ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ហេតុផល​ដែល​ធ្វើ​ឲ្យ​ខួរក្បាល​គិត​អ្វី​មិនសូវ​ចេញ​
20, Aug 2023 , 10:59 pm        
រូបភាព
ដោយ: ថ្មីៗ
​អារម្មណ៍​ថា​ខួរក្បាល​គិត​អ្វី​មិនសូវ​ចេញ​អាច​ហៅ​ម្យ៉ាង​ទៀតថា Brain Fog ។ វា​ត្រូវបាន​គេ​ប្រើប្រាស់​ជា​រោគសញ្ញា​ដែល​អាច​បញ្ជាក់​អំពី​សម​ត្ថ​ភាព​នៃ​ការគិត​បាន​។ អ្នក​ប្រហែល​ជាមាន​អារម្មណ៍​ថា​វង្វេងវង្វាន់ ឬ​មិនអាច​គិត​អ្វី​បានល្អ ឬ​ពិបាក​ផ្ចង់អារម្មណ៍​ទៅលើ​អ្វីដែល​អ្នក​គិត​ណាស់​។ តើ​វា​អាច​បណ្តាលមកពី​មូលហេតុ​អ្វី​ខ្លះទៅ​?



​ការ​មាន​ផ្ទៃពោះ​
​ស្ត្រី​ភាគច្រើន​យល់ថា វា​គឺជា​រឿង​ដែល​ពិបាក​ក្នុង​ការចងចាំ​រឿង​ជាច្រើន​ក្នុងពេល​មាន​ផ្ទៃពោះ​។ ការដែល​ពរ​ពោះ​អាច​ផ្លាស់ប្តូរ​ដល់​រាងកាយ​តាមរបៀប​ជាច្រើន ហើយ​សារ​ធាតុគីមី​ដែល​បាន​បញ្ចេញ​ដើម្បី​ការពារ និង​ផ្តល់​ជីវជាតិ​ដល់​កូន​ក៏​ប្រហែលជា​ធ្វើ​ឲ្យ​មាន​បញ្ហា​ដល់​ការចងចាំ​បានដែរ​។

​ការ​លេបថ្នាំ​
​ថ្នាំ​មួយចំនួន​ទាំង​ថ្នាំ​គ្មាន​វេជ្ជបញ្ជា និង​មាន​វេជ្ជបញ្ជា អាចធ្វើ​ឲ្យ​ខួរក្បាល​គិត​អ្វី​មិនសូវ​ចេញ​ដែរ​។ បើសិនជា​អ្នក​លេបថ្នាំ ហើយ​សម្គាល់​ឃើញថា ការគិត​អ្នក​មិន​ច្បាស់លាស់​ដូចដែល​អាចធ្វើ​កាលពីមុន ឬ​ស្រាប់តែ​មិនអាច​ចងចាំ​អ្វី​បាន​សោះ​នោះ យក​ល្អ​គួរតែ​ទាក់ទង​ទៅ​គ្រូពេទ្យ​ភ្លាម​ទៅ​។ ចូរ​ប្រាកដថា អ្នក​ឲ្យ​គាត់​ដឹង​នូវ​ថ្នាំ​ទាំងអស់​ដែល​អ្នក​កំពុងតែ​ប្រើ​ផង​។

​ការព្យាបាល​ជំងឺមហារីក​
​ថ្នាំ​ព្យាបាល​ជំងឺមហារីក អាច​នាំ​ឲ្យ​មាន​បញ្ហា​មួយ​ឈ្មោះថា Chemo Brain​។ អ្នក​ប្រហែល​ជាមាន​បញ្ហា​ក្នុងការ​ចងចាំ និយាយ​ឲ្យ​ច្បាស់​អំពី​ឈ្មោះ ថ្ងៃខែ ពិបាកធ្វើ​ការងារ​ដែល​ច្រើន​ចូលគ្នា ឬ​ត្រូវការ​ពេល​កាន់តែ​យូរ​ក្នុង​ការបញ្ចប់​ការងារ​អ្វីមួយ​។ រឿងនេះ​ច្រើនតែ​បាត់​ទៅវិញ​យ៉ាង​លឿន ប៉ុន្តែ​អ្នកខ្លះ​អាចមាន​ការប៉ះពាល់​រយៈ​ពេល​វែង​ដែរ​ក្រោយពី​ព្យាបាល​រួច​។

​ការ​រ៉ាំ​ង​រដូវ​
​ស្ត្រី​ច្រើនតែ​យល់ថា​ពិបាក​ក្នុង​ការរៀន ឬ​ចងចាំ​នូវ​រឿង​ទាំងឡាយ​នៅពេល​ពួកគេ​ឈានដល់​ចំណុច​មួយ​នេះ​ក្នុង​ជិវិត​។ រឿងនេះ​កើតឡើង​ប្រហែលជា​មួយឆ្នាំ​ក្រោយពី​រដូវ​ចុងក្រោយ​របស់​ពួកគេ​បានបញ្ចប់ ដែល​ច្រើនតែ​កើតឡើង​នៅ​អាយុ ៥០​ឆ្នាំ​។ ជាមួយគ្នា​នឹង​ការគិត​អ្វី​មិនសូវ​ចេញ ពួកគេ​ក៏​អាចមាន​អាកា​រៈ​ក្តៅ​ពេញ​ខ្លួន និង​ការប្រែប្រួល​រាងកាយ​ផ្សេងៗ​ទៀត​។ ថ្នាំ​អ័រម៉ូន និង​ថ្នាំ​ផ្សេងៗ​ទៀត​ប្រហែលជា​ជួយ​ដល់​រឿងនេះ​បាន​។

​ចង្កោម​រោគសញ្ញា​អស់កម្លាំង​រ៉ាំរ៉ៃ​
​ជាមួយនឹង​ជំងឺ​មួយ​នេះ រាងកាយ និង​ចិត្តគំនិត​គឺ​អស់កម្លាំង​រយៈពេល​វែង​តែម្តង​។ អ្នក​ប្រហែល​ជាមាន​អារម្មណ៍​វង្វេងវង្វាន់ ភ្លេចភ្លាំង និង​មិនអាច​ផ្តោតអារម្មណ៍​លើ​អ្វីមួយ​បាន​។ មិនមាន​អ្វីដែល​អាច​ព្យាបាល​ជំងឺ​នេះ​ជា​ឡើយ ប៉ុន្តែ​ការប្រើ​ថ្នាំ ការហាត់​ប្រាណ និង​ការប្រឹក្សា​ប្រហែលជា​អាចជួយ​ដោះស្រាយបាន​។

​ការបាក់​ទឹកចិត្ត​
​អ្នក​ប្រហែលជា​មិន​ចងចាំ​រឿង​ជាច្រើន ឬ​មិនអាច​គិតថា​ចង់​ដោះស្រាយ​បញ្ហា​បាន​ដោយ​ងាយ​ឡើយ​។ វា​ពិបាក​នឹង​ដឹងថា វា​គឺជា​ទំនាក់ទំនង​ជាមួយនឹង​ការ​អស់កម្លាំង និង​ការលើកទឹកចិត្ត​ដែល​កើត​ជាមួយនឹង​ការបាក់​ទឹកចិត្ត ឬ​តើ​ការបាក់​ទឹកចិត្ត​ប៉ះពាល់​ដល់​ខួរក្បាល​ដែល​ធ្វើ​ឲ្យ​ពិបាក​គិត​ឬ​គិត​មិនសូវ​ចេញ​ឡើយ​។ ការព្យាបាល​សម្រាប់​ការបាក់​ទឹកចិត្ត​មានដូចជា ការ​លេបថ្នាំ និង​ការប្រឹក្សា​យោបល់​។

​ការ​គេង​
​អ្នក​ប្រហែលជា​ត្រូវការ​គេង​ដើម្បី​ជួយ​ឲ្យ​ខួរក្បាល​ធ្វើការ​បាន​កាន់តែ​ស្រួល ប៉ុន្តែ​ការដែល​គេង​ច្រើនពេក​អាចធ្វើ​ឲ្យ​មាន​អារម្មណ៍​ច្រឡំបល់​បាន​។ យក​ល្អ​គួរតែ​គេង​ពី ៧ ទៅ​៩​ម៉ោង​ទៅបាន​ហើយ​។ ដើម្បី​ការ​គេង​នៅពេល​យប់​មាន​ភាព​កាន់តែ​ស្រួល យក​ល្អ​គួរតែ​ចៀសវាង​ការ​ញ៉ាំ​ជាតិ​កាហ្វេ​អ៊ី​ន និង​គ្រឿង​ស្រវឹង​ក្រោយពី​បាយ​រួច និង​ព្យាយាម​ដាក់​កុំព្យូទ័រ និង​ទូរស័ព្ទដៃ​ឆ្ងាយ​ពី​កន្លែង​គេង​ផង​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com