លោក សម រង្ស៊ី មេដឹកនាំប្រឆាំងដែលកំពុងនិរទេស បានយកវិបត្តិនយោបាយនៅវេ៉ណេស៊ុយអេឡា មកប្រដូចនឹងស្ថានការណ៍នយោបាយនៅកម្ពុជា ដោយលោកប្រៀបធៀបថា មានលក្ខណៈដូចគ្នាស្ទើរតែបេះបិទ។ ដូច្នេះ លោក ក៏ស្នើឲ្យសហគមន៍អន្តរជាតិ ចាត់ទុកស្ថានការណ៍នៅកម្ពុជា ថាមានលក្ខណៈដូចគ្នាទៅនឹងស្ថានការណ៍នៅវេ៉ណេស៊ុយអេឡា ដូចការគិតរបស់លោកដែរ។
ដូចគ្នា ដែលលោក សម រង្ស៊ី ចង់សំដៅនោះ គឺ ប្រទេសទាំងពីរនេះ បានរៀបចំការបោះឆ្នោតមិនត្រឹមត្រូវ។ តាមរយៈសារដែលបង្ហោះលើទំព័រហ្វេសប៊ុក លោក បានអំពាវនាវឲ្យសហគមន៍អន្តរជាតិ ប្រកាសថា រដ្ឋាភិបាលកម្ពុជា ដែលស្ថិតក្រោមការដឹកនាំរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនមានភាពស្របច្បាប់ ពីព្រោះការបោះឆ្នោតនៅកម្ពុជា ក្នុងអាណត្តិទី៦នេះ ក៏មិនមានភាពស្របច្បាប់ដែរ។
មេដឹកនាំប្រឆាំងរូបនេះ សរសេរទៀតថា រដ្ឋាភិបាលវ៉េណេស៊ុយអេឡា ដែលដឹកនាំដោយប្រធានាធិបតី នីកូឡាស់ ម៉ាឌុយរ៉ូ (Nicolas Maduro) ក៏ត្រូវបានប្រទេសប្រជាធិបតេយ្យក្នុងពិភពលោក ដកភាពស្របច្បាប់ដែរ ពីព្រោះតែរារាំងគណបក្សប្រឆាំង មិនឲ្យចូលរួមក្នុងការបោះឆ្នោត ក្នុងឆ្នាំ២០១៨ ដូចនៅកម្ពុជា។
ក្រោយការបោះឆ្នោតនៅឆ្នាំ២០១៨រួច វ៉េណេស៊ុយអេឡា ក៏ធ្លាក់ក្នុងវិបត្តិនយោបាយដ៏ធ្ងន់ធ្ងរ រហូតអ្នកតាមដានព្រឹត្តិការណ៍ពិភពលោកខ្លះ បារម្ភថា នឹងអាចឈានដល់មានសង្គ្រាមស៊ីវិល។ បច្ចុប្បន្ន ប្រទេសនេះ មានប្រធានាធិបតីដល់ទៅពីរ ដោយលោក ម៉ាឌុយរ៉ូ ប្រកាសឡើងកាន់តំណែងជាប្រធានាធិបតី ក្រោយទទួលជ័យជម្នះក្នុងការបោះឆ្នោត ឯលោក ហ័ន កៃដូ (Juan Guaido) មិនសុខចិត្ត ដោយចោទថា ការបោះឆ្នោតមិនយុត្តិធម៌ ដូច្នេះក៏ប្រកាសខ្លួនលោក ថាជាប្រធានាធិបតីបណ្តោះអាសន្ន និងទាមទារឲ្យមានការបោះឆ្នោតឡើងវិញ។
ស្ថិតក្នុងស្ថានភាពនេះ គេ ឃើញលោក ម៉ាឌុយរ៉ូ ព្យាយាមងាកទៅរកចិន ឯលោក កៃដូ ទទួលបានការគាំទ្រពីសហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុប រួមទាំងបណ្តាប្រទេសមួយចំនួនទៀត។ សហរដ្ឋអាមេរិក ជាអ្នកលូកដៃខ្លាំងជាងគេ ក្នុងជម្លោះនយោបាយនៅវ៉េណេស៊ុយអេឡា រហូតហ៊ានព្រមានថា ខ្លួននឹងចាត់វិធានការយោធា ប្រសិនបើលោក កៃដូ មានបញ្ហាអ្វីមួយ។ លើសពីនេះ ប្រទេសមហាអំណាចមួយនេះ ថែមទាំងទាមទារឲ្យលោក ម៉ាឌុយរ៉ូ ចុះចេញពីតំណែងដោយសន្តិវិធីថែមទៀត។
ចំណែក សហភាពអឺរ៉ុបទើបប្រកាសគាំទ្រឲ្យលោក កៃដូ ធ្វើជាប្រធានាធិបតីបណ្តោះអាសន្ន។ យ៉ាងណាក៏ដោយ លោក ម៉ាឌុយរ៉ូ បានប្រាប់ឲ្យបណ្តាប្រទេសទាំងនោះ ជាពិសេសសហរដ្ឋអាមេរិក កុំឲ្យលូកដៃចូលក្នុងផ្ទៃក្នុងរបស់វេ៉ណេស៊ុយអេឡា។
ជុំវិញវិបត្តិវេ៉ណេស៊ុយអេឡានេះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក៏ប្រតិកម្មដែរ។ នាយករដ្ឋមន្ត្រីកម្ពុជា បានគាំទ្រលោក ម៉ាឌុយរ៉ូ ដែលបានឡើងកាន់តំណែងតាមការបោះឆ្នោត និង រិះគន់លោក កៃដូ ដែលប្រកាសឡើងកាន់តំណែង ទាំងដែលខ្លួនពុំបានជាប់ឆ្នោត។
ក្នុងពិធីជួយសំណេះសំណាលជាមួយកម្មករ-កម្មការិនីកន្លងមក ប្រមុខរដ្ឋាភិបាលកម្ពុជា ហ៊ានសន្និដ្ឋានថា បើស្ថានភាព នៅតែបន្តបែបនេះ វេ៉ណេស៊ុយអេឡា នឹងវាយគ្នា ដោយសារតែលោក ម៉ាឌុយរូ នឹងមិនដកថយឡើយ ចំពោះប្រកាសឡើងកាន់តំណែងជាប្រធានាធិបតីរបស់មេបក្សប្រឆាំង ដែលមានការគាំទ្រពីប្រទេសមហាអំណាច។ ប្រមុខរដ្ឋាភិបាលកម្ពុជា និយាយបែបនេះថា៖«ប្រវត្តិសាស្ត្រពិភពលោក វាមិនដែលមានបែបនេះ។ មេបក្សប្រឆាំង ដែលមិនបានបោះឆ្នោត បែរជាប្រកាសទទួលស្គាល់ជាប្រធានាធិបតីទៅវិញ»។
មេដឹកនាំកម្ពុជា ក៏បានភ្ជាប់វ៉េណេស៊ុយអេឡា មកកម្ពុជា បន្តិចដែរ។ មេដឹកនាំរូបនេះ ព្រមានទុកជាមុនយ៉ាងដូច្នេះថា៖«តិចនៅកម្ពុជា គេទារអ៊ីចឹង សូមអញ្ជើញធ្វើមើល បានតើ ធ្វើទៅ ប្រកាសទទួលស្គាល់នរណាមួយធ្វើជានាយករដ្ឋមន្ត្រីទៅ ជំនួសឲ្យព្រះមហាក្សត្រកម្ពុជាទៅ។ .... ត្រង់ហ្នឹងហើយ ដែលខ្ញុំ ទាមទារឲ្យប្រយ័ត្នប្រយែង សម្រាប់សន្តិភាពកម្ពុជា មិនត្រូវឲ្យបរទេសលូកដៃទេ....»៕