ជាតិ
​​​ន​យោ​បាយ​ជាតិ​
ព្រោះតែ​រឿងក្តី លោក កឹម សុខា ខា​នទៅ​វត្ត​៣​ឆ្នាំ​ជាប់​គ្នា ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ
06, Oct 2018 , 12:49 pm        
រូបភាព
លោក កឹម សុខា ពិសាអាហារជាមួយភរិយានិងម្តាយ នៅផ្ទះរបស់លោក ក្រោយចេញពីពន្ធនាគារត្រពាំងផ្លុង នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨។ រូបពីហ្វេស​ប៊ុ​ក Chantha Muth
លោក កឹម សុខា ពិសាអាហារជាមួយភរិយានិងម្តាយ នៅផ្ទះរបស់លោក ក្រោយចេញពីពន្ធនាគារត្រពាំងផ្លុង នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨។ រូបពីហ្វេស​ប៊ុ​ក Chantha Muth
ភ្នំពេញ​៖ ក្នុង​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំនេះ លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ខក​ខា​តទៅ​វត្ត​ម្តងទៀត​។ លោក មិនអាច​ចេញទៅ​ណា​ឲ្យ​ហួស​ពី​ព្រំដែន​កំណត់​នោះទេ បើ​គ្មាន​ការអនុញ្ញាត​ពី​តុលាការ​។​

 
 
​លោក ផែង ហេង មេធាវី​ម្នាក់​របស់លោក កឹម សុខា បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​ទូរ​សព្ទ​ថា បើ​លោក កឹម សុខា ចង់ទៅ​វត្ត លុះត្រាតែ​ទទួលបាន​ការអនុញ្ញាត​ពី​ចៅក្រម​ស៊ើបសួរ​ជាមុនសិន​។ លោក បន្តថា លោក កឹម សុខា មានបំណង​ចង់ទៅ​វត្ត តែ​ក្រោយមក ក៏​សម្រេចចិត្ត​មិន​ទៅវិញ ដោយសារតែ​ស្មុគស្មាញ​ក្នុង​ការសុំ​ទៅ​ចៅក្រម​ស៊ើបសួរ​។ 
 
​មេធាវី​រូបនេះ បានបញ្ជាក់​បែបនេះ​ថា​៖«​យើង ដឹង​ហើយ​ថា ចៅក្រម​ស៊ើបសួរ កំណត់​ទំហំ​ដែនដី​ឲ្យ​គាត់​ធ្វើដំណើរ ហើយ​ក្នុង​បរិវេណ​ដែល​កំណត់​ហ្នឹង អត់​មាន​វត្ត​ទេ​។ ដំបូង យើង​ចង់​សុំ​ទៅ​ចៅក្រម​ស៊ើបសួរ​ដែរ តែ​នីតិវិធី​មើលទៅ​ដូចជា​ស្មុគស្មាញ​ពេក យើង​ក៏​លុបចោល​វិញ​»​។​
 
​ថ្វី​ដ្បិត លោក កឹម សុខា ត្រូវបាន​ដោះលែង​ពី​ពន្ធនាគារ ឲ្យ​ទៅ​រស់នៅ​ក្នុងផ្ទះ​របស់លោក​មែន ប៉ុន្តែ ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ បានដាក់​បម្រាម​យ៉ាង​តឹងរឹង​ចំពោះ​លោក​។ បើតាម​បម្រាម​នោះ លោក កឹម សុខា មិនអាច​ធ្វើដំណើរ​ទៅណា​មក​ណា​ឆ្ងាយ​ពី​ផ្ទះ​នោះទេ ហើយក៏​មិនអាច​ជួប​ជនបរទេស ដែល​ពាក់ព័ន្ធ​នឹង​សំណុំរឿង រួមទាំង​អ្នកនយោបាយ​នៃ​អតីត​គណបក្សប្រឆាំង​ផងដែរ​។ 
 
​នេះ​ជា​ឆ្នាំ​ទី​៣​ហើយ ដែល​លោក កឹម សុខា មិនបាន​ទៅ​វត្ត​ក្នុង​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​។ កាលពី​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំ​២០១៧ លោក ខានទៅ​វត្ត ដោយសា​តែ​លោក ជាប់ឃុំ​កក្នុងពន្ធនាគារ​ត្រពាំង​ផ្លុ​ង ខេត្ត​ត្បូងឃ្មុំ។ សមត្ថកិច្ច បាន​ចាប់​លោក កាលពី​យប់​ថ្ងៃទី​២ ឈានចូល​ថ្ងៃ​៣ ឆ្នាំ​២០១៧ ពោលគឺ នៅមុន​តែ​ពី​២-៣​ថ្ងៃ​ប៉ុណ្ណោះ នៃ​ការមកដល់​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​។  
 
​ចំណែក កាលពី​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំ​២០១៦ លោក កឹម សុខា ក៏​មិនបាន​ទៅ​វត្ត​ដែរ ដោយសារតែ​លោក ឃុំ​ខ្លួនឯង​ក្នុង​ទីស្នាក់ការ​កណ្តាល​គណបក្ស​សង្គ្រោះ​ជាតិ​។ មូលហេតុ ដែល​លោក ឃុំ​ខ្លួនឯង គឺ​ដោយសារតែ​លោក មិន​ចង់​ចូលទៅ​បំភ្លឺ​នៅ​តុលាការ ក្នុង​សំណុំរឿង​មួយ​។ 
 
​ការ​សម្ងំ​ក្នុង​ទីស្នាក់ការ ដោយ​មិន​ព្រម​ចូលទៅ​បំភ្លឺ​នៅ​តុលាការ​តាម​ការកោះហៅ បានធ្វើ​ឲ្យ​អតីត​ប្រធាន​គណបក្សប្រឆាំង រង​បទ​ចោទ «​បដិសេធ​ក្នុងការ​ចូលខ្លួន​»​។ កាលនោះ តុលាការ បាន​កាត់ទោស​លោក ឲ្យ​ជាប់ពន្ធនាគារ​៥​ខែ​៕  
 
 

Tag:
 កឹម សុខា​
  ភ្ជុំបិណ្ឌ​
© រក្សាសិទ្ធិដោយ thmeythmey.com