ជាតិ
ព័ត៍មានសុខភាព
សុខភាព
ថែរក្សាបេះដូងអ្នកឲ្យបានល្អ កុំឲ្យស្តាយក្រោយ
25, Apr 2024 , 10:59 pm        
រូបភាព
ជំងឺ​គាំងបេះដូង​កើតឡើង​នៅ​ពេល​សរសៃឈាម​មួយ ឬ​ច្រើន​ដែល​មាន​នាទី​ចិញ្ចឹម​សាច់ដុំ​បេះដូង (Coronary Arteries ) ត្រូវ​បាន​ស្ទះ​។ រយៈពេល​យូរ​ៗ​ទៅ សរសៃឈាម​នេះ​អាច​ទៅ​ជា​ក្រិន​ដោយសារ​តែ​ការ​កក់កុញ​នៃ​សារធាតុ​ជា​ច្រើន​ដូច​ជា កូ​ឡេ​ស្តេ​រ៉ុល និង​សារធាតុ​ផ្សេង​ទៀត​។ ការ​កក់កុញ ឬ​កំណក​ក្នុង​សរសៃឈាម​នេះ​ហៅ​ថា​ជំងឺ​ក្រិន​សរសៃឈាម​។ នៅ​ពេល​សរសៃឈាម​បេះដូង​រួម​តូច​ដោយសារ​តែ​ជំងឺ​នេះ បង្ក​បាន​ទៅ​ជា​ជំងឺ​មួយទៀត​ឈ្មោះ​ថា Coronary Artery Disease ដែល​វា​ជា​មូលហេតុ​របស់​ជំងឺ​គាំងបេះដូង​ភាគច្រើន​។

 
ក្នុង​ពេល​គាំងបេះដូង ដុំ​កំណក​ក្នុង​សរសៃឈាម​បេះដូង​អាច​នឹង​របក​ចេញ ទៅ​ក្នុង​ចរន្តឈាម បន្ទាប់​មក​កន្លែង​ដែល​របើក​កំណក​ឈាម​នោះ នឹង​មានដំណើរ​ការ​កំណក​ឈាម​កើតឡើង​ដើម្បី​ជួសជុល​សរសៃឈាម​ដែល​ខូចខាត​។ បើសិនជា​កំណក​ឈាម​នោះ​ធំ​គ្រប់គ្រាន់​ហើយ វា​អាច​នឹង​ត្រូវ​បាន​ស្ទះ​លំហូរ​ឈាម​ទៅ​ចិញ្ចឹម​សាច់ដុំ​បេះដូង​តែ​ម្តង​។
 
មូលហេតុ​ផ្សេង​មួយ​ទៀ​របស់​ជំងឺ​គាំងបេះដូង គឺ​ដោយសារ​តែ​ការ​រឹង​ជាប់​នេះ​សរសៃឈាម​បេះដូង ធ្វើ​អោយ​បិទ​ជិត​ដល់​លំហូរ​ឈាម​ទៅ​ចិញ្ចឹម​សាច់ដុំ​បេះដូង​។ ថ្នាំ​មួយ​ចំនួន​ដូច​ជា កូកាអ៊ីន​អាច​បណ្តាល​អោយ​មានការ​រឹង​សរសៃឈាម​ជាប់​ដែល​គំរាម​គំ​ហែង​ដល់​ជីវិត​បាន​។ ជំងឺ​គាំងបេះដូង​ក៏​អាច​កើតឡើង​ដោយសារ​តែ​ការ​រហែក​សរសៃឈាម​បេះដូង​ផង​ដែរ​។ មូលហេតុ​ដែល​ពុំ​សូវ​កើត​មាន​ផ្សេង​ៗ​ទៀត​មាន​ដូច​ជា កំណក​គ្រាប់​ឈាម​តូច​ៗ ឬ​ដុំ​សាច់​ដែលរ​សាត់អណ្តែត​ពី​កន្លែង​ណាមួយ​នៃ​រាង​កាយ (Coronary Embolism)​។ ជំងឺ​នេះ​ក៏​អាច​កើតឡើង​បាន​ដែរ​បើសិនជា​លំហូរ​ឈាម​ទៅ​ក្នុង​បេះដូង​ថយ​ចុះ​ធ្ងន់ធ្ងរ (​ជំងឺ​សម្ពាធ​ឈាម​ថយ​ចុះ ឬ​ហ្យុ​ក​)​។
 
ជាមួយ​គ្នា​នេះ​ដែរ មាន​កត្តា​ជា​ច្រើន​ទៀត​ដែល​ធ្វើ​អោយ​មាន​កំណក​ជាតិ​ខ្លាញ់​ក្នុង​សរសៃឈាម ទៅ​ជា​សរសៃឈាម​រួម​តូច ជា​ពិសេស​សរសៃឈាម​បេះដូង​តែ​ម្តង ​។ អ្នក​អាច​ពង្រឹង ឬ​លុប​បំបាត់​កត្តា​អស់ទាំង​នេះ​បាន​ដើម្បី​កុំអោយ​មានឱកាស​ដើម​ជំងឺ​គាំងបេះដូង​ជា​លើក​ទី​មួយ​បាន​។ ខាងក្រោម​នេះ​គឺជា​កត្តា​ប្រឈម​មុខ​មួយ​ចំនួន​របស់​ជំងឺ​គាំងបេះដូង​៖
 
•​ ​អាយុ​៖ បុរស​អាយុ​ចាប់ពី ៤៥​ឆ្នាំ​ឡើង​ទៅ និង​ស្ត្រី​អាយុ​ចាប់ពី ៥៥​ឆ្នាំ​ឡើង​ទៅ​ទំនងជា​អាច​កើត​ជំងឺ​គាំងបេះដូង​ច្រើន​ជាង​មនុស្ស​វ័យក្មេង​ជាង​នេះ​។
 
•​ ​ការ​ជក់បារី​៖ ការ​ជក់បារី និង​ការ​ស្រូប​ផ្សែង​បារី​ពី​គេ​រយៈពេល​យូរ​ក៏​អាច​បណ្តាល​អោយ​ខូចខាត​ដល់​ជញ្ជាំង​សរសៃឈាម​ខាងក្នុង ជា​ពិសេស​សរសៃឈាម​បេះដូង​តែ​ម្តង ដែល​ជា​ហេតុ​នាំ​អោយ​កក​ជាតិ​កូ​ឡេ​ស្ទេ​រ៉ុ​ង និង​សរសៃ​ផ្សេង​ៗ​ទៀត ព្រមទាំង​លំហូរ​ឈាម​ថយ​ចុះ​។ ការ​ជក់បារី​ក៏​បង្កើន​ការ​ប្រឈម​នឹង​ការ​កើត​មាន​កំណក​ឈាម ព្រមទាំង​ជំងឺ​គាំងបេះដូង​ដែ​ឬ​។
 
•​ ​សម្ពាធ​ឈាម​ឡើង​ខ្ពស់​៖ រយៈពេល​យូរ​ៗ​ទៅ ការ​ឡើង​សម្ពាធ​ឈាម​ខ្ពស់​អាច​បណ្តាល​អោយ​ខូច​សរសៃឈាម​ដែល​ទៅ​ចិញ្ចឹម​សាច់​បេះដូង​បាន​។ បញ្ហា​នេះ​ច្រើន​កើត​មាន​លើ​មនុស្ស​ធាត់​ជ្រុល​,
ជក់បារី​, កូ​ឡេ​ស្តេ​រ៉ុល​ឡើង​ខ្ពស់ ឬ​ជំងឺ​ទឹកនោមផ្អែម​។
 
•​ ​កូ​ឡេ​ស្តេ​រ៉ុល ឬ​ជាតិ​ខ្លាញ់ Triglyceride ក្នុង​ឈាម​ឡើង​ខ្ពស់​៖ កូ​ឡេ​ស្តេ​រ៉ុល​គឺជា​ផ្នែក​មួយ​យ៉ាង​សំខាន់​ក្នុង​ការ​ធ្វើ​អោយ​សរសៃឈាម​រួម​តូច​ជា​ពិសេស​សរសៃឈាម​បេះដូង​។ ការ​ឡើង​ខ្ពស់​នៃ​កម្រិត​ជាតិ​ខ្លាញ់​កូ​ឡេ​ស្តេ​រ៉ូ​ល​អាក្រក់​ក្នុង​ឈាម​មានការ​ប្រឈម​កាន់តែ​ខ្លាំង​នឹង​ជំងឺ​គាំងបេះដូង​។ កូ​ឡេ​ស្តេ​រ៉ុល LDL (​កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់​) ច្រើន​តែ​ធ្វើ​អោយ​សរសៃឈាម​រួម​តូច​។ ខ្លាញ់ Triglycerides ដែល​ជា​ប្រភេទ​ខ្លាញ់​ទាក់ទង​នឹង​របប​អាហារ កាលណា​វា​ឡើង​ខ្ពស់​ក៏​ប្រឈម​នឹង​ជំងឺ​គាំងបេះដូង​ដែរ​។ ទោះបីជា​យ៉ាងណា​ក៏​ដោយ ការ​ឡើង​ខ្ពស់​នៃ​កូ​ឡេ​ស្តេ​រ៉ុល HDL (​កូ​ឡេ​ស្តេ​រ៉ុល​ល្អ​) អាច​ជួយ​អោយ​រាង​កាយ​បោសសម្អាត​ជាតិ​ខ្លាញ់​ច្រើន​ចោល​បាន ព្រមទាំង​កាត់​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​គាំងបេះដូង​ផង​ដែ​ឬ​។
 
•​ ​ជំងឺ​ទឹកនោមផ្អែម​៖ ជំងឺ​ប្រភេទ​នេះ​គឺជា​ការ​អសមត្ថភាព​ដល់​ការ​ផលិត​អាំង​ស៊ុ​យ​លី​ន ឬ​អាំង​ស៊ុ​យ​លី​ន​ធ្វើការ​មិន​បាន​ល្អ​។ អាំង​ស៊ុ​យ​លី​ន ជា​អ័រម៉ូន​មួយ​ប្រភេទ​ដែល​ផលិត​ចេញពី​លំពែង សម្រាប់​ភ្ញោ​ច​អោយ​រាង​កាយ​ចាប់​យកជាតិ​ស្ករ​ដែល​បាន​មក​ពី​ចំណីអាហារ​ទៅ​ប្រើប្រាស់​។ ជំងឺ​ទឹកនោមផ្អែម ជា​ពិសេស​ជំងឺ​ដែល​មិន​បាន​គ្រប់គ្រង ធ្វើ​អោយ​ប្រឈម​កាន់តែ​ខ្ពស់​នឹង​ជំងឺ​គាំងបេះដូង​។
 
•​ ​គ្រួសារ​មាន​ប្រ​វត្ត​កើត​ជំងឺ​គាំងបេះដូង​៖ បើសិនជា​បងប្អូន​, ឪពុក​ម្តាយ ឬ​ជីដូន​ជីតា​ធ្លាប់​មាន​ជំងឺ​គាំងបេះដូង អ្នក​ប្រហែលជា​ត្រូវ​ប្រឈម​មុខ​ខ្ពស់​ហើយ​។
 
•​ ​កង្វះ​ការ​ហាត់ប្រាណ​៖ ជីវិត​រស់នៅ​ដែល​មិន​ចេះ​ប្រើ​ពលកម្ម​សុទ្ធតែ​នាំ​អោយ​ជាតិ​កូ​ឡេ​ស្ទើ​រ៉ុល​ក្នុង​ឈាម​ឡើង​ខ្ពស់ និង​មាន​ជំងឺ​ធាត់​ជ្រុល​។ អ្នក​ដែល​ហាត់ប្រាណ​បែប​អ៊ែ​រ៉ូ​បិ​ច​ជា​ទៀងទាត់ នឹង​ទទួល​បាន​ប្រព័ន្ធ​សរសៃឈាម​បេះដូង​ដ៏​មាន​សុខភាព​ល្អ ព្រមទាំង​កាត់​បន្ថយ​បាន​រាល់​ការ​ប្រឈម​មុខ​ទាំងអស់​របស់​ជំងឺ​គាំងបេះដូង​ទៀត​។ ការ​ហាត់ប្រាណ​ក៏​មាន​ប្រយោជន៍​ក្នុង​ការ​កាត់​បន្ថយ​ជំងឺ​សម្ពាធ​ឈាម​ឡើង​ខ្ពស់​ផង​ដែរ​។
 
•​ ​ធាត់​ជ្រុល​៖ ភាពធាត់​ជ្រុល​អាច​ប្រឈម​នឹង​ជំងឺ​បេះដូង​ព្រោះតែ​វា​មាន​ជាប់​ទាក់ទង​នឹង​កម្រិត​ជាតិ​កូ​ឡេ​ស្តេ​រ៉ុល​ឡើង​ខ្ពស់​ក្នុង​ឈាម​, សម្ពាធ​ឈាម​ឡើង​ខ្ពស់ និង​ជំងឺ​ទឹកនោមផ្អែម​។ ទោះបីជា​យ៉ាងណា​ក៏​ដោយ ការ​សម្រក​ទម្ងន់​បាន ១០​ភាគរយ​អាច​កាត់​បន្ថយ​ការ​ប្រឈម​មុខ​បាន​។
 
•​ ​ស្ត្រេ​ស​៖ អ្នក​ប្រហែលជា​មាន​បញ្ហា​ស្ត្រេ​ស​តាម​រូបភាព​ជា​ច្រើន ដែល​អាច​ប្រឈម​មុខ​កាន់តែ​ខ្ពស់​នឹង​ជំងឺ​គាំងបេះដូង​។
 
•​ ​ប្រើ​ថ្នាំ​ញៀន​៖ ការ​ប្រើ​ថ្នាំ​ញៀន​ដូច​ជា កូកាអ៊ីន ឬ​អំ​ហ្វេ​តា​មីន សុទ្ធតែ​អាច​ធ្វើ​អោយ​សរសៃឈាម​បេះដូង​រឹង និង​បង្ក​ជា​ជំងឺ​គាំងបេះដូង​បាន​។
 
•​ ​មាន​ប្រវត្តិ​ត្រៀម​ក្រឡាភ្លើង​៖ អាកា​រៈ​មួយ​នេះ​ធ្វើ​អោយ​សម្ពាធ​ឈាម​ឡើង​ខ្ពស់​ក្នុង​ពេល​មាន​ផ្ទៃពោះ និង​ប្រឈម​កាន់តែ​ខ្លាំង​នឹង​ជំងឺ​បេះដូង​៕

ត្រួតពិនិត្យដោយ៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com