ជាតិ
​​​ន​យោ​បាយ​ជាតិ​
សភា​សិក្សា​ពិនិត្យ​ច្បាប់​ដើម្បី​អនុញ្ញាត​ឲ្យ​បុគ្គល​ជាប់​បម្រាម អាច​ផ្តើម​សកម្មភាព​នយោបាយ​ឡើងវិញ​
03, Dec 2018 , 3:32 pm        
រូបភាព
ដោយ: ថ្មីៗ
​រដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នា​ថ្ងៃទី​៣ ខែធ្នូ នេះ បានចេញ​សេចក្តីថ្លែងការណ៍​ស្តីពី​វិធានការ​នានា​ដើម្បី​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ និង​លំហរ​នយោបាយ​។ សេចក្តីថ្លែងការណ៍​៤​ទំព័រ​នេះ បាន​រៀបរាប់​ពី​កិច្ចប្រឹងប្រែង​របស់​រដ្ឋា​ភិ​បាល​ក្នុងការ​ចាក់គ្រឹះ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា តាម​នយោបាយ​ឈ្នះ​-​ឈ្នះ​របស់​សម្តេច ហ៊ុន សែន​។

 
​ជាមួយនឹង​ការរៀបរាប់ អំពី​ជំហរ និង​វិធាន​ការសំខាន់​៥​ចំណុច ដើម្បី​បង្ហាញ​ដល់​សាធារណៈមតិ​ជាតិ និង​អន្តរជាតិ រដ្ឋាភិបាល បានលើកឡើង​ពី​ដំណើរការ​ដ៏​រលូន​នៃ​ការបោះឆ្នោត​នីតិកាល​ទី​៦ កាលពី​ខែកក្កដា កន្លងមក ដោយ​អ្នក​ចេញទៅ​បោះឆ្នោត ៨៣,០២​ភាគរយ​។​
 
​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ សេចក្តីថ្លែងការណ៍​បាន​លើកឡើងថា រដ្ឋសភាជាតិ​កម្ពុជា​កំពុង​សិក្សា​ពិនិត្យ​បញ្ញត្តិ​ច្បាប់​ផ្សេងៗ ដើម្បី​អនុញ្ញាត​ឲ្យ​បុគ្គល​ដែល​ជាប់​បម្រាម​សកម្មភាព​នយោបាយ អាច​ចាប់ផ្តើម​សកម្មភាព​នយោបាយ​ខ្លួន​ឡើងវិញ​។ 
 
​ក្រៅពី​ការបញ្ជា​ក់ថា ជា​ផ្នែក​មួយ​នៃ​ការលើកកម្ពស់​លទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ​បន្ថែមទៀត រដ្ឋា​ភិ​បាល​អះអាងថា ខ្លួន​បាន​បង្កើត​យន្តការ​ពិគ្រោះ​យោ​បល់​ដែលមាន​ការចូលរួម​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​ដើម្បី​ប្រមូល​ធាតុ​ចូល​ពហុ​វិស័យ ជា​ប្រយោជន៍​ដល់​ការកសាង​ជាតិ​។

សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ តុលាការកំពូល​បានប្រកាសរំលាយគណបក្ស​សង្គ្រោះជាតិ និងហាមថ្នាក់​ដឹកនាំ​១១៨រូបរបស់​គណបក្សនេះ មិនឲ្យ​ធ្វើ​នយោបាយ​​​៥ឆ្នាំ។​ បច្ចុប្បន្ន​នៅ​សល់​១១៧រូប ក្រោយមរណភាពរបស់​លោក ជាម ច័ន្ទនី អតីតអ្នក​តំណាងរាស្ត្រមណ្ឌលកំពង់ធំ។

បន្ថែមពីលើនេះ រដ្ឋាភិបាល​បាន​លើកឡើងពីកិច្ចប្រឹងប្រែងរបស់ខ្លួន​ក្នុងការ​ពង្រឹងភាពជាដៃគូរជាមួយ​អង្គការ​សង្គម​ស៊ីវិល ការ​ដោះស្រាយ​បញ្ហា​ពាក់ព័ន្ធ​នឹងសិទ្ធិការងារ និងសហជីព ការលើក​តម្កើងសេរីភាព​សារព័ត៌មាន និង​សេរីភាពបញ្ចេញមតិ រួម​ទាំងគោលនយោបាយគ្រប់គ្រង​ដីធ្លី ដើម្បី​ធានាសិទ្ធិ និង​ប្រយោជន៍​របស់​ប្រជាជន និង​ការប្រើ​ប្រាស់ដីឲ្យ​បាន​ត្រឹមត្រូវ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com