អន្តរជាតិ
ប្រវត្តិទិវានៃក្តីស្រឡាញ់ Valentine’s Day
× ថ្ងៃទី១៤ កុម្ភៈ ឬទិវានៃក្តីស្រឡាញ់ (Valentine’s Day ជាភាសាអង់គ្លេស ឬ Saint-Valentin ជាភាសាបារាំង) បានចាប់ផ្តើមឡើងពីបណ្តាប្រទេសក្នុងទ្វីបអឺរ៉ុប ពោលគឺនៅក្នុងទីក្រុងរ៉ូម ប្រទេសអ៊ីតាលី ហើយបន្តរាលដាលពាសពេញពិភពលោក។
ទាក់ទងនឹងការប្រារព្ធទិវានេះ មានរឿងតំណាលតៗគ្នាថា នាអំឡុងពេលកលយុគ្គ (សង្គ្រាម) នៅក្នុងទីក្រុងរ៉ូម រដ្ឋាភិបាលអ៊ីតាលី មានការលំបាកក្នុងការកែនពលរដ្ឋធ្វើកងទ័ព ដោយសារពួកបុរសៗមិនចង់ចាកចេញពីអ្នកដែលខ្លួនស្រឡាញ់ និងគ្រួសាររបស់ពួកគេ។ ដូច្នេះរដ្ឋាភិបាលក៏បានប្រកាសរំសាយចោលនូវការរៀបការ និងពិធីភ្ជាប់ពាក្យទាំងអស់នៅក្នុងទីក្រុងរ៉ូម។
នាគ្រិស្តសករាជ២៦៩ មានព្រះសង្ឃគ្រិស្តសាសនាមួយអង្គព្រះនាម Saint Valentine បានសហការជាមួយមិត្តរបស់គាត់ Saint Marius បន្តជួយរៀបអាពាហ៍ពិពាហ៍ដល់គូស្នេហ៍វ័យក្មេងជាសម្ងាត់។ ប៉ុន្តែទង្វើទាំងនេះត្រូវបានគេរកឃើញ ហើយលោក Valentine ត្រូវបានចាប់ដាក់ពន្ធនាគារធ្វើទារុណកម្មយ៉ាងធ្ងន់ធ្ងរ និងត្រូវគេប្រកាសប្រហារជីវិតដោយកាត់កនៅថ្ងៃទី១៤ កុម្ភៈ។
នៅក្នុងពន្ធនាគារ លោក Valentine បានលួចស្រឡាញ់នារីវ័យក្មេងម្នាក់ ដែលគេជឿថា ជាកូនស្រីរបស់ឆ្មាំគុក ដោយសារនាងឧស្សាហ៍ចេញចូល សួរសុខទុក្ខ និងគាំទ្រគាត់។ មុនពេល គេនាំគាត់ទៅប្រហារជីវិតនៅថ្ងៃទី១៤ កុម្ភៈ លោក Valentine បានសរសេរសំបុត្រយ៉ាងខ្លីមួយផ្ញើរទៅនាងដើម្បីបញ្ជាក់ពីមិត្តភាព និងភាពស្មោះត្រង់របស់គាត់ចំពោះនាងដោយមានចុះហត្ថលេខាថា «ពី Valentine របស់អ្នក» ។
ចាប់តាំងពីពេលនោះមក នៅរៀងរាល់ថ្ងៃទី១៤ កុម្ភៈ គេឃើញមានការរៀបចំ ទិវានៃក្តីស្រឡាញ់ នេះ ដោយមានភ្ជាប់មកជាមួយនូវវត្ថុអនុស្សាវរីយ៍ជូនគ្នាទៅវិញទៅមក មានផ្កាកុលាប និងស្ករគ្រាប់ជាដើមដើម្បីបង្ហាញពីការគោរពស្រឡាញ់រាប់អាន និងដឹងគុណដល់លោក Valentine៕
អត្ថបទសហការផ្តល់ដោយ គណៈកម្មការស្រាវជ្រាវឯកសារនៃសាលារៀនអន្តរទ្វីបអាមេរិកាំង
Tag:
ទិវានៃក្តីស្រឡាញ់
© រក្សាសិទ្ធិដោយ thmeythmey.com