ជាតិ
ហិរញ្ញប្បទានអាកាសធាតុផ្ដល់ដោយ ADB កើនជាង២៣ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៣
25, Apr 2024 , 6:59 pm        
រូបភាព
ភ្នំពេញ៖ នៅឆ្នាំ២០២៣ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្ដល់ហិរញ្ញប្បទានអាកាសធាតុចំនួន២៣,៦ពាន់លានដុល្លារ ក្នុងនោះទឹកប្រាក់ប្រមាណ ៩,៨ពាន់លានដុល្លារ​ ត្រូវបានប្រើប្រាស់សម្រាប់សកម្មភាពអាកាសធាតុនៅតំបន់អាស៊ី និងប៉ាស៊ីហ្វិក។



លោក Masatsugu Asakawa ប្រធាន ADB បានលើកឡើងថា ADB បានបន្តប្រែក្លាយ ជាធនាគារអាកាសធាតុសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក ដោយឈានដល់ការផ្តល់ហិរញ្ញប្បទានប្រចាំឆ្នាំខ្ពស់បំផុតមិនធ្លាប់មាន សម្រាប់សកម្មភាពអាកាសធាតុ។ ការវិនិយោគរបស់ ADB ផ្ដោតសំខាន់លើកសិកម្មដែលធន់នឹងអាកាសធាតុ ថាមពលកកើតឡើងវិញ និងការដឹកជញ្ជូនដែលបញ្ចេញកាបូនទាប។
 
នៅឆ្នាំ២០២៣ ADB បានផ្ដល់ហិរញ្ញប្បទានអាកាសធាតុចំនួន២៣,៦ពាន់លានដុល្លារ ទៅដល់ ការកម្ចី ប្រាក់ជំនួយ, ការវិនិយោគទុន, ការធានា និងជំនួយបច្ចេកទេសដែលផ្ដល់ដល់រដ្ឋាភិបាល និងវិស័យឯកជន។ ក្រៅពីនោះ ADB បានវិនិយោគយ៉ាងច្រើនក្នុងការកសាងថាមពលគុណភាពខ្ពស់ ការដឹកជញ្ជូន និងហេដ្ឋរចនាសម្ព័ន្ធផ្សេងទៀត ដែលចាំបាច់សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។ ធនាគារ ក៏បានពង្រឹងបន្ថែមនូវធនធានមនុស្សក្នុងតំបន់តាមរយៈការបង្កើនការគាំទ្រសម្រាប់ផ្នែកអប់រំ និងសុខាភិបាលផងដែរ។
 
នាពេលអនាគត ADB នឹងជំរុញប្រតិបត្តិការផ្តល់ប្រាក់កម្ចីនាពេលរហូតដល់១០០ពាន់លានដុល្លារ។ លើសពីនេះ ADB ក៏បានចាប់ផ្តើមដាក់ចេញនូវគំរូប្រតិបត្តិការថ្មីរបស់ខ្លួនក្នុងឆ្នាំ ២០២៣ ដែលជាការផ្លាស់ប្តូរដើម្បីកែលម្អវិធីដែលធនាគារបម្រើអតិថិជនរបស់ខ្លួន។
 
ជាមួយគ្នានេះ ADB បានប្តេជ្ញាសម្រេចឱ្យបាននូវ វិបុលភាព បរិយាប័ន្ន ភាពធន់និងនិរន្តរភាព ក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិក ស្របជាមួយនឹងការខិតខំប្រឹងប្រែង ដើម្បីលុបបំបាត់ភាពក្រីក្រខ្លាំង។ បង្កើតឡើងនៅឆ្នាំ១៩៦៦ធនាគារនេះ មានសមាជិកចំនួន ៦៨ ប្រទេស៕ 
 

Tag:
 ADB
  អាកាសធាតុ
  Masatsugu Asakawa
© រក្សាសិទ្ធិដោយ thmeythmey.com