ជាតិ
លោក ជា សុផារ៉ា បញ្ជូន​មន្ត្រី​ជំនាញ​៦​ក្រុម ទៅពិនិត្យ​ការដ្ឋាន​សំណង់ នៅ​ខេត្ត​ព្រះសីហនុ ក្រោយ​សង្ស័យថា មាន​សំណង់​ខុសច្បាប់​
04, Oct 2018 , 3:14 pm        
រូបភាព
រូបពីហ្វេសប៊ុកក្រសួងរៀបចំដែនដី នគរូបនីកម្ម និងសំណង់
រូបពីហ្វេសប៊ុកក្រសួងរៀបចំដែនដី នគរូបនីកម្ម និងសំណង់
ដោយ: ថ្មីៗ
ភ្នំពេញ​៖ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​បញ្ជូន​មន្ត្រី​ជំនាញ ៦​ក្រុម ទៅ​ខេត្ត​ព្រះសីហនុ ដើម្បី​ត្រួតពិនិត្យ​ការដ្ឋាន​សាងសង់ ដែល​សង្ស័យថា គ្មាន​ការអនុញ្ញាត​ត្រឹមត្រូវ​ពី​ក្រសួង​។ ការបញ្ជូន​មន្ត្រី​ជំនាញ​នេះ ធ្វើឡើង​ក្រោយពី​ក្រសួង​រៀបចំ​ដែនដី រកឃើញថា រដ្ឋបាលខេត្ត​ព្រះសីហនុ អនុវត្ត​ផ្ទុយ​ពី​គោលការណ៍​ក្រសួង លើ​ការគ្រប់គ្រង​សំណង់​នេះ​។​

 
​មន្ត្រី​ជំនាញ ដែល​ក្រសួង​បញ្ជូនទៅ​ខេត្ត​ព្រះសីហនុ​នេះ មាន​ភារកិច្ច​ចុះ​តាមដាន និង​ត្រួតពិនិត្យ​ការដ្ឋាន​សំណង់​ស្ថិតនៅក្នុង​ភូមិសាស្ត្រ​ខេត្ត​ព្រះសីហនុ លើ​ការអនុវត្ត​ស្របតាម​លិខិតអនុញ្ញាត​សាងសង់ ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត និង​បច្ចេកទេស​។ ក្រោយពី​រកឃើញ​ចំណុច​អវិជ្ជមាន​ហើយ ក្រុមមន្ត្រី​ទាំងនោះ នឹង​ត្រូវធ្វើ​របាយការណ៍​ការងារ មកកាន់​ក្រសួង​វិញ ដើម្បី​ត្រួតពិនិត្យ និង​សម្រេច​។ នេះ​បើតាម​លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ។​
 
​មូល​ហេតុដែល​ក្រសួង បញ្ជូន​មន្ត្រី​ជំនាញ​ទៅ​ខេត្ត​ព្រះសីហនុ​នេះ ដោយសារតែ​ការដ្ឋាន​សំណង់​ជាច្រើន​នៅ​ទីនោះ កំពុងដំណើរការ​សាងសង់ (​ខ្លះ​ជិត​រួចរាល់​ទាំងស្រុង​ទៅហើយ​) ដោយ​ពុំមាន​លិខិតអនុញ្ញាត​សាងសង់​ពី​ក្រសួង​ឡើយ ពោលគឺ​មានតែ​គោលការណ៍​ឲ្យ​ដំណើរ​ការសាងសង់ ដែល​ចេញពី​រដ្ឋបាលខេត្ត​ព្រះសីហនុ​ប៉ុណ្ណោះ​។ ក្រសួង​រៀបចំ​ដែនដី បាន​បញ្ជាក់ថា លិខិតអនុញ្ញាត​សាងសង់ ដែល​ចេញ​រដ្ឋបាលខេត្ត​នេះ គឺ​ផ្ទុយ​ពី​ស្មារតី​នៃ​អនុក្រឹត្យ​រដ្ឋាភិបាល ស្តីពី​លិខិតអនុញ្ញាត​សាងសង់​។​
 
​លិខិត​ក្រសួងមហាផ្ទៃ ដែល​ផ្ញើ​ទៅ​អភិបាលខេត្ត​ព្រះសីហនុ បានបញ្ជាក់​ដូច្នេះ​ថា​៖«​ក្រសួង​ស្នើ​ឲ្យ​រដ្ឋបាលខេត្ត​ព្រះសីហនុ បញ្ឈប់​ការចេញ​លិខិតអនុញ្ញាត​ជាគោលការណ៍ ដល់​ម្ចាស់​សំណង់​ឲ្យ​ដំណើរការ​សាងសង់ មុន​ទទួលបាន​លិខិតអនុញ្ញាត​សាងសង់ ពី​ស្ថាប័ន​មាន​សមត្ថកិច្ច និង​ត្រូវ​ពង្រឹង​ការគ្រប់គ្រង​ការដ្ឋាន​សាងសង់​ឲ្យ​គោរព​តាមច្បាប់ បទដ្ឋាន​គតិយុត្ត និង​បច្ចេកទេស​ជា​ធរមាន​»​។​
 
​ការផ្ដល់​គោលការណ៍​សាងសង់ ដោយ​ពុំមាន​ការអនុញ្ញាត​ពី​ក្រសួង​នេះ វា​អាច​បណ្ដាល​ឲ្យ​កើតមាន​បទល្មើស​សំណង់ ផលប៉ះពាល់​សណ្ដាប់ធ្នាប់​សាធារណៈ សោ​ភណ្ឌ​ភាព និង​គុណភាព​សំណង់​ជាដើម​។ នេះ​ជាការ​បញ្ជាក់​របស់​ក្រសួង​រៀបចំ​ដែនដី​៕
 

Tag:
 ​ជា សុផារ៉ា​
  ព្រះសីហនុ​
© រក្សាសិទ្ធិដោយ thmeythmey.com