អន្តរជាតិ
ទូត​អាមេរិក​ថ្មី​ប្រចាំ UN៖ យើង​កំពុង​កត់​ឈ្មោះ​ប្រទេស​ដែល​មិន​ជួយ​អាមេរិក​
30, Jan 2017 , 8:19 pm        
រូបភាព
អគ្គរដ្ឋទូត​អាមេរិក​ថ្មី​ប្រចាំ​អង្គការសហប្រជាជាតិ លោកស្រី Nikki Haley បាន​ផ្ញើ​សារ​ព្រមាន​ខ្លាំង​ចំពោះ​បណ្ដា​សម្ព័ន្ធមិត្ត និង​គូប្រជែង​ទាំងឡាយ​របស់​អាមេរិក​។ ក្នុង​ដំណើរ​លើកទីមួយ​ទៅកាន់​ស្នាក់ការ​អង្គការសហប្រជាជាតិ លោកស្រី Nikki Haley គំរាមថា រដ្ឋបាល​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ នឹង​ចំណាំ​ឈ្មោះ​ប្រទេស​ដែល​មិន​គាំទ្រ​អាមេរិក ហើយនឹង​ត្រៀម​ចាត់វិធានការ​ឆ្លើយតប​វិញ​ដែរ​។



​អភិបាលរដ្ឋ South Carolina លោកស្រី Nikki Haley ដែល​ត្រូវបាន​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ជ្រើសរើស​ជា​តំណាង​ប្រចាំ​អង្គការសហប្រជាជាតិ ទើបតែ​ប្រគល់​សារតាំង​ដល់​អគ្គលេខាធិការ​លោក Antonio Guterres នៅ​ថ្ងៃទី​២៧ ខែមករា​។ នៅ​មុនពេល​ប្រគល់​សារតាំង លោកស្រី Nikki Haley ក៏បាន​ផ្ញើ​សារ​ក្រើនរម្លឹក​មួយ​ទៅដល់​ប្រទេស​ជា​មិត្ត និង​បណ្ដា​គូប្រជែង​របស់​អាមេរិក ព្រម​គ្នា​នឹង​ទស្សនវិស័យ​របស់លោក​ស្រី ក្នុងនាម​ជា​តំណាង​អាមេរិក​ប្រចាំ​ស្ថាប័ន​ពិភពលោក​។​

​ពី​ទីស្នាក់ការ​អង្គការសហប្រជាជាតិ លោកស្រី Nikki Haley និយាយថា អ្នកនឹង​ឃើញ​ការផ្លាស់ប្ដូរ​របៀប​ធ្វើការ​របស់​យើង​។ គោលដៅ​នៃ​រដ្ឋបាល​អាមេរិក​ថ្មី គឺ​បង្ហាញ​តម្លៃ​របស់​នៅ​អង្គការសហប្រជាជាតិ​។ អ្នកនយោបាយ​បក្ស​សាធារណរដ្ឋ​រូបនេះ​បន្តថា របៀប​បង្ហាញ​តម្លៃ​របស់​យើង គឺ​តាមរយៈ​ការបញ្ចេញ​ឫទ្ធ​អំណាច និង​សំឡេង​របស់​យើង​, ជួយ​គាំទ្រ​សម្ព័ន្ធមិត្ត ក៏ដូចជា​ប្រាកដថា សម្ព័ន្ធមិត្ត​របស់​យើង នឹង​ជួយ​យើង​វិញ​ដែរ​។​

​យ៉ាងណាមិញ អគ្គរដ្ឋទូត​អាមេរិក​រូបនេះ ក៏បាន​គំរាម​ទុក​មុន​ដែរ​ថា​៖ «​សម្រាប់​ប្រទេស​ដែល​មិន​ជួយ​គាំទ្រ​អាមេរិក យើង​នឹង​កត់ត្រា​ឈ្មោះ​ប្រទេស​ទាំងនោះ​ទុក​។ យើង​នឹងមាន​ចំណាត់ការ​ណាមួយ​ទៅតាម​ហ្នឹង​ទៀត​»​។ ប៉ុន្តែ​លោកស្រី​អគ្គរដ្ឋទូត មិនបាន​បញ្ជាក់​ឲ្យ​ច្បាស់​ពី​វិធាន​ការដែល​រដ្ឋបាល​ប្រធានាធិបតី បា​រ៉ា​ក់ អូ​បា​ម៉ា អនុវត្ត​លើ​ប្រទេស​ដែល​មិន​ជួយ​អាមេរិក​ឡើយ​។ នេះ​បើតាម​ការផ្សាយ​របស់​សារព័ត៌មាន The New York Times ។​

​សូមបញ្ជាក់ថា លោកស្រី Nikki Haley ត្រូវបាន​ព្រឹទ្ធសភា​អាមេរិក​តែងតាំង​ជា​ឯកអគ្គរដ្ឋទូត​អាមេរិក​ថ្មី​ប្រចាំ​អង្គការសហប្រជាជាតិ​នៅ​ថ្ងៃ​អង្គារ​ទី ២៤ មករា​កន្លងទៅ​។ ការតែងតាំង​លោកស្រី Nikki Haley ជា​ផ្នែក​មួយ​នៃ​ការពង្រឹង​នយោបាយ​ការទូត​ថ្មី​របស់​រដ្ឋបាល​លោក ដូ​ណា​ល់ ត្រាំ ក្នុងពេល​ខាងមុខ​។ ការតែងតាំង​នេះ បាន​ជួយ​ជម្រះ​អស់​មន្ទិលសង្ស័យ​ដែលមាន​កន្លងមក​ពាក់​ព័ន្ធ​អនាគត​នៃ​ទំនាក់ទំនង​រវាង​អាមេរិក​ក្រោម​រដ្ឋបាល​លោក ដូ​ណា​ល់ ត្រាំ ជាមួយ​អង្គការសហប្រជាជាតិ​។​

​វា​បានន័យថា រដ្ឋបាល​ថ្មី​នេះ​នៅ​រក្សា​ទំនាក់ទំនង​ជាមួយ​ស្ថាប័ន​ពហុភាគី​នេះ​ដដែល ថ្វីបើ​ប្រធានាធិបតី​អាមេរិក​ធ្លាប់​រិះគន់​អង្គការ​នេះ​ខ្លាំង​ក៏ដោយ​។ លោក ត្រាំ ធ្លាប់​គំរាម​កាត់បន្ថយ​ជំនួយ​ផ្តល់​ឲ្យ​អង្គការសហប្រជាជាតិ​ពាក់ព័ន្ធ​កម្មវិធី​នានា​ដែល​ដោះស្រាយ​ប​ញ្ហ​ប្រែប្រួល​អាកាសធាតុ និង​ប្រឆាំង​ដំណោះស្រាយ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ក្នុង​សំណុំរឿង​សាងសង់​លំនៅដ្ឋាន​លើទឹក​ដី​ប៉ា​ឡេ​ស្ទី​ន​។ លោក ត្រាំ ហ៊ាន​សន្យា​កែទម្រង់​អង្គការ​អន្តរជាតិ​នេះ​ថែម​ទៀតផង​៕


Tag:
 ​អាមេរិក​
  UN
  Nikki Haley
© រក្សាសិទ្ធិដោយ thmeythmey.com