អន្តរជាតិ
ការតែងតាំង​អគ្គរដ្ឋទូត​អាមេរិក​ថ្មី​ប្រចាំ​UN ជម្រះ​កង្វល់​រឿង​អាមេរិក​ចង់​ចេញពី UN
25, Jan 2017 , 5:17 pm        
រូបភាព
​ព្រឹទ្ធសភា​អាមេរិក​ទទួលយក​លោក​ស្រី Nikki Haley អភិបាលរដ្ឋ South Carolina  ជា​អគ្គរដ្ឋទូត​អាមេរិក​ថ្មី​ប្រចាំ​នៅ​អង្គការសហប្រជាជាតិ​។ ការសម្រេច​តែងតាំង​បេសកជន​ពិសេស​ប្រចាំ​អង្គការសហប្រជាជាតិ​ថ្មី​នេះ​ជួយ​បញ្ចប់​ក្តីបារម្ភ​ទាំង​អម្បាលម៉ាន​ពាក់ព័ន្ធ​ការប្រែប្រួល​ទំនាក់ទំនង​រវាង​អាមេរិក​និង​អង្គការ​អន្តររដ្ឋាភិបាល​នេះ​។​



​អភិបាលរដ្ឋ South Carolina លោកស្រី Nikki Haley ត្រូវបាន​ព្រឹទ្ធសភា​អាមេរិក​តែងតាំង​ជា​ឯកអគ្គរដ្ឋទូត​អាមេរិក​ថ្មី​ប្រចាំ​អង្គការសហប្រជាជាតិ​នៅ​ថ្ងៃ​អង្គារ​ទី ២៤ មករា​កន្លងទៅ​។ ការតែងតាំង​លោកស្រី Nikki Haley ជា​ផ្នែក​មួយ​នៃ​ការពង្រឹង​នយោបាយ​ការទូត​ថ្មី​របស់​រដ្ឋបាល​លោក ដូ​ណា​ល់ ត្រាំ ក្នុងពេល​ខាងមុខ​។​

​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP  បេក្ខភាព​របស់លោក​ស្រី Nikki Haley ត្រូវបាន​សមាជិក​ព្រឹទ្ធសភា ៩៦ បោះឆ្នោត​គាំទ្រ ខណៈ​សមាជិក បួន​នាក់​ផ្សេងទៀត​បោះឆ្នោត​ជំទាស់​។

​បេសកជន​ពិសេស​ថ្មី​របស់​អាមេរិក​ប្រចាំ​អង្គការសហប្រជាជាតិ​នេះ មាន​វ័យ ៤៥ ឆ្នាំ ហើយ​លោកស្រី​ត្រូវបាន​គេ​ស្គាល់​ថា​ជា​កូន​ស្ត្រី​របស់​ក្រុមគ្រួសារ​ជនអន្តោប្រវេសន៍​ឥណ្ឌា​។ គេ​មើលឃើញថា លោកស្រី Nikki Haley ទទួលបាន​ការគាំទ្រ​មិន​ត្រឹមតែ​ពី​ក្រុម​អ្នក​សា​ធា​ធារ​ណ​រដ្ឋ​ទេ តែ​ពី​បណ្តា​ក្រុម​អ្នក​ប្រជា​ជា​ធិបតេយ្យ​ដូចគ្នា​។

​សមាជិក​ព្រឹទ្ធសភា​បក្ស​ប្រជាធិបតេយ្យ​លោក Ben Cardin ដែល​លើ​ដៃ​បោះឆ្នោត​ឲ្យ​បេក្ខជន​ឯកអគ្គរដ្ឋទូត​អាមេរិក​ថ្មី​ប្រចាំ​អង្គការសហប្រជាជាតិ​នេះ បាន​បញ្ជាក់ថា លោក​គាំទ្រ Nikki Haley ដោយសារតែ​លោកស្រី​មាន​សមត្ថភាព​និង​មាន​ជំហរ​ការទូត​រឹងមាំ​ដែល​បម្រើ​ប្រយោជន៍​ពិភពលោក​និង​រក្សា​តម្លៃ​អាមេរិក​។​

​លោក​បាន​រម្លឹក​ផងដែរ​ថា​ក្នុង​ពិធី​ផ្តល់​សក្ខីកម្ម​ចំពោះមុខ​សភា​លោកស្រី Nikki Haley បាន​ប្តេជ្ញាចិត្ត​ការពារ​អធិបតេយភាព​របស់​អ៊ុយ​ក្រែ​ន​និង​បញ្ជាក់​ច្បាស់​ថា « Crimea​មិនមែនជា​របស់​រុស្ស៊ី​»​ឡើយ​។  

​តាមពិតទៅ ការតែងតាំង​ឯកអគ្គរដ្ឋទូត​អាមេរិក​ថ្មី​នេះ បាន​ជួយ​ជម្រះ​អស់​មន្ទិលសង្ស័យ​ដែលមាន​កន្លងមក​ពាក់​ព័ន្ធ​អនាគត​នៃ​ទំនាក់ទំនង​រវាង​អាមេរិក​ក្រោម​រដ្ឋបាល​លោក ដូ​ណា​ល់ ត្រាំ ជាមួយ​អង្គការសហប្រជាជាតិ​។ វា​បានន័យថា រដ្ឋបាល​ថ្មី​នេះ​នៅ​រក្សា​ទំនាក់ទំនង​ជាមួយ​ស្ថាប័ន​ពហុភាគី​នេះ​ដដែល ថ្វីបើ​ប្រធានាធិបតី​អាមេរិក​ធ្លាប់​រិះគន់​អង្គការ​នេះ​ខ្លាំង​ក៏ដោយ​។​

​កាលពី​ថ្មីៗ​នេះ គេ​ព្រួយបារម្ភ​ថា អាមេរិក​អាច​នឹង​ចាក​ចេញពី​អង្គកា​សហប្រជាជាតិ​។ នេះ​ក៏ដោយ​សារ សមាជិកសភា​បក្ស​សាធារណរដ្ឋ​នៅ​រដ្ឋ Alabama លោក Mike Rogers បានដាក់​សេចក្តីស្នើច្បាប់​មួយ​ទៅ​សភា​សំដៅ​ដល់​ការដក​អាមេរិក​ចេញពី​អង្គការសហប្រជាជាតិ​។ សេចក្តីស្នើច្បាប់​នេះ​មានឈ្មោះ​ជា​ផ្លូវការ​ថា «​ច្បាប់​ស្តីពី​ការស្តារ​អធិបតេយ្យ​អាមេរិក​ឡើងវិញ​ឆ្នាំ​២០១៧» ។​
​យ៉ាងណា​ក៏ដោយចុះ ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ធ្លាប់​គំរាម​កាត់បន្ថយ​ជំនួយ​ផ្តល់​ឲ្យ​អង្គការសហប្រជាជាតិ​ពាក់ព័ន្ធ​កម្មវិធី​នានា​ដែល​ដោះស្រាយ​ប​ញ្ហ​ប្រែប្រួល​អាកាសធាតុ និង​ប្រឆាំង​ដំណោះស្រាយ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ក្នុង​សំណុំរឿង​សាងសង់​លំនៅដ្ឋាន​លើទឹក​ដី​ប៉ា​ឡេ​ស្ទី​ន​។ លោក ត្រាំ ហ៊ាន​សន្យា​កែទម្រង់​អង្គការ​អន្តរជាតិ​នេះ​ថែម​ទៀតផង​៕


Tag:
 Nikki Haley
  ដូ​ណា​ល់ ត្រាំ​
  UN
© រក្សាសិទ្ធិដោយ thmeythmey.com