កីឡាជាតិ
ជាតិ
អ្នកផលិតមាតិកាគុនខ្មែរ យករឿងអាស្រូវកីឡាករ ផ្សាយភ្ជាប់ក្រុមហ៊ុនល្បែង ដូចបោកឆ្នាំងបាយខ្លួនឯង
25, Apr 2024 , 8:59 am        
រូបភាព
លោកស្រី សេង ម៉ូលីនី សួរសំនួរក្នុងសន្និសីទសារព័ត៌មុនប្រកួត រូបពីហ្វេសប៊ុក សេង ម៉ូលីនី
លោកស្រី សេង ម៉ូលីនី សួរសំនួរក្នុងសន្និសីទសារព័ត៌មុនប្រកួត រូបពីហ្វេសប៊ុក សេង ម៉ូលីនី
ក្រោយចប់ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២នៅកម្ពុជា អ្នកផលិតមាតិកាគុនខ្មែរ លើបណ្ដាញសង្គម មានការកើនឡើងជាច្រើន។ លោកស្រី សេង ម៉ូលីនី ម្នាក់ក្នុងចំណោមអ្នកទាំងនោះយល់ថា នេះគឺជារឿងល្អដែលមានអ្នកជួយផ្សព្វផ្សាយគុនខ្មែរច្រើន ប៉ុន្ដែក៏អាចជះឥទ្ធិពលអាក្រក់ដែរ នៅពេលអ្នកទាំងនោះមិនបានថ្លឹងថ្លែងព័ត៌មានរបស់ខ្លួន មុនពេលផ្សព្វផ្សាយ។



វិស័យកីឡាប្រដាល់គុនខ្មែរ ហាក់កើនប្រជាប្រិយភាពជាងវិស័យកីឡានានានៅកម្ពុជា ជាពិសេសលើបណ្ដាញសង្គម ចាប់តាំងពីបញ្ចប់ព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣។ ប្រជាប្រិយភាពនេះ បានទាក់ទាញអ្នកផលិតមាតិកាមួយចំនួនឲ្យផ្សព្វផ្សាយ និងធ្វើទីផ្សាររកប្រាក់ចំណូលពីការផ្សាយនោះ និងទទួលបានការឧបត្ថម្ភផ្សាយនានា ពីក្រុមហ៊ុនឯកជន។
  
ការប្រកួតគុនខ្មែរជើងឯកពិភពលោក លើកទី៤ នៅខេត្តសៀមរាប

លោកស្រី សេង ម៉ូលីនី អតីតអ្នកសារព័ត៌មាននយោបាយ និងសង្គម ហើយក៏ជាអ្នកផលិតមាតិកាគុនខ្មែរតាំងពីឆ្នាំ២០១៩ សង្កេតឃើញថា កំណើននៃអ្នកផលិតមាតិកាគុនខ្មែរ បានធ្វើឲ្យការផ្សព្វផ្សាយកាន់តែទូលំទូលាយ ហើយអ្នកគាំទ្រទទួលបានព័ត៌មានកាន់តែលឿន។ 
 
លោកស្រី សេង ម៉ូលីនី យល់ឃើញថា អ្នកផលិតមាតិកាត្រូវចេះពិនិត្យ និងពិចារណាពីផលចំណេញ និងផលប៉ះពាល់ មុនពេលផ្សាយ។ អ្នកផលិតមាតិការូបនេះ ចាត់ទុកអ្នកផ្សាយមិនចេះពិចារណា គឺជាមនុស្សបោកឆ្នាំងបាយខ្លួនចោល ព្រោះពួកគេរកប្រាក់ចំណូលពីប្រជាប្រិយភាពគុនខ្មែរ។ អ៊ីចឹងពេលគុនខ្មែរ អស់ប្រជាប្រិយភាព ពួកគេនឹងមិនមានចំណូលឡើយ។
 
«ខ្ញុំគិតថា នៅពេលអ្នកផ្សព្វផ្សាយមានច្រើនល្អ ប៉ុន្ដែល្អក្នុងន័យ គាត់ត្រូវតែដឹងថាការផ្សព្វផ្សាយរបស់គាត់មានផលចំណេញអ្វីខ្លះ ទៅដល់កីឡាករ និងប្រភពដែលគាត់បានសម្ភាស។ ប្រសិនជាការផ្សព្វផ្សាយនោះ ប៉ះពាល់ដល់ប្រភព យើងគួរតែពិចារណាដែរ ថាយើងគួរ ឬមិនគួរផ្សាយ។ អ្នកផ្សាយគិតតែប្រយោជន៍ខ្លួន ដូចបោកឆ្នាំងបាយខ្លួនឯងចោលអ៊ីចឹង។ ពេលលែងមាន គេគាំទ្រ តើពួកគេរកចំណូលយ៉ាងមិចបាន។»។ លោកស្រី ម៉ូលីនី បាននិយាយដូច្នេះ។
 
បច្ចុប្បន្ននេះ អ្នកផលិតមាតិកាមួយចំនួន បានយករឿងអាស្រូវរបស់កីឡាករ ទៅផ្សាយដោយភ្ជាប់ជាមួយការឧបត្ថម្ភពីក្រុមហ៊ុនល្បែងស៊ីសង Online ជាដើម។ ស្របពេលផេក ឬ ឆេ ណែលពួកគេ ទទួលបានការ Like និង Share ច្រើនពីរឿងអាស្រូវនេះ កីឡាករ ក៏ក្លាយជាអ្នករងគ្រោះ ដោយសារការរិះគន់។ នោះមិនមែនមានន័យថា រឿងអវិជ្ជមាន ហាមមិនឲ្យផ្សាយទេ ក៏ប៉ុន្ដែកុំគិតតែប្រយោជន៍ក្នុងការផ្សាយល្បែង Online ហើយយករឿងអាស្រូវកីឡាករ ទៅហែកហួរលើបណ្ដាញសង្គម៕
 
 

Tag:
 សេង ម៉ូលីនី
  ប្រដាល់គុនខ្មែរ
© រក្សាសិទ្ធិដោយ thmeythmey.com