អន្តរជាតិ
សេដ្ឋីភេសជ្ជវៀតណាម ត្រូវកាត់ទោសដាក់ពន្ធនាគារ ៨ឆ្នាំ
25, Apr 2024 , 5:39 pm        
រូបភាព
លោក Tran Qui Thanh ប្រធានក្រុមហ៊ុនភេសជ្ជTan Hiep Phat។ រូបភាព VnExpress
លោក Tran Qui Thanh ប្រធានក្រុមហ៊ុនភេសជ្ជTan Hiep Phat។ រូបភាព VnExpress
សេដ្ឋីវៀតណាម លោក Tran Qui Thanh ប្រធានក្រុមហ៊ុនភេសជ្ជ Tan Hiep Phat  ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៨ឆ្នាំពីបទរំលោភលើទំនុកចិត្តពាក់ព័ន្ធនឹងទ្រព្យបញ្ចាំ ក្នុងករណីបោកបន្លំទ្រព្យសម្បត្តិទំហំប្រមាណ ៤១,២លានដុល្លារ។ កូនស្រីរបស់លោក ២នាក់ទៀត ក៏ត្រូវបានតុលាការកាត់ទោសផងដែរ។

 
លោក Tran Qui Thanh ដែលមានវ័យ ៧១ឆ្នាំ និងជាប្រធានក្រុមហ៊ុនភេសជ្ជនាំមុខមួយនៅវៀតណាម Tan Hiep Phat នៅថ្ងៃទី២៥ ខែមេសា ត្រូវបានតុលាការក្រុងហូជីមិញ សម្រេចឱ្យជាប់ពន្ធនាគាររយៈពេល ៨ឆ្នាំ។ ចំណែកកូនស្រី ២នាក់ទៀតរបស់លោក ក៏ត្រូវតុលាការកាត់ទោសផងដែរ។ លោកស្រី Tran Uyen Phuong មានវ័យ ៤៣ឆ្នាំ ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ៤ឆ្នាំ ខណៈលោកស្រី Tran Ngoc Bich ត្រូវកាត់ទោសឱ្យជាប់ពន្ធនាគារចំនួន ៣ឆ្នាំ ប៉ុន្តែទោសនោះត្រូវព្យួរ។ 
 
លោក Tran Qui Thanh ត្រូវបានតុលាការសម្រេចថា ជាមេ គំនិតលើការបោកបន្លំទ្រព្យដាក់បញ្ចាំសម្រាប់ប្រាក់កម្ចី។ បើទោះអ្នកខ្ចីប្រាក់បានផ្តល់ប្រាក់ បូកនឹងការប្រាក់ក្តី លោក Thanh បានបដិសេធមិនផ្តល់ទ្រព្យបញ្ចាំទៅម្ចាស់ដើមវិញឡើយ ដោយប្រើប្រាស់ហេតុផលផ្សេងៗដូចជា ការបំពានកិច្ចសន្យាជាដើម។ ចំណែកកូនស្រីពីរនាក់ទៀត ក៏មានពាក់ព័ន្ធនឹងបទចោទនោះដែរ។ 
 
អ្នកទាំងបីនាក់ បានឆបោករឹបអូសយកគម្រោងអចលនទ្រព្យចំនួន ២កន្លែង និងដីចំនួន ៣៥កន្លែង ដោយមានទំហំប្រមាណ ៤១,២លានដុល្លារ ពីបុគ្គលចំនួន ៤នាក់។ ទន្ទឹមនេះ តុលាការបានបញ្ជាឱ្យជនល្មើសទាំង៣នាក់ បង់ប្រាក់ពិន័យក្នុងម្នាក់ ៤ពាន់ដុល្លារផងដែរ។  តុលាការបានរកឃើញលោក Thanh និងកូនៗ បោកប្រាស់អ្នកវិនិយោគចន្លោះពីឆ្នាំ២០១៩ និងឆ្នាំ២០២០។ 
 
មួយរយៈចុងក្រោយ វៀតណាម បានកាត់ទោស និងចាប់ខ្លួនមន្រ្តី និងអ្នកជំនួញប្រព្រឹត្តអំពើពុករលួយជាច្រើននាក់ ក្រោយយុទ្ធនាការបោសសម្អាតពីសំណាក់បក្សកុម្មុយនីស្ត៕
 

Tag:
 វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com