ជាតិ
នយោបាយជាតិ
សភាសិក្សាពិនិត្យច្បាប់ដើម្បីអនុញ្ញាតឲ្យបុគ្គលជាប់បម្រាម អាចផ្តើមសកម្មភាពនយោបាយឡើងវិញ
× រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នាថ្ងៃទី៣ ខែធ្នូ នេះ បានចេញសេចក្តីថ្លែងការណ៍ស្តីពីវិធានការនានាដើម្បីពង្រឹងលទ្ធិប្រជាធិបតេយ្យ និងលំហរនយោបាយ។ សេចក្តីថ្លែងការណ៍៤ទំព័រនេះ បានរៀបរាប់ពីកិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការចាក់គ្រឹះប្រជាធិបតេយ្យនៅកម្ពុជា តាមនយោបាយឈ្នះ-ឈ្នះរបស់សម្តេច ហ៊ុន សែន។
ជាមួយនឹងការរៀបរាប់ អំពីជំហរ និងវិធានការសំខាន់៥ចំណុច ដើម្បីបង្ហាញដល់សាធារណៈមតិជាតិ និងអន្តរជាតិ រដ្ឋាភិបាល បានលើកឡើងពីដំណើរការដ៏រលូននៃការបោះឆ្នោតនីតិកាលទី៦ កាលពីខែកក្កដា កន្លងមក ដោយអ្នកចេញទៅបោះឆ្នោត ៨៣,០២ភាគរយ។
អ្វីដែលគួរឲ្យកត់សម្គាល់នោះ សេចក្តីថ្លែងការណ៍បានលើកឡើងថា រដ្ឋសភាជាតិកម្ពុជាកំពុងសិក្សាពិនិត្យបញ្ញត្តិច្បាប់ផ្សេងៗ ដើម្បីអនុញ្ញាតឲ្យបុគ្គលដែលជាប់បម្រាមសកម្មភាពនយោបាយ អាចចាប់ផ្តើមសកម្មភាពនយោបាយខ្លួនឡើងវិញ។
ក្រៅពីការបញ្ជាក់ថា ជាផ្នែកមួយនៃការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋបន្ថែមទៀត រដ្ឋាភិបាលអះអាងថា ខ្លួនបានបង្កើតយន្តការពិគ្រោះយោបល់ដែលមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធដើម្បីប្រមូលធាតុចូលពហុវិស័យ ជាប្រយោជន៍ដល់ការកសាងជាតិ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ តុលាការកំពូលបានប្រកាសរំលាយគណបក្សសង្គ្រោះជាតិ និងហាមថ្នាក់ដឹកនាំ១១៨រូបរបស់គណបក្សនេះ មិនឲ្យធ្វើនយោបាយ៥ឆ្នាំ។ បច្ចុប្បន្ននៅសល់១១៧រូប ក្រោយមរណភាពរបស់លោក ជាម ច័ន្ទនី អតីតអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំ។
បន្ថែមពីលើនេះ រដ្ឋាភិបាលបានលើកឡើងពីកិច្ចប្រឹងប្រែងរបស់ខ្លួនក្នុងការពង្រឹងភាពជាដៃគូរជាមួយអង្គការសង្គមស៊ីវិល ការដោះស្រាយបញ្ហាពាក់ព័ន្ធនឹងសិទ្ធិការងារ និងសហជីព ការលើកតម្កើងសេរីភាពសារព័ត៌មាន និងសេរីភាពបញ្ចេញមតិ រួមទាំងគោលនយោបាយគ្រប់គ្រងដីធ្លី ដើម្បីធានាសិទ្ធិ និងប្រយោជន៍របស់ប្រជាជន និងការប្រើប្រាស់ដីឲ្យបានត្រឹមត្រូវ៕
© រក្សាសិទ្ធិដោយ thmeythmey.com