ជាតិ
បោះឆ្នោត
សម្ដេច ហ៊ុន សែន រិះគន់គោលនយោបាយសម្ដេចក្រុមព្រះ ដែលសន្យាដោះបំណុលពលរដ្ឋ
× ភ្នំពេញ៖ មកដល់ពេលនេះ គោលនយោបាយដោះស្រាយបំណុលប្រជាពលរដ្ឋ នៅតែត្រូវបានសម្ដេចក្រុមព្រះ ប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច លើកឡើង ស្របពេលការបោះឆ្នោតខិតជិតមកដល់។ ប្រមុខរដ្ឋាភិបាល ចាត់ទុកការឃោសនារបស់អ្នកនយោបាយបែបនេះ ជាការបោកប្រាស់ប្រជាពលរដ្ឋ។
សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បាននិយាយថា គោលនយោបាយដោះបំណុលប្រជាពលរដ្ឋនេះ ជារឿងមួយដែលមិនអាចទៅរួចឡើយ ព្រោះវាអាចនឹងធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ។ សម្ដេច ហ៊ុន សែន រិះគន់គោលនយោបាយនេះថា ជាការភូតភរប្រជាពលរដ្ឋ ដើម្បីសំឡេងឆ្នោតប៉ុណ្ណោះ។ ត្រង់ចំណុចនេះ ប្រមុខរដ្ឋាភិបាល បាននិយាយចំអកដោយមិនបញ្ចេញឈ្មោះថា អ្នកនយោបាយ ដែលដើរនិយាយជាមួយពលរដ្ឋ ពីរឿងគោលនយោបាយជួយដោះបំណុលនេះ គឺបានសរសេរសំបុត្រសុំខ្ចីថវិកាពីសម្ដេចជាង១លានដុល្លារ កាលពីពេលថ្មីៗនេះទេ ដូច្នេះគ្មានលទ្ធភាពណាជួយដោះបំណុលពលរដ្ឋឡើយ។
ថ្លែងចំពោះមុខកម្មកររោងចក្រ នៅខេត្តកណ្ដាល នៅថ្ងៃទី៣០ ឧសភានេះ ប្រមុខរដ្ឋាភិបាល បានបញ្ជាក់ដូច្នេះថា៖«ខ្ញុំអត់ខ្លាចនិយាយប៉ះពាល់ទេ ព្រោះអ្នកឯងទៅប្រកាសថា សងបំណងជួសប្រជាជន គឺជាការបោកប្រាស់ប្រជាជន ដែលខ្ញុំត្រូវតែនិយាយបកស្រាយឲ្យប្រជាជនបានដឹង ថានៅលើលោកនេះ គ្មានលទ្ធភាពទេ ហើយអ្នកដែលទៅនិយាយនេះក៏អត់មានលុយដែរ ។ បើចង់ឲ្យខ្ញុំបង្ហាញសំបុត្រ(សុំខ្ចីលុយ) ខ្ញុំបង្ហាញបាន ខ្ញុំនិងបង្ហាញនៅលើហ្វេសប៊ុករបស់ខ្ញុំ។ ហើយ(អ្នកនិយាយ)អាងលើលុយរដ្ឋ បើអាងលើលុយរដ្ឋ សួរថាប្រជាជនកម្ពុជា ជំពាក់បំណុលធនាគារ និងមីក្រូហិរញ្ញវត្ថុប៉ុន្មានទៅ? សព្វថ្ងៃ២-៣ ពាន់លានដុល្លារ ដូច្នេះបើយើងមាន២-៣ពាន់លានដុល្លារ យើងចាំបាច់ទៅខ្ចីបរទេសធ្វើអ្វី យើងទៅធ្វើផ្លូវឲ្យចប់ទៅ…ចាំបាច់ទៅខ្ចីបរទេសធ្វើអ្វី ប៉ុន្តែមកពីយើងគ្មានលុយ ចេះតែនិយាយបែបនេះទៅរួច»។
ការលើកឡើងរបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន ពេលនេះ ធ្វើឡើងក្រោយពីប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច សម្ដេចនរោត្តម រណឫទ្ធិ បានថ្លែងប្រាប់ប្រជាពលរដ្ឋនៅខេត្តត្បូងឃ្មុំ កន្លងមកថា ព្រះអង្គនឹងសម្រួលដល់បញ្ហាបំណុលរបស់ប្រជាពលរដ្ឋ នៅពេលដែលគណបក្សទ្រង់ ឈ្នះឆ្នោតដឹកនាំរដ្ឋាភិបាល៕
Tag:
ហ៊ុន សែន
បក្សនយោបាយ
បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com