តាមរយៈការពង្រីកកម្មវិធីបណ្តុំព័ត៌មានតាមដានគ្រោះរាំងស្ងួត “The Drought Monitoring InfoHub” ប្រជាពលរដ្ឋនៅក្នុងខេត្តចំនួនពីរមានតាកែវ និងកំពត នឹងមានលទ្ធភាពកាន់តែច្រើនក្នុងការកាត់បន្ថយផលប៉ះពាល់ដែលបង្កឡើងដោយបាតុភូតគ្រោះរាំងស្ងួត និងពង្រឹងសមត្ថភាពធ្វើកសិកម្មដែលធន់នឹងការប្រែប្រួលអាកាសធាតុផងដែរ។
ដោយមានការសហការគ្នារវាងអង្គការមនុស្សធម៌ដាណឺម៉ាក DanChurchAid និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) កម្មវិធីបណ្តុំព័ត៌មានតាមដានគ្រោះរាំងស្ងួតស្ថិតក្រោមគម្រោងពង្រឹងការផ្តល់ព័ត៌មានការអាកាសធាតុនិងប្រព័ន្ធផ្តល់ការព្រមានទុកមុន (early warning system) ត្រូវបានពង្រីកបន្ថែមទៅកាន់ខេត្តចំនួនពីរទៀតនៅកម្ពុជា។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ទីភ្នាក់ងារអភិវឌ្ឍអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជាចេញថ្ងៃ ៣០ ខែមករា ខេត្តចំនួនពីរនោះមានកំពត និងខេត្តតាកែវ ដែលសុទ្ធសឹងជាតំបន់ដែលងាយរងគ្រោះខ្លាំងគ្រោះរាំងស្ងួត។ កម្មវិធីនេះនឹងជួយដល់ការកំណត់ទីកន្លែងងាយរងគ្រោះ អភិវឌ្ឍសមត្ថភាពអាជ្ញាធរក្នុងការតាមដាន និងចាត់វិធានការភ្លាមៗជួយសហគមន៍មូលដ្ឋានត្រៀមខ្លួននៅពេលដែលស្ថានភាពគ្រោះរាំងស្ងួតចាប់ផ្តើមវិវត្តនោះ។
ប្រធានគម្រោងប្រព័ន្ធផ្តល់ការព្រមានទុកមុននៃកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិលោក Muhibuddin Usama បានលើកឡើងថា ការពង្រីកគំនិតផ្តួចផ្តើមនេះនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការជួយប្រជាពលរដ្ឋដែលភាគច្រើនពឹងផ្អែកលើការធ្វើកសិកម្ម ក្នុងស្ថានភាពងាយប្រឈមនឹងគ្រោះមហន្តរាយធម្មជាតិ។
«ដោយសារច្រើនជាងបីភាគបួននៃប្រជាជនពឹងផ្អែកខ្លាំងលើវិស័យកម្ម គ្រោះរាំងស្ងួត និងទឹកជំនន់បណ្តាលឲ្យប្រជាជនចំនួនច្រើនធ្លាក់ក្នុងភាពក្រីក្រ។ ការត្រៀមខ្លួនសម្រាប់គ្រោះមហន្តរាយទាំងនេះ ជារឿងសំខាន់ដែលជួយដល់សហគមន៍ក្នុងការសម្របខ្លួន និងមានភាពរីកចម្រើនផង ក្នុងពេលប្រឈមនឹងការប្រែប្រួលអាកាសធាតុ»។ លោក Muhibuddin បានថ្លែងបែបនេះ។
បើតាមសេចក្តីប្រកាសព័ត៌មានដដែល ការអនុវត្តគម្រោងនេះនឹងផ្តល់ប្រយោជន៍ផ្ទាល់ដល់កសិករចំនួន ២៣០០នាក់ និងមន្ត្រីថ្នាក់ខេត្ត ៣០នាក់នៅខេត្តតាកែវ(ក្នុងនោះមានស្រុកបាទី, សំរោង, និងស្រុកត្រាំកក់) និងខេត្តកំពត (មានស្រុកទឹកឈូរ និងស្រុកបន្ទាយមាស)តាមរយៈការបណ្តុះបណ្តាលពីបច្ចេកទេសកសិកម្មធន់នឹងគ្រោះរាំងស្ងួត និងពង្រឹងសមត្ថភាពតាមដាន និងឆ្លើយតបនឹងគ្រោះរាំងស្ងួតនេះដែរ។ ចំណែកប្រជាពលរដ្ឋ ១,៤៧ លាននាក់ផ្សេងទៀតក៏ទទួលបានប្រយោជន៍ពីប្រព័ន្ធផ្តល់ការព្រមានទុកមុននេះដែរ។
តាមពិតទៅ កម្មវិធីបណ្តុំព័ត៌មានតាមដានគ្រោះរាំងស្ងួតនេះត្រូវបានដាក់អនុវត្តសាកល្បងក្នុងខេត្តកំពង់ស្ពឺកាលពីឆ្នាំ ២០១៧ ដោយអង្គការមនុស្សធម៌ Dan Church Aid មុននឹងមានការពង្រីកការអនុវត្តដូចពេលនេះ។ គំនិតផ្តួចផ្តើមនេះដើមឡើយគឺត្រូវបានរៀបចំឡើងដោយមានការសហការរវាងភាគីពាក់ព័ន្ធពីក្រសួងធនធានទឹកនិងឧត្តុនិយម, ក្រសួងកសិកម្ម និងគណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។
សូមបញ្ជាក់ថា គ្រោះរាំងស្ងួត និង ទឹកជំនន់បន្តកើតឡើងជាញឹកញាប់នៅកម្ពុជាកន្លងមក។ ក្នុងឆ្នាំ ២០១២ គ្រោះរាំងស្ងួតកើតឡើងនៅក្នុងខេត្តចំនួន ១១ ទូទាំងប្រទេសកម្ពុជាដោយបង្កការខូចខាតដល់ស្រូវរាប់ម៉ឺនហិកតា។ ដល់ឆ្នាំ ២០១៥ កម្ពុជាជួបប្រទះនឹងគ្រោះរាំងស្ងួតអាក្រក់បំផុតមិនធ្លាប់មានក្នុងរយៈពេលប្រាំទសវត្សរ៍ចុងក្រោយ បណ្តាលឲ្យប្រជាជន ២,៥លាននាក់រងគ្រោះផង។
ដល់ដើមឆ្នាំ ២០១៩នេះ រាជរដ្ឋាភិបាលកម្ពុជាបានណែនាំប្រជាពលរដ្ឋជាពិសេសប្រជាកសិករឲ្យប្រុងប្រយ័ត្នពីកើតឡើងនៃបាតុភូតអែលនីណូ ដែលបង្កឲ្យសីតុណ្ហភាពក្តៅខ្លាំងស្ថិតក្នុងកម្រិតពី៤០-៤២ អង្សា។ រដ្ឋាភិបាលក៏បានដាស់តឿនដល់ប្រជាពលរដ្ឋឲ្យរក្សាទឹកទុកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ និងសម្រាប់ស្រោចស្រព ដំណាំផ្សេងៗក្រៅពីដំណាំស្រូវផងដែរ៕