ជាតិ
សេដាក នាំកសិករ, អ្នកជំនួញ និងអ្នកកាសែតសិក្សាពីដំណាំកាហ្វេសរីរាង្គនៅប្រទេសឡាវ
× ខេត្តចម្ប៉ាសាក់ (ឡាវ)៖ ៖ មជ្ឈមណ្ឌលសិក្សា និងអភិវឌ្ឍកសិកម្មកម្ពុជា (អង្គការសេដាក) បានដឹកនាំតំណាងហាងកាហ្វេសរីរាង្គ, សមាគមអ្នកផលិតកសិផលសរីរាង្គ, បុគ្គលិកសេដាក និងអ្នកសារព័ត៌មានចំនួនសរុបចំនួន១២នាក់ មកសិក្សាស្វែងយល់ពីកាហ្វេសរីរាង្គនៅខេត្តចម្ប៉ាសាក់ ប្រទេសឡាវ។ គោលបំណងនៃដំណើរទស្សនកិច្ចរយៈពេល៤ថ្ងៃនេះ លោកស្រី តុង ចាន់ធាង នាយិកាអង្គការសេដាក បានលើកឡើងថា ដំណើរទស្សនកិច្ចនេះ រៀបចំក្នុងគោលបំណងផ្សារភ្ជាប់ទីផ្សារកាហ្វេកម្ពុជា និងឡាវ រួមទាំងការពង្រីកទីផ្សារកាហ្វេ។
ក្នុងដំណើរទស្សនកិច្ចរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៦-២៩ ខែធ្នូ ឆ្នាំ២០១៨នេះ ក្រុមការងារសេដាក, តំណាងសមាគមអ្នកផលិតកសិផលសរីរាង្គ, តំណាងម្ចាស់ហាងកាហ្វេសរីរាង្គ និងអ្នកសារព័ត៌មានអេឡិចត្រូនិកថ្មីៗ (ThmeyThmey.com) និងអង្គភាពព័ត៌មាន Fresh News នឹងទៅសិក្សាស្វែងយល់ពីការដាំដំណាំការហ្វេ និងទស្សនាចម្ការការហ្វេរបស់កសិករឡាវ នៅស្រុកប៉ាកសង ដែលដាំដុះកាហ្វេចំនួន២ប្រភេទ Robusta និង Arabica ជាពិសេសកាហ្វេ Arabica ដែលត្រូវការអាកាសធាតុត្រជាក់ក្នុងរយៈកម្ពស់ខ្ពស់ ទើបអាចទទួលផលបាន។ តាមរយៈដំណើរទស្សនកិច្ច អង្គការសេដាក ក៏នឹងសហការចុះពិនិត្យស្ដង់ដារសរីរាង្គសេដាកនៅក្នុងចម្ការកាហ្វេរបស់កសិករឡាវនៅទីនោះផងដែរ។
© រក្សាសិទ្ធិដោយ thmeythmey.com