លោក ហ៊ុន ម៉ានី ត្រូវបានអញ្ជើញឲ្យធ្វើបាឋកថានៅសាលាភូមិន្ទរដ្ឋបាលនាព្រឹកថ្ងៃទី១២ខែធ្នូឆ្នាំ២០១៨ លើប្រធានបទ«ការចូលរួមរបស់យុវជនក្នុងការអភិវឌ្ឍសង្គម»។ លើសពីការចែករំលែកពិសោធន៍ទាក់ទងនឹងការងារសង្គម លោក ហ៊ុន ម៉ានី បានបង្ហាញគោលគំនិតមួយឈ្មោះថា 3C ដែលលោកចង់ឃើញនៅក្នុងប្រទេសកម្ពុជា។
3C គឺពាក្យកាត់ជាភាសាអង់គ្លេស ដែលជាឈ្មោះនៃគោលគំនិតមួយរបស់លោក ហ៊ុន ម៉ានី ហើយដែលចង់ឃើញគោលគំនិតនេះត្រូវបានអនុវត្តឲ្យបានច្រើន។ 3C (Cambodianess, Competency and Compassionate) មានន័យជាភាសាខ្មែរ គឺអនាគតរបស់កម្ពុជាដែលមានស្មារតីខ្មែរតែមួយ ប្រជាជនមានសមត្ថភាព និងប្រជាជនដែលពោរពេញដោយធម៌។
ពីលើឆាកនៃបន្ទប់សន្និសីទរបស់សាលាភូមិន្ទរដ្ឋបាល និងដោយឈរនៅចំពោះមុខអ្នកចូលរួមដែលជាសិក្ខាកាមថ្នាក់មន្ត្រីជាន់ខ្ពស់ជាង២០០នាក់ លោក ហ៊ុន ម៉ានី ទទួលស្គាល់ថា ពាក្យគន្លឹះទាំងបីនេះ មិនមែនជាពាក្យថ្មីឡើយ ប៉ុន្តែសម្រាប់លោក ការកសាងអនាគតកម្ពុជា គេមិនត្រូវភ្លេចគិតដល់ពាក្យទាំងបីនេះសឡើយ។
លោក ហ៊ុន ម៉ានី ដែលសព្វថ្ងៃជាប្រធានគណៈកម្មការទី៧នៃរដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានពន្យល់បន្ថែមថា ពាក្យ 3C បានកើតចេញពីការសិក្សាស្វែងយល់ដើម្បីបង្កើតឲ្យជាប្រទីបមួយសម្រាប់ការអនុវត្តការងាររបស់លោក និងក្រុមការងាររបស់លោក។ សម្រាប់លោក ហ៊ុន ម៉ានី បើទោះជាពលរដ្ឋមានទស្សនៈផ្សេងគ្នាយ៉ាងណាក៏ ប៉ុន្តែការអនុវត្ត3C នឹងនាំពួកគេដល់ការឯកភាពជាតិក្នុងចំណែកតូចណាមួយដែរ។
«អនាគតកម្ពុជា មិនមែនជាបញ្ហារបស់រដ្ឋាភិបាលតែឯងទេ។ តើសង្គមស៊ីវិលដើរតួអ្វី? វិស័យឯកជនដើរតួអ្វី? លើសពីនេះទៀត តើប្រជាពលរដ្ឋត្រូវដើរតួអ្វី ដើម្បីកសាងប្រទេសទៅថ្ងៃអនាគត? 3C មានស្នូលជា អនាគតកម្ពុជា។ ចំពោះអនាគតកម្ពុជា យើងមិនចង់បានត្រឹមតែភាពរុងរឿង និងធនធានមនុស្សដែលពោរពេញដោយជំនាញនោះទេ តែយើងចង់បានឲ្យមានភាពយូរអង្វែង»។ នេះជាការអធិប្បាយរបស់លោក ហ៊ុន ម៉ានី មុននឹងលោកពន្យល់បកស្រាយពាក្យ3C ម្តងមួយៗជាភាសាខ្មែរ។
សម្រាប់លោក ម៉ានី ពាក្យ «ប្រជាជនខ្មែរតែមួយ» (Cambodianess) សំដៅដល់ការស្គាល់អត្តសញ្ញាណជាតិច្បាស់លាស់ និងមោទនភាពរបស់ប្រជាពលរដ្ឋដែលកើតចេញពីការសិក្សាប្រវត្តិសាស្ត្រដែលបង្ហាញពីការធ្លាក់ចុះផង និងការប្រឹងប្រែងងើបឈរផង ហើយចុងក្រោយគឺការសម្រេចបានជាសង្គមជាតិតែមួយ។ ចំណែកឯពាក្យ «ប្រជាជនមានសមត្ថភាព» (competency) លោក ហ៊ុន ម៉ានី សំដៅទៅការអនុវត្តការងារជាក់ស្តែងរបស់ពលរដ្ឋជាជាងទ្រឹស្ត្រី។ លោក ម៉ានី បានមានប្រសាសន៍ថា៖«ការកសាងប្រទេសមកដល់បច្ចុប្បន្ននេះ មិនមែនសាមញ្ញទេ។ យើងត្រូវចោទសួរខ្លួនឯង ក្នុងនាមជាអ្នកដឹកនាំវ័យក្មេងរបស់កម្ពុជាថា តើកសាងប្រទេសទៅថ្ងៃអនាគត យើងត្រូវធ្វើអ្វីខ្លះ? ជាសំណួរដែលយើងត្រូវស្វែងរកចម្លើយទាំងអស់គ្នា»។
ចុងក្រោយ គឺ «ប្រជាជនដែលពោរពេញដោយធម៌» (Compassionate)។ សម្រាប់លោក ហ៊ុន ម៉ានី អនាគតកម្ពុជាដែលរឹងមាំ ហើយមានភាពយូរអង្វែង បើទោះជាមានភាពរីកចម្រើន និងមនុស្សពូកែច្រើនយ៉ាងណាក៏ដោយ កម្ពុជាត្រូវមានប្រជាជនដែល មានគុណធម៌ ព្រហ្មវិហារធម៌ សាមគ្គីធម៌ និងសណ្តោសប្រណី ជួយយកអាសារគ្នា និងលើកកម្ពស់គុណតម្លៃគ្រួសារ និងសង្គម។
លោក ហ៊ុន ម៉ានី ដែលបានដឹកនាំចលនាយុវជនដ៏ធំ ហើយដែលបានដឹកនាំរៀបចំព្រឹត្តិការណ៍វប្បធម៌ សង្គមជាច្រើនដើម្បីបង្ហាញពីកម្ពុជាទៅលើឆាកអន្តរជាតិ និងបានបំផុសស្មារតីយុវជនឲ្យធ្វើការងារសង្គមជាច្រើន គឺដើម្បីតែពាក្យមួយ គឺមោទនភាពជាតិខ្មែរ។ នៅពេលនេះ លោក ហ៊ុន ម៉ានី មានគោលគំនិតមួយទៀត គឺ 3C សម្រាប់អនាគតកម្ពុជា។ តើលោក ហ៊ុន ម៉ានី ត្រូវធ្វើយ៉ាងណាដើម្បីឲ្យប្រជាពលរដ្ឋ ពិសេសយុវជនយល់ពីគោលគំនិត និងចូលរួមអនុវត្តឲ្យចេញជាលទ្ធផល?