ជាតិ
ព្រំដែន
មេដឹកនាំ​កម្ពុជា​-​ឡាវ ប្តេជ្ញា​បញ្ចប់​បញ្ហា​ព្រំដែន​ឲ្យ​បាន​ឆាប់​
06, Dec 2018 , 10:02 am        
រូបភាព
ជំនួបរវាងនាយករដ្ឋមន្ត្រីកម្ពុជា-ឡាវ នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨។ រូបពីទំព័រហ្វេសប៊ុករបស់សម្តេច ហ៊ុន សែន
ជំនួបរវាងនាយករដ្ឋមន្ត្រីកម្ពុជា-ឡាវ នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨។ រូបពីទំព័រហ្វេសប៊ុករបស់សម្តេច ហ៊ុន សែន
ដោយ: ថ្មីៗ
​ទាំង​រដ្ឋាភិបាល​កម្ពុជា ទាំង​រដ្ឋាភិបាល​ឡាវ សុទ្ធតែ​មិន​ចង់ទុក​បញ្ហា​ព្រំដែន ឲ្យ​បន្ត​អូសបន្លាយ​យូរ​ទៀត​ទេ​។ ក្នុងជំនួប ដែល​ធ្វើឡើង​នៅ​ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០១៨ នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំងពីរ បានបង្ហាញ​ឆន្ទៈ​រួមគ្នា ក្នុងការ​ដោះស្រាយ​បញ្ហា​ព្រំដែន ឲ្យបាន​លឿន តាមតែ​អាចធ្វើ​ទៅបាន​។

 
​ក្រោយ​ពិភាក្សាគ្នា​រួច នាយករដ្ឋមន្ត្រី​ទាំងពីរ បានធ្វើ​សន្និសីទ​មួយ ដើម្បី​បំភ្លឺ​ពី​រឿងនេះ​។ មេដឹកនាំ​ទាំងពីរ បាន​អះអាង​ក្នុង​សន្និសីទ​ថា កម្ពុជា​-​ឡាវ បានដាក់​លក្ខខណ្ឌ​បីយ៉ាង​លើ​តំបន់​ព្រំដែន ដែល​មិនទាន់​ដោះស្រាយ គឺ​ទីមួយ មិន​ឲ្យ​មាន​កងកម្លាំងប្រដាប់អាវុធ ទី​ពីរ មិន​ឲ្យ​ប្រជាជន​ទៅ​រស់នៅ​និង​ធ្វើ​អាជីវកម្ម ហើយ​ទី​បី បើ​ដាក់​ល្បាត​ត្រួតពិនិត្យ ត្រូវដាក់​ទាំងអស់គ្នា​។​
 
​និយាយ​ដល់​តំបន់​ដែល​មិនទាន់​ដោះស្រាយ មេដឹកនាំកម្ពុជា-ឡាវ ក៏បាន​លើកឡើងពី​ដំណោះស្រាយ​ភ្លាម​។ កម្ពុជា​-​ឡាវ បាន​ព្រមព្រៀងគ្នា​រួចហើយ ថា​នឹងធ្វើ​លិខិត​ទៅកាន់​លោក អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង ប្រធានាធិបតី​បារាំង ដើម្បី​សុំ​ឲ្យ​ជួយ​ផ្ទេរ​ផែនទី​បោ​ន​ខ្នាត​១/១០០០០០ មក​ផែនទី​អ៊ុយ​ធី​អិ​ម (UTM) ខ្នាត​១/៥០០០០​។ លើសពីនេះ ភាគី​ទាំងពីរ ក៏បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​បារាំង ជួយផ្តល់​ឯកសារ ដែល​ទាក់ទង​នឹង​ព្រំដែន​ផងដែរ ដើម្បី​យកមក​ដោះស្រាយ ក្នុង​តំបន់​ដែល​នៅ​សេសសល់​។ 
 
​មេដឹកនាំ​កម្ពុជា បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​យើង អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​បារាំង​ជួយ​ផ្ត​ត់​ផ្គង់​ឯកសារ​ទាំងឡាយណា ដែល​ផ្តល់​ប្រយោជន៍​ក្នុងការ​ដោះស្រាយ​បញ្ហា​ព្រំដែន​នៃ​ប្រទេស​ពីរ​។ ខ្ញុំ​និង​ឯកឧត្តម ថង​លូន ស៊ី​សូលី​ត បាន​ឯកភាពគ្នា​ថា យើង គួរតែ​បញ្ចប់​បញ្ហា​ព្រំដែន​ក្នុងដំណាក់កាល​របស់​យើង​នេះ​ឲ្យ​បាន​ឆាប់​»​។ 
 
​តាមរយៈ​អ្នកបកប្រែ លោក ថង​លូន ស៊ី​សូលី​តនាយករដ្ឋមន្ត្រី​ឡាវ បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖«​យើង ​បាន​ឯកភាពនិងសហការគ្នា​យ៉ាង​ជិតស្និទ្ធ ដើម្បី​ដោះស្រាយ​បញ្ហា​ព្រំដែន​»​។ 
 
​សូមបញ្ជាក់ថា គណៈប្រតិភូ​កម្ពុជា បាន​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ឡាវ ពីថ្ងៃ​ទី​៥​ដល់​ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០១៨​។ បន្ទាប់មក គណៈប្រតិភូ​កម្ពុជា នឹង​បន្តទៅ​បំពេញ​ទស្សនកិច្ច​នៅ​វៀតណាម​ ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែធ្នូ៕   

អត្ថបទទាក់ទង
 

Tag:
 កម្ពុជា​-​ឡាវ​
  ព្រំដែន​
© រក្សាសិទ្ធិដោយ thmeythmey.com