កីឡាអន្តរជាតិ
អន្តរជាតិ
Copa Libertadores វគ្គផ្តាច់ព្រ័ត្រដូរទៅលេងនៅកីឡដ្ឋាន Bernabeu របស់ Real Madrid
× ការប្រកួតវគ្គផ្តាច់ព្រ័ត្រជើងទី ២ នៃពានរង្វាន់ Copa Libertadores រវាងគូប្រជែងស៊ីសាច់ហុតឈាមក្នុងស្រុក River Plate និង Boca Juniors ត្រូវប្តូរទៅលេងនៅកីឡដ្ឋាន Santiago Bernabeu របស់ក្រុមយក្សអេស្ប៉ាញ Real Madrid នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៨ បន្ទាប់ពីមិនអនុញ្ជាតិឲ្យមានការប្រកួតក្នុងប្រទេសអាហ្សង់ទីនព្រោះខ្លាចមានអំពើហិង្សា។
ជំនួបរវាងក្រុមយក្សអាហ្សង់ទីន ឬ Buenos Aires derby ត្រូវបានសហព័ន្ធកីឡាបាល់ទាត់អាមេរិកឡាទីន (Conmebol) លើកពេលប្រកួតកាលពីសប្តាហ៍មុន បន្ទាប់ពីមានអំពើហិង្សាធ្ងន់ធ្ងរកើតឡើង។ ក្រុមកីឡាកររបស់ Boca Juniors បានរងរបួសយ៉ាងដំណំក្នុងការវាយប្រហារទៅលើឡានក្រុងរបស់ពួកគេពីសំណាក់អ្នកគាំទ្ររបស់ River Plate ដោយកប់ដុំថ្ម និងវាយនឹងដំបងជាដើម។
ក្រោយហេតុការណ៍នេះ ប្រធាន Conmebol លោក Alejandro Dominguez បានប្រកាសថា ការប្រកួតវគ្គផ្តាច់ព្រ័ត្រជើងទី២មិនអាចលេងបាននៅប្រទេសអាហ្សង់ទីនទេ ព្រោះអ្នកគាំទ្រ River Plate នឹងបង្កចលាចលបន្តទៀតនៅទឹកដីរបស់ពួកគេ។
ពានរង្វាន់ Copa Libertadores គឺជាការប្រកួតប្រជែងរវាងក្លិបនៅទ្វីបអាមេរិកខាងត្បូងដែលស្មើនឹងការប្រកួតក្នុងក្របខណ្ឌ UEFA Champions League នៅទ្វីបអឺរ៉ុបដែរ។
ក្រុមអ្នកគាំទ្រទាំងពីរនឹងត្រូវបានផ្តល់ឲ្យស្មើៗគ្នាសម្រាប់សំបុត្រចូលទស្សនាការប្រកួតវគ្គផ្តាច់ព្រ័ត្រនៅក្នុងរដ្ឋធានីម៉ាដ្រីឌរបស់អេស្ប៉ាញ។ កីឡដ្ឋាន Bernabeu របស់ក្លិបយក្ស Real Madrid នេះអាចផ្ទុកទស្សនិកជនបានរហូតដល់ ៨១០៤៤នាក់។
សូមបញ្ជាក់ថា ការប្រកួតជើងទី១រវាងក្រុមទាំងពីរបញ្ចប់ទៅក្នុងលទ្ធផល ២-២ ដែលធ្វើឡើងក្នុងកីឡដ្ឋាន Bombonera របស់ Boca កាលពី២សប្តាហ៍មុន៕
Tag:
បាល់ទាត់
Copa Libertadores
River Plate
Boca Juniors
© រក្សាសិទ្ធិដោយ thmeythmey.com