ទាប់ពីគ្រោះទឹកជំនន់
23, Apr 2024 , 8:59 pm        
រូបភាព
គ្រោះទឹកជំនន់នៅឌូបៃ។ រូបភាព ៖ AFP
គ្រោះទឹកជំនន់នៅឌូបៃ។ រូបភាព ៖ AFP
បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងបានបង្កជាទឹកជំនន់ អ្នកស្រុកដែលរងផលប៉ះពាល់នៃទីក្រុងឌូបៃ អេមីរ៉ាតអារ៉ាប់រួម (UAE) នឹងទទួលបានការពន្យារពេលសងបំណុលរយៈពេល៦ខែ និងការជួសជុលផ្ទះដោយឥតគិតថ្លៃ។

 
ធនាគារកណ្តាលអេមីរ៉ាតអារ៉ាប់រួម (CBUAE) ទើបតែបានចេញសេចក្តីជូនដំណឹងមួយដោយស្នើសុំឱ្យធនាគារ និងក្រុមហ៊ុនធានារ៉ាប់រងទាំងអស់អនុញ្ញាតឱ្យពន្យារពេលការសងប្រាក់កម្ចីផ្ទាល់ខ្លួន និងរថយន្តសម្រាប់អតិថិជនដែលរងផលប៉ះពាល់ដោយភ្លៀងធ្លាក់ខ្លាំងនាពេលថ្មីៗនេះក្នុងរយៈពេល ៦ខែ។ ការពន្យារពេលបំណុលនឹងមិនគិតថ្លៃបន្ថែម ឬការប្រាក់នោះទេ។
 
ទន្ទឹមនេះ CBUAE បានកំណត់ថា ការខូចខាតយានយន្ត និងផ្ទះដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងកាលពីសប្តាហ៍មុន នឹងត្រូវបានធានារ៉ាប់រងប្រសិនបើមានកិច្ចសន្យាធានារ៉ាប់រងពាក់ព័ន្ធការបាត់បង់ និងការខូចខាតដែលហៅថា ការធានារ៉ាប់រងទាំងមូល។
 
ត្រង់ចំណុចនេះ ក្រុមហ៊ុនធានារ៉ាប់រងត្រូវតែទទួលខុសត្រូវលើសំណង។ ម្ចាស់អចលនទ្រព្យមិនថាផ្ទះ ឬអគារដែលមានការធានារ៉ាប់រង មានសិទ្ធិស្នើសុំជួសជុលទ្រព្យសម្បត្តិដែលខូចខាត។ យោងតាមការប៉ាន់ប្រមាណបឋមរបស់ក្រុមហ៊ុនមួយចំនួន ក្រុមហ៊ុនធានារ៉ាប់រងអាចនឹងត្រូវបង់ប្រាក់រហូតដល់រាប់ពាន់លានដុល្លារបន្ទាប់ពីទឹកជំនន់ដ៏ធំនេះ។
 
លើសពីនេះ CBUAE ជំរុញឱ្យសាធារណជនអាន និងយល់អំពីកិច្ចសន្យាធានារ៉ាប់រងដោយប្រុងប្រយ័ត្ន ដើម្បីការពារសិទ្ធិរបស់ខ្លួន ហើយទាក់ទងទៅក្រុមហ៊ុនធានារ៉ាប់រង Sanadak និងអធិការកិច្ចហិរញ្ញវត្ថុ ប្រសិនបើពួកគេមានពាក្យបណ្តឹង ឬជម្លោះជាមួយក្រុមហ៊ុនធានារ៉ាប់រង។
 
កាលពីចុងសប្តាហ៍មុន ព្រះអង្គម្ចាស់ Hamdan bin Mohammed Al Maktoum ដែលជាប្រធានក្រុមប្រឹក្សាប្រតិបត្តិទីក្រុងឌូបៃបានអនុម័តគំនិតផ្តួចផ្តើម និងវិធានការជាបន្តបន្ទាប់ ដើម្បីកាត់បន្ថយផលប៉ះពាល់ពីគ្រោះអាកាសធាតុធ្ងន់ធ្ងរក្រោយមានភ្លៀងធ្លាក់ខ្លាំង។
 
លោកបានដឹកនាំនាយកដ្ឋានដីធ្លីទីក្រុងឌូបៃ និងអាជ្ញាធរគ្រប់គ្រងអចលនវត្ថុដើម្បីសម្របសម្រួលជាមួយអ្នកអភិវឌ្ឍន៍អចលនទ្រព្យ ដើម្បីពន្លឿនការស្ដារឡើងវិញ។ ក្រុមហ៊ុនគ្រប់គ្រងទីក្រុង និងអ្នកអភិវឌ្ឍប្រទេសនេះនឹងផ្តល់ជូនដោយឥតគិតថ្លៃនូវសេវាកម្មដូចខាងក្រោម ៖ ផ្តល់លំនៅដ្ឋានជំនួសសម្រាប់អ្នករងផលប៉ះពាល់ អាហារ សេវាកំចាត់សត្វល្អិត បង្កើនសន្តិសុខ និងជួយអ្នកស្រុកឱ្យត្រឡប់ទៅផ្ទះរបស់ពួកគេវិញបន្ទាប់ពីទឹកជំនន់។
 
ភ្លាមៗនោះ អ្នកអភិវឌ្ឍន៍អចលនទ្រព្យល្បីៗនៅក្នុងទីក្រុងឌូបៃ រួមមាន Emaar, Nakheel, Dubai Holding, Union Properties, Dubai Investments Park និង MAG Lifestyle Development បានសម្តែងការប្តេជ្ញាចិត្តក្នុងការអនុវត្តគំនិតផ្តួចផ្តើមនេះ។
 
ក្រុមហ៊ុនអចលនទ្រព្យមួយចំនួនដូចជា Emaar និង MAG បានសន្យានឹងផ្តល់សេវាកម្មជួសជុលផ្ទះដោយឥតគិតថ្លៃ។ Emaar ជាអ្នកអភិវឌ្ឍលំនៅឋានដ៏ធំមួយដែលបានផ្គត់ផ្គង់ផ្ទះល្វែងប្រហែល ១០៨ពាន់ខ្នងនៅក្នុងទីក្រុងឌូបៃ និងទីផ្សារពិភពលោកផ្សេងទៀតចាប់តាំងពីឆ្នាំ ២០០២។
 
«ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមដែលបង្កឡើងដោយអាកាសធាតុមិនល្អ និងភ្លៀងធ្លាក់ខ្លាំងដែលទីក្រុងឌូបៃបានជួបប្រទះក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ខ្ញុំកំពុងប្រកាសថា Emaar នឹងធ្វើការជួសជុលរាល់ទ្រព្យសម្បត្តិដែលខូចខាតដោយមិនគិតថ្លៃបន្ថែម»។ នេះបើតាមសារព័ត៌មាន Gulf Business បានដកស្រង់សម្តីលោក Mohamed Alabbar ប្រធានក្រុមហ៊ុន Emaar Group។ 
 
ចាប់ពីយប់ថ្ងៃទី១៥ ខែមេសា ទីក្រុងឌូបៃត្រូវបានជន់ដោយទឹកភ្លៀងកម្ពស់ ២៥៤ មីលីម៉ែត្រ។ នេះកម្រិតភ្លៀងធ្លាក់ខ្លាំងបំផុតក្នុងរយៈពេល ៧៥ឆ្នាំនៅអេមីរ៉ាតអារ៉ាប់រួម។ ភ្លៀងធ្លាក់ខ្លាំងបានបង្កជាទឹកជំនន់នៅតំបន់ជាច្រើន បណ្តាលឲ្យស្ទះចរាចរណ៍ អាកាសយានដ្ឋានអន្តរជាតិឌូបៃបានផ្អាកប្រតិបត្តិការជាបណ្តោះអាសន្ន សាលារៀនបានបិទ និងមនុស្សជាច្រើនធ្វើការពីផ្ទះ។ មជ្ឈមណ្ឌលឧតុនិយមជាតិ UAE ព្យាករថានឹងមានភ្លៀងធ្លាក់នៅទូទាំងប្រទេសក្នុងសប្តាហ៍នេះ ប៉ុន្តែទឹកភ្លៀងនឹងមានកម្រិតតិចជាងកំណត់ត្រាកាលពីសប្តាហ៍មុន៕ 

Tag:
 ឌូបៃ
  ជំនន់
© រក្សាសិទ្ធិដោយ thmeythmey.com