ជាតិ
សេដ្ឋកិច្ច
កម្ពុជាបានចំណូលជាង៨៦០លានដុល្លារ ពីការនាំចេញស្រូវ-អង្ករ រយៈពេល៤ខែ
08, May 2024 , 7:59 pm        
រូបភាព
សកម្មភាពឈ្មួញប្រមូលទិញស្រូវពីកសិករនៅខេត្តព្រះវិហារ។ រូបភាព៖ មន្ទីរកសិកម្មខេត្តព្រះវិហារ​
សកម្មភាពឈ្មួញប្រមូលទិញស្រូវពីកសិករនៅខេត្តព្រះវិហារ។ រូបភាព៖ មន្ទីរកសិកម្មខេត្តព្រះវិហារ​
កម្ពុជាទទួលបានចំណូលប្រមាណ ៨៦៣លានដុល្លារ ពីការនាំចេញស្រូវ-អង្ករ នៅក្នុងរយៈពេល៤ខែ ឆ្នាំ២០២៤។



យោងតាមទិន្ន័យរបស់ សហព័ន្ធស្រូវអង្ករកម្ពុជា ចេញផ្សាយនៅថ្ងៃទី៧ ឧសភា រយៈពេល៤ខែ ឆ្នាំ២០២៤នេះ កម្ពុជាសម្រេចបានការនាំចេញអង្ករជាង២៤៨ពាន់តោន ដែលគិតជាទឹកប្រាក់មានចំនួន១៧០លានដុល្លារ។ គោលដៅដែលបាននាំចេញមាន ​៦០ប្រទេស ក្នុងនោះតំបន់អឺរ៉ុប នាំមុខគេដោយបានបញ្ជាទិញអង្ករពីកម្ពុជាក្នុងបរិមាណ១០៥ ៧៩៩ តោន ឬស្មើ ៨១,៦២លានដុល្លារ។​ 
 
ចិន និងតំបន់រដ្ឋបាលស្វយ័ត គឺជាទីផ្សារធំទី២ ដែលត្រូវបាននាំចេញក្នុងទំហំ៦៧ ៤៥៧ តោន ឬស្មើ៤២,២៨លានដុល្លារ។ ៧ប្រទេសសមាជិកអាស៊ាន មានចំនួន៥៣ ៧៦៦ តោន ឬស្មើ២៧,៧៤លានដុល្លារ ព្រមទាំង២៤ប្រទេសផ្សេងៗទៀត នៅអាហ្វ្រិក និងមជ្ឈិមបូព៌ាមានចំនួន២១ ៤៦៩ តោន ឬស្មើ១៨.៥៧លានដុល្លារ។ អង្ករក្រអូបគ្រប់ប្រភេទ គ្រប់ដណ្ដប់ការនាំចេញសរុបរហូតដល់៧៣ភាគរយ។ ក្រៅពីនោះ ក៏មានអង្ករសធម្មតា, អង្ករចំហ៊ុយ និងអង្ករសរីរាង្គ ផងដែរ
 
ក្នុងរយៈពេលដដែលនេះ កម្ពុជាបាននាំចេញស្រូវទៅកាន់ប្រទេសជិតខាង ២ ៤១៩ ៣១៧ តោន ដែលគិតជាទឹកប្រាក់ ៦៩៣លានដុល្លារ ក្នុងនោះ ៧២ភាគរយ បានឆ្លងកាត់ការស្នើសុំការបញ្ជាក់ឯកសារនាំចេញពីអាជ្ញាធរមានសមត្ថកិច្ច៕ 
 
 
 
 

Tag:
 ស្រូវ
  អង្ករ
  ក្រសួងកសិកម្ម
  សហព័ន្ធស្រូវអង្ករកម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com