ជាតិ
លោក ថោង ខុន គ្រោង​ស្នើ​កញ្ចប់​ថវិកា​ពិសេស​ពី​រដ្ឋាភិបាល សម្រាប់​កែលម្អ​ផ្លូវថ្នល់ និង​លូ នៅ​ខេត្ត​ព្រះសីហនុ​
02, Oct 2018 , 11:29 am        
រូបភាព
ដោយ: ថ្មីៗ
​ព្រះ​សឹ​ហ​នុ​៖ ក្រសួងទេសចរណ៍ គ្រោង​ដាក់​សំណើសុំ​កញ្ចប់​ថវិកា​ពិសេស​ពី​រដ្ឋាភិបាល សម្រាប់​កែលម្អ​ផ្លូវថ្នល់ និង​លូ នៅ​ខេត្ត​ព្រះសីហនុ ក្រោយពី​ហេដ្ឋារចនាសម្ព័ន្ធ នៅ​ទីនោះ​ខូចខាត​ស្ទើ​ទាំងស្រុង​។​



​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​បញ្ជាក់ថា ការគ្រប់គ្រង​អភិវឌ្ឍ​តំបន់ឆ្នេរ​សមុទ្រ ឲ្យ​មាន​លក្ខណៈ​ធម្មជាតិ​នោះ គប្បី​ដោះស្រាយ​បញ្ហា​សំរាម និង​រៀបចំ​បរិស្ថាន​ឲ្យ​បានល្អ​។ ទន្ទឹមនឹងនេះ​ការដោះស្រាយ​បញ្ហា​ផ្លូវថ្នល់ និង​ប្រព័ន្ធ​លូ ដែលជា​ចំណុច​អាទិភាព សម្រាប់​ការអភិវឌ្ឍ​ទីក្រុង​ទេសចរណ៍ នា​ទិស​នីរ​តី​នេះ​។​
 
​ថ្លែង​ក្នុង​កិច្ចប្រជុំ​ពិនិត្យ​ការអភិវឌ្ឍ និង​ផលប៉ះពាល់​បរិស្ថាន ផ្លូវ ថ្នល់ និង​ប្រព​ន្ធ័​លូ ក្នង​ក្រុងព្រះសីហនុ លោក ថោង ខុន បានបញ្ជាក់​ដូច្នេះ​ថា​៖«​ដើម្បី​អភិវឌ្ឍន៍​ក្រុង ខេត្ត​ប្រកបដោយ​ចីរភាព ត្រូវមាន​ដូចជា  គោលការណ៍​ច្បាប់ , ធនធានមនុស្ស ,​និង​ថវិកា ។ ដូច្នេះ​យើង​ត្រូវ​រៀបចំ​គម្រោង​ស្នើសុំ​កញ្ចប់​ថវិកា​ពិសេស​មួយ ទៅ​ប្រមុខ​រាជរដ្ឋាភិបាល ដើម្បី​យកមក​កែលម្អ ស្ដារ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ លូ និង​បរិស្ថាន​ឲ្យ​ក្លាយជា​ទីក្រុង​បៃតង និង​លើកកម្ពស់​វិស័យ​ទេសចរណ៍​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច​បៃតង និង​កសាង​សង្គម​ប្រកបដោយ​បរិស្ថាន​ល្អ កាត់បន្ថយ​ផលប៉ះពាល់​ដល់​ប្រជាពលរដ្ឋ ភ្ញៀវទេសចរ​ជាតិ អន្តរជាតិ​នៅពេល​ខាងមុខ​»​។​
 
​កាលពីពេល​ថ្មីៗ​នេះ អភិបាលខេត្ត​ព្រះសីហនុ បាន​ឲ្យ​ក្រុមហ៊ុន​ចិន​ចំនួន​៦ សិក្សា​ពី​គម្រោង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ខេត្ត​ព្រះសីហនុ បន្ទាប់ពី​មានការ​រង​ខូចខាត​ស្ទើរតែ​ទាំងស្រុង ក្នុង​រយៈពេល​ចុងក្រោយ​នេះ​។ ការអនុញ្ញាត​នេះ ធ្វើឡើង​តាម​សំណើ​របស់​ក្រុមហ៊ុន​ចិន​ទាំងនោះ​។​
 
​វិស័យ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ បាន​ជំរុញ​វិស័យសេដ្ឋកិច្ច ឱ្យ​កាន់តែ​មាន​ភាព​រីកចម្រើន​ឈាន​ឡើងជា​លំដាប់​។ ដោយឡែក​ចំពោះ​សេវាកម្ម​សម្បទា​ទេសចរណ៍​វិញ ក៏មាន​ការកើនឡើង​គួរឱ្យកត់សម្គាល់​ផងដែរ ទាំង​សណ្ឋាគារ​កម្រិត​ជាតិ និង​កម្រិត​អន្តជាតិ ។ បច្ចុប្បន្ននេះ ខេត្ត​ព្រះសីហនុ មាន​អាជីវកម្ម​សរុប​ចំនួន​៨៧០​ទីតាំង កើនឡើង​៨៣​ទីតាំង ស្មើនឹង ១០.៥៥% បើ​ប្រៀបធៀប​នឹង ៩​ខែ ក្នុង​ឆ្នាំ​២០១៧ ។ ខេត្ត​នេះ មាន​សណ្ឋាគារ​ចំនួន ៨៨ ផ្ទះសំណាក់​ចំនួន ៣១១ បឹង​ហ្គា​ឡូ ១០ ភោជនីយដ្ឋាន និង​អាហារ​ដ្ឋា​ន ២៩១ និង​បណ្តា​មូលដ្ឋាន​អាជីវកម្ម​ផ្សេងៗ​ទៀត​ជាច្រើន​កន្លែង​។ នេះ​បើតាម​លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ​។​
 
​កន្លងមក​រដ្ឋាភិបាល​កម្ពុជា បានប្រកាស​ប្រែក្លាយ​ខេត្ត​ព្រះសីហនុ​ទៅជា «​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុ​បំណង​» ស្របតាម​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា​ឆ្នាំ ២០១៥-២០២៥ ។ ជាមួយគ្នានេះ រដ្ឋាភិបាល រំពឹងថា ប្រាក់ចំណូល​របស់​ប្រជាពលរដ្ឋ​ម្នាក់ៗ​ទទួលបាន ២,៣៧៣ ដុល្លា អាមេរិក ជាមួយនឹង​អត្រាកំណើន​សេដ្ឋកិច្ច ៧.៩​ភាគរយ និង​កាត់បន្ថយ​អត្រា​ភាពក្រីក្រ​ចុះមក​ត្រឹម ១១.៧២​ភាគរយ នៅ​ឆ្នាំ ២០៣០​ផងដែរ​៕
 

Tag:
 ថោង ខុន​
  ព្រះសីហនុ​
© រក្សាសិទ្ធិដោយ thmeythmey.com