ដោយបារម្ភពីស្ថានភាពឥណទានសម្រាប់ទិញអចលនទ្រព្យ នឹងបង្កជាផលអាក្រក់ ធនាគារកណ្ដាលថៃនឹងតម្រូវឲ្យអ្នកទិញលំនៅឋានតម្លៃលើសពី ១០លានបាត ហើយនិងអ្នកទិញលំនៅឋានជាលក្ខណៈផ្ទះទី២ ត្រូវមានប្រាក់បង់ដោយខ្លួនឯងយ៉ាងហោចណាស់ ២០ភាគរយ។ បានសេចក្ដីថា អ្នកទិញលំនៅឋានទាំងនោះ អាចខ្ចីលុយបានយ៉ាងច្រើន ៨០ភាគរយនៃតម្លៃផ្ទះប៉ុណ្ណោះ។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្ដិ៍ នៅថ្ងៃទី៤ខែតុលា។
វិធានការ ដែលនឹងចូលជាធរមាននៅខែមករា ឆ្នាំ២០១៩ខាងមុខនេះ ត្រូវបានបង្កើតឡើងចំពេលដែលបំណុលគ្រួសារ និងឥណទានលំនៅឋាន កំពុងកើនឡើង។
ទោះជាមិនទាន់ចូលជាធរមាន ប៉ុន្តែធនាគារជាតិថៃ បានប្រើប្រាស់វិធានការខាងលើនេះ ធ្វើជាគោលការណ៍ណែនាំដល់អ្នកនៅក្នុងវិស័យនេះ ដែលមិនបង្ខំឲ្យអនុវត្តដាច់ខាតនោះទេ។
លោកស្រី Wajeetip Pongpetch ទេសាភិបាលជំនួយនៃធនាគារកណ្ដាលថៃ លើកឡើងថា៖«វិធានការនេះ មានគោលដៅការពារការទិញកាក់ទុក និងដើម្បីបន្ថយលំហូរឥណទានអចលនទ្រព្យ ដែលមិនផ្អែកលើតម្រូវការលំនៅឋានពិតប្រាកដ»។
លោកស្រី បញ្ជាក់ថា ស្ថិតក្រោមបញ្ញត្តិថ្មីនេះ អ្នកទិញលំនៅឋាន ត្រូវមានប្រាក់បង់ដោយខ្លួនឯង ២០ភាគរយយ៉ាងតិច និងអាចខ្ចីលុយធនាគារយ៉ាងច្រើនបំផុត ៨០ភាគរយ។ លោកស្រីបន្ថែមថា ចំពោះអ្នកទិញលំនៅឋានលក្ខណៈជាផ្ទះទី២ ឬទី៣ ក៏ត្រូវតម្រូវឲ្យមានប្រាក់បង់ខ្លួនឯង ២០ភាគរយផងដែរ។
ធនាគារកណ្ដាលថៃ បារម្ភពីការកើនឡើងនូវភាពងាយរងគ្រោះ ក្នុងវិស័យអចលនទ្រព្យ។ កាសែតបាងកកប៉ុស្ដិ៍ បានសរសេរទៀតថា ការទិញអចលនទ្រព្យសម្រាប់លក់យកចំណេញ (ទិញទុក) បានញ៉ាំងឲ្យតម្លៃលំនៅឋានកើនឡើង។
លោកស្រី Wajeetip Pongpetch ជឿជាក់ថា វិធានការថ្មីនេះ នឹងជួយបន្ថយបំណុលគ្រួសារ ដែលកំពុងមានបរិមាណ ១២,៣ ពាន់ពាន់លានបាតនៅពាក់កណ្ដាលឆ្នាំនេះ ស្មើនឹង ៧៧,៥ភាគរយនៃទំហំទឹកប្រាក់ផលិតផលក្នុងស្រុកសរុបរបស់ថៃ និងស្ថិតក្នុងលំដាប់ខ្ពស់ក្នុងតំបន់អាស៊ី។
យោងតាមធនាគារជាតិថៃ តម្លៃខុនដូបានកើន ៥,៦ភាគរយ ក្នុងឆមាសទី១ឆ្នាំ២០១៨ ខណៈកាលពីឆមាសទី២ឆ្នាំ២០១៧ តម្លៃនេះឡើងតែ ០,៦ភាគរយប៉ុណ្ណោះ។ ឥណទានសម្រាប់ទិញលំនៅឋាន កើន ៦,២ភាគរយ ក្នុងខែមិថុនាឆ្នាំ២០១៧ ខណៈកម្ចីខូចក្នុងវិស័យនេះ មានទំហំដល់ទៅ ៣,៣៩ភាគរយ ដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីវិបត្តិហិរញ្ញវត្ថុឆ្នាំ២០០៩។
ទោះយ៉ាងណា ផ្នែកឯកជនដែលពាក់ព័ន្ធនឹងវិស័យនេះ កំពុងស្នើសុំឲ្យបន្ធូរបន្ធយវិធានការខាងលើនេះខ្លះ និងសុំពន្យារពេលអនុវត្តចាប់ពីពាក់កណ្ដាលឆ្នាំ២០១៩៕