អន្តរជាតិ
ចូលឆ្នាំនៅថៃ២១ថ្ងៃ ទទួលចំណូលជាង ៣,៧ពាន់លានដុល្លារ
25, Apr 2024 , 8:59 pm        
រូបភាព
ប្រជាជនបាញ់ទឹកកម្សាន្តនៅក្នុងថ្ងៃចូលឆ្នាំនៅថៃ។ រូបភាព AFP
ប្រជាជនបាញ់ទឹកកម្សាន្តនៅក្នុងថ្ងៃចូលឆ្នាំនៅថៃ។ រូបភាព AFP
ក្នុងពិធីចូលឆ្នាំរយៈពេល ២១ថ្ងៃ ថៃបានរកចំណូលបានជាង ៣,៧ពាន់លានដុល្លារ ជាមួយនឹងភ្ញៀវទេសចរបរទេសចំនួន ១,៩ លាននាក់។ នេះបើតាមការបញ្ជាក់របស់ក្រសួងទេសចរណ៍ថៃ នៅថ្ងៃទី២៤ ខែមេសា។

 
ក្រោយសង្រ្កាន្តនៅថៃ ត្រូវបានដាក់បញ្ចូលទៅក្នុងបញ្ជីបេតិកភណ្ឌអរូបីរបស់អង្គការយូណេស្កូ ថៃបានប្រារព្ធឆ្នាំថ្មីរហូតដល់ ២១ថ្ងៃ។ តាមទិន្នន័យរបស់ក្រសួងទេសចរណ៍ ថៃបានទទួលភ្ញៀវទេសចរបរទេសរហូតដល់ ១,៩លាននាក់ និងកើបចំណូលបានជាច្រើនលានដុល្លារ ក្នុងរយៈពេលប្រមាណ ៣សប្តាហ៍នោះ។ បើធៀបរយៈពេលដដែលទៅនឹងឆ្នាំមុន ចំនួនភ្ញៀវទេសចរកើនឡើង ៣៧,៥៤ភាគរយ។ 
 
«ពិធីរយៈពេល ២១ថ្ងៃ ដោយផ្តើមពីថ្ងៃទី១ ដល់ថ្ងៃទី២១ ខែមេសា អាចទាញចំណូលបានជាង ៣,៧ពាន់លានដុល្លារ»។ កាសែតបាងកកប៉ុស្តិ៍បានស្រង់សម្តីរដ្ឋមន្រ្តីទេសចរណ៍ និងកីឡា លោកស្រី Sudawan Wangsupakitkosol នៅថ្ងៃទី២៤ ខែមេសា បែបនេះ។ បើតាមរដ្ឋមន្រ្តីទេសចរណ៍ ចំណូលដែលថៃ ទទួលបានគឺលើសពីការរំពឹងទុក ដោយកន្លងមកថៃបានដាក់គោលដៅត្រឹម ៣,៥ពាន់លានដុល្លារប៉ុណ្ណោះ។ 
 
ក្នុងទំហំជាង ៣,៧ពាន់លានដុល្លារនេះ ការស្នាក់នៅទទួលប្រយោជន៍បានជាង១ពាន់លានដុល្លារ, អាហារ និងភេសជ្ជមានចំនួន ជាង៩០០លានដុល្លារ, វត្ថុអនុស្សវរីយមានប្រមាណ ៧២៣លានដុល្លារ និងវិស័យផ្សេងទៀត។ 
 
រដ្ឋមន្រ្តីទេសចរណ៍ បានបង្ហាញថា គ្រាន់តែនៅចន្លោះថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែមេសា ថៃអាចរកចំណូលបាន ៥៦៦លានដុល្លារជាមួយភ្ញៀវទេសចរជាង ៤៦ម៉ឺននាក់។ 
 
ដោយមានការសម្របសម្រួលការធ្វើដំណើរ និងការលើកចោលទិដ្ឋការ ភ្ញៀវទេសចរចិនមានចំនួនច្រើនជាងគេ ពោលគឺជិត ៤០ម៉ឺននាក់, ម៉ាឡេស៊ីជិត ៣០ម៉ឺននាក់, ឥណ្ឌា មានជាង ១១ម៉ឺននាក់, រុស្ស៊ី មានជាង ១០ម៉ឺននាក់ និងកូរ៉េខាងត្បូងមានជាង ៨ម៉ឺននាក់៕

Tag:
 ថៃ
  ចូលឆ្នាំ
© រក្សាសិទ្ធិដោយ thmeythmey.com